រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ បានលើកឡើងថា ល្បែងគំរាម ដែលនាំដល់ការខាតបង់ខ្លួនឯង! ។ ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃ ថា ឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ” ។
សម្តេចតេជោ បានលើកឡើងទៀតថា សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាព ដែលពួកអ្នកគំរាមរួចហើយ អ៊ីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានបន្ថែមថា បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះ ពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរ ចាកចេញរោងចក្រកសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ ? ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ “ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា” ។
សម្តេចតេជោ បានអះអាងថា ៖ “ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងតឿតថាប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០ ៕
ចែករំលែកព័តមាននេះ