ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​មេដាយ​ការពារ​ជាតិ និង​ប្រគល់​ផ្ទះ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​តាម​ព្រំដែន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​,…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​, លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ប្រធាន ស​.​អ​.​ក ខេត្ត លោក​ឧត្តមសេនីយ៍ នី កន ទីប្រឹក្សា​ក្រសួងការពារជាតិ​, លោក ប៉ោ​ទ្រី ឌឿ​ន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុប្រធាន ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ឯក អ៊​ន ជ្រី​សៅ មណ្ឌល​មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត ជា​សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោកស្នងការ​រង នគរបាល​ខេត្ត​, លោក គឹ​ម តេ​ង ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយមាស ប្រាក់ និង​សំ​រិ​ទ្ធ ក្នុង​កាតព្វកិច្ច​ការពារ​ជាតិ ជូន​ដល់​សមាជិក អតីត​យុទ្ធ​ជន ស្រុក​សំពៅ​លូន ចំនួន​៤៩២​នាក់ ចូលរួម​មាន លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​, លោក​អភិបាលស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី សរុប​ចំនួន ៦៥​នាក់​។

ក្នុង​ពិធី​នេះ​លោក ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត បាន​អាន​សារលិខិត សម្តេច​អគ្គ​មហា​សេ​បតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១១ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា ២១ មិថុនា ឆ្នាំ​២០១៨ ផង​ដែរ​។ បន្ទាប់​មក​លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សំណេះសំណាល និង​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ហើយ​បាន​ប្រាប់​អតីត​យុទ្ធ​ជន​ដែល​ចូល​ទាំងអស់​ត្រូវ​ជឿជាក់ ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សុំ​ឲ្យ​បងប្អូន​យើង​បន្ត​គាំទ្រ​សម្តេច តាម​រយៈ​នៃ​ការ​នាំ​ក្រុម​គ្រួសារ​ទៅ​បោះ​ឆ្នោត​ជូន​សម្តេច​ដើម្បី​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​។ ពិធី​នេះ​អតីត​យុទ្ធ​ជន​ដែល​ចូលរួម​ទាំងអស់​ម្នាក់​ៗ ទទួល​បាន​មេដាយ​ការពារ​ជាតិ​១​គ្រឿង ថវិកា ៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។

បន្ត​មក​វេលា​ម៉ោង​១៥ និង​២០​នាទី លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ប្រធានកិត្តិយស សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​ដឹកនាំ​ប្រតិភូ​បាន​ចុះ​ក្នុង​ពិធី​ប្រគល់​ផ្ទះ​១​ខ្នង ទំហំ​(០៤​ម៉ែត្រ x ០៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ​(២.៥​ម៉ែត្រ × ៣​ម៉ែត្រ​) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​០១​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ផ្តល់​ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង​ម្នាក់ ដែល​ទីទ័ល​ក្រ និង​គ្មាន​ទីជម្រក​រស់នៅ​សមរម្យ ឈ្មោះ ឡុ​ង អឿ​ន អត្តលេខ HB83000013 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ស្ថិត​នៅ​ភូមិ​កូនភ្នំ​ខាងត្បូង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​។ ក្នុង​នេះ​ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ​រួម​មាន ថវិកា ៦០០,០០០​រៀល​, គ្រែ​០១, អង្ករ​ចំនួន ១០០​គីឡូក្រាម​, ទឹកត្រី​០១​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ត្រីខ​០១​យួរ​, ឆ្នាំង ចាន មុង​០១,​ផួយ​០១ និង​កន្ទេល ០១ និង​អតីត​យុទ្ធ​ជន​ដែល​មក​ចូលរួម​ចំនួន​២០​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៥០,០០០​រៀល ក្នុង​នោះ​ជន​ពិការ​ម្នាក់​ទទួល​បាន​ថវិកា​១៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គ​មហា​សេ​បតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។

លោក​ប្រធានកិត្តិយស សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត បាន​សំណេះសំណាល សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង​ផ្តាំផ្ញើ​ដល់​អតីត​យុទ្ធ​ជន​ទាំងអស់​ថា សម្តេច តេ​ជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ដល់​អតីត​យុទ្ធ​ជន​ជា​និច្ច​មិន​បោះបង់​ចោល​ឡើយ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ លោក ច័ន្ទ សុផល ទីប្រឹក្សា​រាជរដ្ឋាភិបាល​, លោក សុខ គង់ ទីប្រឹក្សា​រាជរដ្ឋាភិបាល ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំ​រៀង​, លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ប្រធាន ស​.​អ​.​ក ខេត្ត​, ឯកឧត្តម កែវ ហន ក្រុមការងារ​ចលនា​មន្ត្រីរាជការ​ចូល​និវត្ត និង​អតីត​យុទ្ធ​ជន​, លោក​អភិបាលរង​ខេត្ត​, ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត​, លោកស្នងការ​រង នគរបាល​ខេត្ត​, លោក​មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយ​ការពារ​ជាតិ ជូន​ដល់​សមាជិក អតីត​យុទ្ធ​ជន ស្រុក​កំ​រៀង ចំនួន​៤៥១​នាក់ អញ្ជើញ​ចូលរួម​មាន​៖ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​, លោក​អភិបាលស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី សរុប​ចំនួន​៧១​នាក់ នៅ​វិមាន​មង្គល​សុវណ្ណ ស្ថិត​នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។

  ពិធី​សំណេះសំណាល និង​បំពាក់​មេដាយមាស ប្រាក់ និង​សំ​រិ​ទ្ធ​ជូន​ដល់​សមាជិក​អតីត​យុទ្ធ​ជន​ស្រុក​កំ​រៀង​ចំនួន​៤៥១​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​មេដាយ​ការពារ​ជាតិ​១​គ្រឿង ថវិកា ៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គ​មហា​សេ​បតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។ លោក ច័ន្ទ សុផល គណៈអធិបតី បាន​សំណេះសំណាល ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង ប្រាប់​អតីត​យុទ្ធ​ជន​ដែល​ចូល​ទាំងអស់​ត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ជា​ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សុំ​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​បន្ត​គាំទ្រ​សម្តេច​តេ​ជោ តាម​រយៈ​នៃ​ការ​នាំ​ក្រុម​គ្រួសារ​ទៅ​បោះ​ឆ្នោត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​។ បន្ទាប់​មក​ឯកឧត្តម បាន​ផ្តល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ទី​ទ័លក្រ​ចំនួន ២​ខ្នង​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ