ខេត្តកណ្តាល ៖ ការពិត ករណីកាប់បុរសម្នាក់ដាច់ដៃម្ខាងនៅក្រុងតាខ្មៅ ជនដៃដល់២ម៉ូតូបានជិះម៉ូតូដើររកកាប់ជនរងគ្រោះម្តងហើយ តែរកមិនឃើញ ស្អែកឡើងឃើញកំពុងឈរលេង ក៏កាប់ដាច់ដៃតែម្តង ។ ករណីហិង្សាដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវក្រវ៉ាតក្រុងទី៣ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចក្រុងតាមខ្មៅបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ សាន វរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល របួសដាច់ប្រអប់ដៃខាងស្តាំ ។ ចំណែកជនសង្ស័យមានគ្នា០២នាក់ មិនស្គាល់អត្តសញ្ញាណគេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានប្រាប់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាក និងមានកាំបិតជាប់ខ្លួនជិះម៉ូតូដើររកជនរងគ្រោះ ពីសិត្បូមកដល់តាខ្មៅ តែរកមិនឃើញ។ លុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ជនសង្ស័យបានជិះម៉ូតូឃើញ ជនរងគ្រោះឈរលេងនៅលើផ្លូវក្រវ៉ាតក្រុងទី៣ បានឈប់ម៉ូតូរួចកាប់ជនរងគ្រោះបណ្តាលឪ្យដាច់ប្រអប់ដៃខាងស្តាំ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅមន្ទីពេទ្យ កម្លាំងជំនាញនគរបាលក្រុងតាខ្មៅ កំពុងស្រាវជ្រាវស្វែងរកសង្ស័យអនុវត្តតាមនិតីវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ