អត្រា​អតិផរណា​​​បាន​ធ្លាក់​ចុះ​2​ខែ​ជាប់​ៗ​គ្នា


ទីក្រុង​ប៉េ​កាំ​ង ៖ អត្រា​អតិផរណា​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​២​ខែ​ជាប់​ៗ​គ្នា​មក​ហើយ ដែល​ធ្វើ​ឲ្យ​តម្លៃ​អាហារ​ផ្សេង​ៗ​ធ្លាក់​ចុះ​តាម​ផង​ដែរ ។

អ្នកវិភាគ​និយាយ​ថា អត្រា​អតិផរណា​នឹង​មាន​លំនឹង​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ បើ​ទោះបីជា​តម្លៃ​ប្រេង​អន្តរជាតិ​បាន​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ​ក្តី ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក ការិយាល័យ​ស្ថិតិ​ជាតិ​បាន​និយាយ​ថា អត្រា​អតិផរណា​បាន​កើនឡើង​១,៨%​ក្នុង​ខែមេសា បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​វា​ទាប​ជាង​ខែមីនា ដែល​កើនឡើង​បាន​ដល់​២,១%​ឯណោះ ។

លោក Sheng Guoqing អ្នក​ស្ថិតិ​ក្នុង​ការិយាល័យ​ស្ថិតិ​ជាតិ បាន​និយាយ​ថា ៖« តម្លៃ​អាហារ​បាន​ធ្លាក់​ចុះ​១,៩%​ក្នុង​ខែមេសា បើ​ធៀប​នឹង​ខែមីនា ។ វា​ជា​កត្តា​សំខាន់​ដែល​ជំរុញ​ដល់​ការ​ធ្លាក់​ចុះ​នៃ​អត្រា​អតិផរណា ។ ជាក់ស្តែង តម្លៃ​សាច់​ជ្រូក​បាន​ធ្លាក់​ចុះ​ដល់​ទៅ​១៦,១%​ឯណោះ​នៅ​ក្នុង​ខែមេសា បើ​ធៀប​នឹង​ឆ្នាំ​មុន » ។

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​ថា ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ ។

វិនិយោគិន​នានា​គិត​ថា ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​នេះ នឹង​ផ្តល់​ភាព​ស្មុគស្មាញ​ដល់​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​មជ្ឈិម​បូព៌​៌ា ព្រមទាំង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ផង​ដែរ ។

លោក Sun Fu អ្នកវិភាគ​មក​ពី Zhejiang Securities បាន​និយាយ​ដែរ​ថា ៖« តម្លៃ​សាច់​ជ្រូក​បាន​បន្ត​ធ្លាក់​ចុះ រីឯ​តម្លៃ​ប្រេង​អន្តរជាតិ​មិន​ទាន់​បង្ហាញ​សញ្ញា​ថា នឹង​បន្ត​កើនឡើង​ទេ នៅ​ក្នុង​ត្រីមាស​ទី​២ » ។

ករណី​នេះ អត្រា​អតិផរណា​របស់​ប្រទេស​ចិន នឹង​បន្ត​ស្ថិត​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន ។ គោលដៅ​អត្រា​អតិផរណា​របស់​ចិន​នៅ​ក្នុងឆ្នាំនេះ គឺ​ស្មើនឹង​៣% ៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ