«China Xinhua News» របស់ចិនបានបង្ហាញភូមិ«ហុងយ៉ាដុង »(Hongyadong) ជាភូមិមួយក្នុងចំណោមទីតាំងដ៏ល្បីឈ្មោះរបស់ក្រុងឆុងជឹងនៅភាគខាងលិចឆៀងខាងជើង ប្រទេសចិន បានក្លាយជាប្រភពទេសចរណ៍ដ៏ពេញនិយមស្ថិតនៅលំដាប់ទី២ បន្ទាប់ពីព្រះបរមរាជវាំង នៅក្រុងប៉េកាំងក្នុងអំឡុងពេលឈប់សម្រាករយៈកាលពីថ្ងៃទី១ ឧសភា ២០១៨ ។
«ហុងយ៉ាដុង» ជាប្រជុំផ្ទះឈើបុរាណស្ថិតនៅលើក្រឡាផ្ទៃ៤៦.០០០ម៉ែត្រការ៉េនៅត្រង់ចំណុចបំបែករបស់ទន្លេ«យ៉ាងសេកៀង» (yangtze kiang) និងទន្លេ«ជៀលីង» (Jialing) មានភាពលេចធ្លោជាស្ថាបត្យកម្មប្រវត្ថិសាស្ត្រដ៏យូរលង់ជាង២.៣០០ឆ្នាំទាក់ទាញភ្ញៀវទេសចរ និងជាងថតយ៉ាងច្រើន ជាពិសេសនៅពេលយប់មានលំអដោយពន្លឺភ្លើងនៅលើអគារ ។

របាយការណ៍បញ្ជាក់ថានៅក្នុងអំឡុងពេលឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិកន្លងមក អាជ្ញាធរក្រុងឆុងជឹងចេញបញ្ជាដល់ប៉ូលិស និងកងសន្តិសុខជាង១.១០០នាក់ដើរល្បាតពីរបៀបរៀបរយ រួមទាំងធ្វើចរាចរណ៍នៅលើដងផ្លូវនានានៅជុំវិញ«ហុងយ៉ាដុង»៕

ចែករំលែកព័តមាននេះ