ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំទុកពេលឱ្យអ៊ីរ៉ង់២អាទិត្យត្រូវតែប្រកាសចុះចាញ់ដោយឥតលក្ខខណ្ឌ និងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ បើមិនដូច្នេះទេអាមេរិកអាចនឹងចូលរួមវាយប្រហារអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលជាមិនខាន។ លោកចង់យកពេល២អាទិត្យនេះដើម្បីតាមដានសភាពការណ៍វិវត្តថ្មីៗនៅក្នុងសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល និងពិចារណាថាតើគួរចូលរួមឬយ៉ាងណា។
ត្រាំថ្លែងថាលោកទុកពេលឱ្យអ៊ីរ៉ង់២អាទិត្យជារយៈពេលយ៉ាងយូរបំផុតហើយ។ មានន័យថាការវាយប្រហាររបស់អាមេរិកអាចនឹងចាប់ផ្ដើមមុននេះក៏អាចថាបាន។ ហេតុនេះ ទោះបីពួកអឺរ៉ុបខិតខំសម្រុះសម្រួលនៅក្នុងបញ្ហានេះយ៉ាងណាក្ដីក៏ប្រហែលជាគ្មានប្រសិទ្ធភាពនោះដែរ។ ត្រាំទទួលស្គាល់ថាការអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារប្រហែលជាមិនអាចទៅរួចទេ។ គាត់ថាអ៊ីរ៉ង់មិនចង់និយាយជាមួយអឺរ៉ុបទេ ពួកគេចង់និយាយជាមួយអាមេរិក។ ដូច្នេះ អឺរ៉ុបមិនអាចជួយអ្វីបានឡើយនៅក្នុងបញ្ហានេះ។
លោកត្រាំថ្លែងថានាយកស៊ើបការណ៍សម្ងាត់ លោកស្រីធុលស៊ី ហ្កាបាត (Tulsi Gabbard) យល់ខុសដែលថាអ៊ីរ៉ង់គ្មានផែនការផលិតអាវុធនុយក្លេអ៊ែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលថ្លែងថាយោធារបស់ខ្លួនបើកប្រតិបត្តិការសឹកនៅទីក្រុងខូម (Qom) និងសម្លាប់មេបញ្ជាការជើងចាស់ម្នាក់របស់ឆ្មាំបដិវត្តអ៊ីរ៉ង់។ អ៊ីស្រាអែលថាការវាយប្រហាររបស់ខ្លួនថ្មីៗនេះអាចពន្យារពេលអ៊ីរ៉ង់ពីរបីឆ្នាំក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
លោកត្រាំកំពុងពិចារណាថាតើគួរចូលរួមវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬយ៉ាងណា (ព្រោះកន្លែងខ្លះអ៊ីស្រាអែលគ្មានសមត្ថភាពវាយប្រហារទេ ឧទាហរណ៍ ទីតាំងស្រាវជ្រាវនុយក្លេអ៊ែរក្រោមដីដែលស្ថិតនៅជម្រៅរាប់គីឡូម៉ែត្រទៅក្រោម)។ ទន្ទឹមនឹងនោះ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅប្រទេសស្វីសដើម្បីរកផ្លូវដោះស្រាយនៅនាទីចុងក្រោយ។
ពួកគេជំរុញឱ្យលោកត្រាំចាប់ផ្ដើមចរចាគ្នាឡើងវិញ។ ប៉ុន្តែត្រាំធ្លាប់និយាយតាំងពីមុននេះថាបើអ៊ីរ៉ង់មានចិត្តចង់ចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងប្រហែលជាចរចាត្រូវគ្នាតាំងពីយូរណាស់មកហើយ។ ដូច្នេះគាត់គ្មានអារម្មណ៍ចង់ចរចាគ្នាតទៅទៀតទេ។ ២អាទិត្យដែលគាត់ទុកពេលឱ្យនោះគឺឱ្យអ៊ីរ៉ង់ទម្លាក់អាវុធចុះចាញ់ ហើយរំលាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនចោល។
រដ្ឋមន្ត្រីការបរទេសបារាំងយល់ថាការចរចាគ្នាគួរធ្វើឡើងទាំងនៅពេលកំពុងវាយប្រហារគ្នា។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថារដ្ឋាភិបាលរបស់លោកមិនអាចទទួលយកសេណារីយោវាយគ្នាផង ចរចាគ្នាផងទេ។ ដូច្នេះ សេណារីយោមានបីសំខាន់ៗ។ ទី១ ទម្លាក់អាវុធចុះចាញ់តាមសំណើរបស់ត្រាំ ទី២ វាយគ្នាផង និងចរចាគ្នាផងតាមសំណើអឺរ៉ុប និងទី៣ ផ្អាកវាយគ្នាសិនទើបចាប់ផ្ដើមចរចាគ្នាតាមសំណើរបស់អ៊ីរ៉ង់៕
ចែករំលែកព័តមាននេះ