ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ក្រុមហ៊ុនកែ​ច្នៃ​ស្បែក​គោនៅ​ស្រុក​ភ្នំស្រួច​បញ្ចេញ​សំណល់​រាវប៉ះពាល់​ដល់​បរិស្ថាន

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុមការងារ​របស់​ក្រសួងបរិស្ថាន​បាន​រក​ឃើញ​ក្រុមហ៊ុន យីហោ Musk (Cambodia) Import Export Co., Ltd…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុមការងារ​របស់​ក្រសួងបរិស្ថាន​បាន​រក​ឃើញ​ក្រុមហ៊ុន យីហោ Musk (Cambodia) Import Export Co., Ltd ប្រភេទ​កែ​ច្នៃ​ស្បែក​គោ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បំពុលបរិស្ថាន និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ បង្ក​ឡើង​ដោយ​ការ​បញ្ចេញ​សំណល់​រាវ និង​ការ​គ្រប់គ្រង​បរិស្ថាន មិន​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​និង​ច្បាប់​របស់​កម្ពុជា​។

បើ​យោង​តាម​ការ​ចុះ​ពិនិត្យ​ផ្ទាល់​របស់​ក្រុមការងារ​ក្រសួងបរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ ស្ថានភាព​ជុំវិញ​ក្រុមហ៊ុន ក្រុមការងារ​បាន​រក​ឃើញ​មាន​ស្លាកស្នាម​ទឹក​ហូរ​ចេញពី​ទីតាំង​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​បាន​បូម​សំណល់​រាវ​ស្រោច​លើ​ដី​វាលទំនាប​ពាស​វាល ពាស​កាល​។ លើស​ពី​នេះ ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​មាន​សំណល់​រាវ (​សំណល់​រាវ​ចាស់​) ដក់​នៅ​ខាងក្រោយ​ស្រះ​ស្ដុក សំណល់​រាវ​របស់​ក្រុមហ៊ុន មាន​ក្លិនស្អុយ និង​មាន​ជាតិ​ប្រេង​ខ្លាញ់​អណ្ដែត​ជា​ច្រើន​និង​ធ្វើ​ឱ្យ​ដើមឈើ​មួយ​ចំនួន​ងាប់​។

ក្រុមការងារ​បាន​យក​សំណាក​សំណល់​រាវ ចេញពី​ទីតាំង​នោះ​បាន​ធ្វើតេស្ត COD=137.4mg/L (​ស្តង់ដារ 60mg/L) ក្រុមការងារ​បាន​បន្ដ​ពិនិត្យ​ឃើញ​មាន​បំពង់​ទុយោ​ចំនួន​ពីរ ដែល​ក្រុមហ៊ុន​ប្រើប្រាស់​សម្រាប់​បង្ហូរ​សំណល់​រាវ​ចេញពី​ទីតាំង​ក្រុមហ៊ុន បង្ហូរ​ចូល​ដីស្រែ​ជាប់​នឹង​ក្រុមហ៊ុន និង​ឃើញ​មានទឹក​ដក់​ពណ៌​ខ្មៅ និង​មាន​ក្លិនស្អុយ ដោយ​បាន​យក​សំណាក​ទឹក​ចំនួន ១​សំណាក​ធ្វើតេស្ដ និង​រក​ឃើញ​COD​លើស​កម្រិត​ម៉ាស៊ីន​តេស្ដ​បឋម >10000mg/L​។ ក្នុង​ពេល​ជាមួយ​គ្នា ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រៃ​រមៀត ដែល​ស្ថិត​នៅ​ខាង​ខ្សែទឹក​ខាងលើ​ទីតាំង​ក្រុមហ៊ុន ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ទីតាំង​ក្រុមហ៊ុន ឃើញ​ថា​ទឹក​មាន​សភាព​ធម្មតា ពុំ​មាន​ក្លិនស្អុយ​នោះ​ទេ​។

ក្រុមការងារ​បាន​ធ្វើតេស្ដ​គុណភាព​ទឹកស្ទឹង​ព្រៃ​រមៀត​បឋម បាន​រក​ឃើញ​កំហាប់​សារធាតុ COD=52.52mg/L (​អនុ​ឡោម​តាម​ស្តង់ដារ​)​។ ដោយឡែក​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន ក្រុមការងារ​បាន​រក​ឃើញ​ថា​ក្រុមហ៊ុន​ពុំ​មាន​អាង​ប្រព្រឹត្តិកម្ម​សម្រាប់​សម្អាត​សំណល់​រាវ​នោះ​ទេ ដោយ​ក្រុមហ៊ុន​បាន​បង្ហូរ​សំណល់​រាវ​ចូល​ស្រះ​ស្ដុក​ចំនួន​៣ ដែល​ជា​ប្រភេទ​ស្រះ​ដី​ធម្មតា រួច​បូម​បង្ហូរ​បង្ហៀរ​ដី​ទំនាប​ពាស​វាល​ពាស​កាល (​មាន​ស្លាកស្នាម​ទឹក​ហូរ​)​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ធ្លាប់​មាន​កិច្ចសន្យា​ពី​មន្ទីរ​បរិស្ថាន (​ឆ្នាំ​២០២២) ប៉ុន្ដែ​ពុំ​មាន​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់​ពាក់ព័ន្ធ​នោះ​ទេ​។ សំរាម​និង​សំណល់​របស់​ក្រុមហ៊ុន ត្រូវ​បាន​ចាក់ចោល​ពាល​វាល​ពាស​កាល​ពុំ​មាន​រោង​ទុកដាក់​ត្រឹមត្រូវ​នោះ​ទេ និង​មានការ​ដុត​នៅ​ទី​ចំហរ​ទៀត​ផង​។

សូម​បញ្ជាក់​ថា ក្រុមការងារ​ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​វិធានការ​ចំពោះ ក្រុមហ៊ុន​ឱ្យ​អនុវត្ត​វិធានការ​ច្បាប់ ដូច​ខាងក្រោម​៖
•​ត្រូវ​បញ្ឈប់​ការ​បង្ហូរ​សំណល់​រាវ ដោយ​ផ្ទាល់​ចូល​ទៅ​ដី​វាល និង​ប្រភព​ទឹក​សាធារណៈ​ជា​បន្ទាន់
•​ត្រូវ​ទទួល​រង​ពិន័យ​អន្ដរការណ៍ យោង​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ មាត្រា​៨២៩ មាត្រា​១៥៦ មាត្រា​១៦០ មាត្រា​២៨៧ និង​អនុក្រឹត្យ​លេខ​២៧ ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក
•​ត្រូវ​ផ្ដល់​សំណង​ខូចខាត និង​ផល​ប៉ះពាល់​បរិស្ថាន​អនុលោម​តាម ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ

•​ត្រូវ​សាងសង់​អាង​ប្រព្រឹត្តិកម្ម សម្អាត​សំណល់​រាវ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​ក្រសួងបរិស្ថាន និង​ត្រូវ​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ ការ​បញ្ចេញ​សំណល់​រាវ
•​នៅ​ក្នុង​ដំណាក់កាល​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ ក្រុមហ៊ុន​ត្រូវ​ស្ដុក​សំណល់​រាវ​នៅ​ក្នុង​ស្រះ​ស្ដុក​និង​ត្រូវ​ត្រូវ​ធ្វើការ​បង្ហាប់​ទំនប់​ព័ទ្ធ​ជុំវិញ​ស្រះ​ស្ដុក​ទាំងអស់​ឱ្យ​រឹង​មាំ​ចៀសវាង​ការ​លេច​ធ្លាយ​សំណល់​រាវ​ចូល​ទី​សាធារណៈ


•​ត្រូវ​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ស្នើ​សុំ​លិខិត​បទដ្ឋាន ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន ផ្សេង​ទៀត
•​ត្រូវ​ធ្វើការ​ស្ដារ​ទឹក​សំណល់ ដែល​ដក់​ជុំវិញ​នោះ​មក​ដាក់​ក្នុង​ស្រះ​ស្ដុក ដើម្បី​សម្អាត​ឡើ​ទ្បើ​ង​វិញ
•​ត្រូវ​រៀបចំ​កន្លែង​ស្ដុក​សំរាម សំណល់​រឹង ឱ្យ​បាន​ត្រឹមត្រូវ​និង​ត្រូវ​សហការ​ជាមួយ ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួងបរិស្ថាន ក្នុង​ការ​ដឹក​សំរាម សំណល់​រឹង​ចេញពី​ទីតាំង​ក្រុមហ៊ុន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ