រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ១គូ បានទុកកូនស្រីម្នាក់ ឲ្យម្ដាយជួយមើល រួចដឹកដៃគ្នាចាកចេញពីស្រុកកំណើត មកស្នាក់នៅផ្ទះជួល នារាជធានីភ្នំពេញ ដើម្បីរកការងារធ្វើ បន្ទាប់មកប្ដីរកបានការងារជាកម្មកររោងចក្រកាត់ដេរ ហើយធ្វើការវេនថ្ងៃ រីឯប្រពន្ធរកការងារបានជាកម្មការិនីរោងចក្រផលិតអំពូលភ្លើង និងធ្វើការវេនយប់ ។
ដោយឡែក នៅរយៈពេល ១អាទិត្យចុងក្រោយនេះ បុរសជាប្ដីមានការសង្ស័យថា ប្រពន្ធរបស់ខ្លួនផិតក្បត់មានប្រុសថ្មី ក៏លួចតាមដានខណៈនោះ ក៏ទាន់ប្រពន្ធ កំពុងយកប្រុសក្មេងវ័យ១៨ឆ្នាំម្នាក់ ទៅដេកជាមួយដល់ក្នុងបន្ទប់ជួលរបស់ខ្លួន ដូចការសង្ស័យមែន ។
នៅពេល បុរសនោះគោះទ្វារបន្ទប់ហៅប្រពន្ធ យុវជនដែលជាប្រុសសហាយ បានរត់ចូលទៅពួនសម្ងំនៅក្នុងបន្ទប់ទឹក ហើយបុរសជាប្ដី ក៏បានយកសោ ទៅកឹបទ្វារបន្ទប់ទឹកពីខាងក្រៅ រួចខលហៅជីតាបង្កើរបស់ខ្លួនឲ្យមកមើល បង្កការភ្ញាក់ផ្អើលទាំងថ្ងៃតែម្ដង ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ខណៈនោះ បុរសជាប្ដីខាងលើ បានខំទប់កំហឹង មិនមានឲ្យមានអំពើហិ.ង្សាកើតឡើងនោះទេ គាត់បានសម្រចចិត្តលែងលះគ្នា ជាមួយប្រពន្ធ និងវេចបង្វិចដើរចេញពីបន្ទប់ជួលខាងលើ ស្រាប់តែនាងជាប្រពន្ធយំឱបជើងអង្វរឲ្យលើកលែងទោសឲ្យនាងផង! ប៉ុន្តែបុរសជាប្ដីនេះ អត់ព្រមទេ គាត់ថា មិនអាចយកនាងជាប្រពន្ធតទៅទៀតឡើយ ។
បុរសជាប្ដីរូបនោះឈ្មោះ ផល ជំនិត អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិបន្ទាយធ្លាយ ឃុំត្រីខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ ប្រពន្ធឈ្មោះទ្រី បូរី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រផលិតអំពូលភ្លើង មានស្រុកកំណើតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អ្នកទាំង២ស្នាក់នៅបន្ទប់ជួលកើតហេតុ ។
ចំណែកយុវជន ដែលជាប្រុសសហាយឈ្មោះ សិ លា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ផលិតអំពូលភ្លើង មានស្រុកកំណើតនៅភូមិអូតាប៉ោង ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ស្នាក់នៅផ្ទះជួល ម្ដុំសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ផល ជំនិត ដែលជាប្ដី បាននិយាយរៀបរាប់ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា រូបគាត់ និងនាងទ្រី បូរី បានចាប់ដៃគ្នា ជាប្ដីប្រពន្ធ
រស់នៅសាងសុភមង្គលជាមួយគ្នា អស់រយៈពេល៣ឆ្នាំមកហើយ ដោយបង្កើតបានកូនស្រីម្នាក់ អាយុ៣ឆ្នាំហើយដែរ ហើយនិស្ស័យជាប្ដីប្រពន្ធពួកគាត់មិនបានរៀបការតាមប្រពៃណីនោះទេ។ ដោយគ្រាន់តែបានសែនព្រេន នៅផ្ទះខាងស្រី ឲ្យចាស់ទុំទាំងសងខាងដឹងឮ ដើម្បីកុំឲ្យមេបាកាច់ប៉ុណ្ណោះ ហើយមុននឹងសែនព្រេននោះ ប្រពន្ធមានផ្ទៃពោះរួចទៅហើយ និងរស់នៅជាមួយគ្នា ដោយអត់បានចុះអេតាស៊ីវិលឡើយ ។
លោកជំនិត បាននិយាយបន្តទៀតថា ក្រោយមក ពួកគាត់បានទុកកូនឲ្យម្ដាយមើលថែ នៅឯខេត្តតាកែវ (ម្ដាយបង្កើតប្ដី) រួចបានដឹកដៃគ្នា ចាកចេញពីស្រុកកំណើត មករកការងារធ្វើការនៅរាជធានីភ្នំពេញ និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ បន្ទាប់មកគាត់រកបានការងារជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយធ្វើការវេនថ្ងៃ ចំណែកប្រពន្ធរកបានការងារជាកម្មការិនីរោងចក្រផលិតអំពូលភ្លើង និងធ្វើការវេនយប់ជាមួយយុវជន ដែលជាប្រុសសហាយនោះដែរ ។
បុរសជាប្ដីខាងលើ បានប្រាប់ផងដែរថា ពីមុនមកគាត់ ពុំដែលចាប់អារម្មណ៍ ឬនឹកគិតថា ប្រពន្ធផិតក្បត់បែបនេះទេ ទើបតែរយៈពេល១អាទិត្យចុងក្រោយនេះប៉ុណ្ណោះ មានការសង្ស័យ ក៏បានសម្រេចចិត្តតាមដានឲ្យដឹងការពិត ។ លុះដល់ថ្ងៃកើតហេតុ គាត់បានសុំច្បាប់រោងចក្រធ្វើការតែ១ព្រឹកប៉ុណ្ណោះ ទុកពេលកន្លះថ្ងៃ ដើម្បីចេញមកបន្ទប់ជួលតាមដានប្រពន្ធ ហើយពេលមកដល់គាត់បានគោះទ្វារហៅ មួយសន្ទុះទើបប្រពន្ធបើកទ្វារឲ្យ ហើយឃើញតែប្រពន្ធម្នាក់ឯងប៉ុណ្ណោះ ។
គាត់បានបញ្ជាក់ប្រាប់បន្ថែមទៀតថា បន្តិចក្រោយមក ទើបដឹងថា យុវជនដែលជាប្រុសសហាយរបស់ប្រពន្ធ បានរត់ចូលទៅពួនសម្ងំនៅក្នុងបន្ទប់ទឹកក្នុងបន្ទប់នោះដែរ ប៉ុន្តែគាត់បានទប់កំហឹងខ្លាំងណាស់ មិនបានបង្កហិ.ង្សាអ្វីឡើយ។ បន្ទាប់មកបានយកសោ កឹបទ្វារបន្ទប់ទឹកពីខាងក្រៅ មិនឲ្យយុវជននោះចេញក្រៅឡើយ រួចខលហៅជីតាបង្កើត និងសាច់ញាតិរបស់ខ្លួនឲ្យទៅជួយមើលជាក់ស្ដែង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ។
បុរសអភ័ព្វស្នេហ៍រូបនេះ បានប្រាប់ទៀតថា គាត់បានសម្រេចចិត្តឈប់យកប្រពន្ធនេះតទៅទៀតហើយ បន្ទាប់មកគាត់ ក៏បានខលទៅម្ដាយបង្កើតប្រាប់ឲ្យដឹង នូវរឿងរ៉ាវទាំងអស់នេះ ។ ខណៈនោះម្ដាយរបស់គាត់ក៏ប្រាប់ថា មិនឲ្យគាត់យកប្រពន្ធផិតក្បត់បែបនេះទៀតដែរ ពេលនេះគាត់សម្រេចចិត្តថា នឹងទៅស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះជីតាបង្កើតសិន រង់ចាំទៅលែងលះគ្នានៅឯស្រុកកំណើតខាងប្រពន្ធនៅពេលក្រោយ ។
ដោយឡែកស្ត្រីជាប្រពន្ធ បាននិយាយថា នាងនិងយុវជនរូបនោះ គ្រាន់តែនៅក្នុងបន្ទប់ជាមួយគ្នាប៉ុណ្ណោះ មិនបានធ្វើអ្វីនោះទេ ហើយនៅខណៈពេលដែលបុរសជាប្ដីប្រាប់ថា លែងលះគ្នាហើយបានវេចចាកចេញពីបន្ទប់ជួលខាងលើនោះ នាងបានយំស្រែកស្ដាយក្រោយ។ នាងក៏បានយំឱបជើងបុរសជាប្ដី និងសុំអង្វរឲ្យលើកលែងទោសដល់រូបនាងផង ប៉ុន្តែបុរសជាប្ដី មិនព្រមឡើយ រួចចាកចេញពីបន្ទប់ជួលទៅស្នាក់នៅផ្ទះជីតាបាត់ទៅ ។
បុរសនោះ មិនបានប្ដឹងអាជ្ញាធរ ឬសមត្ថកិច្ចឲ្យជួយដឹងឮ និងឃាត់ខ្លួនប្រពន្ធព្រមទាំងយុវជន ដែលជាប្រុសសហាយ នោះទេ គាត់សុខចិត្តបញ្ចប់រឿងតាមរយៈការលែងលះគ្នា នៅពេលក្រោយ ។
ចំណែកយុវជន ដែលជាប្រុសសហាយឯណោះវិញ បាននិយាយថា ខ្លួននិងនាងទ្រី បូរី បានទាក់ទងស្នេហាជាមួយគ្នារយៈពេល៥ខែមកហើយ។ ដោយនាងកុហកខ្លួនថា នាងអត់មានប្ដី អត់មានកូននោះទេ ទើបខ្លួនហ៊ានទាក់ទងជាមួយនាង មិននឹកស្មានថា ទីបំផុតនាងមានប្ដីហើយ មានទាំងកូនថែមទៀតបែបនេះសោះ ៕









ចែករំលែកព័តមាននេះ