ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​កូន​ឈើ​លម្អ​ជាង​៣០០​ដើម នៅ​តាម​ដងផ្លូវ​រមណីយដ្ឋាន​ភ្នំ​ទំព័រ ដើម្បី​បរិស្ថាន​បៃតង និង​ទេសចរណ៍

12 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ កងកម្លាំង និង​ប្រជាពលរដ្ឋ ដាំ​កូន​ឈើ​ក្ងោក​ចំនួន ៣០០​ដើម ដែល​ផ្តល់​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។ ការ​ដាំ​នេះ ធ្វើ​ឡើង​នៅ​តាម​ដងផ្លូវ​លំ​ចូល​ទៅ​កាន់ រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ទំព័រ ក្នុង​ឃុំ​ប្រមោយ ស្រុក​វាល​វែង ដើម្បី​លើកកម្ពស់​បរិស្ថាន​បៃតង និង​ទេសចរណ៍ ។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា កូន​ឈើ​ទាំងនេះ នឹង​ដាំ​អម​សងខាង​ផ្លូវ​ប្រវែង ៣,៥០០​ម៉ែត្រ ដោយ​រៀបចំ​ឲ្យ​មាន​សោភ័ណ​ភាព និង​គុណភាព​ល្អ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​បៃតង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ គោលបំណង​សំខាន់ នៃ​ការ​ដាំ​នេះ គឺ​ធ្វើ​ឲ្យ​ខេត្ត​ក្លាយជា​ខេត្ត​បៃតង និង​ឆ្លាត​វៃ នា​ពេល​អនាគត ក្រោម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ។

លោក​ក៏​បាន​ប្តេជ្ញា​ថា ការ​ដាំ​ដើមឈើ​នៅ​តាម​ទី​សាធារណៈ គឺជា​ផ្នែក​មួយ នៃ​ការ​បណ្តុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់ និង​ថែរក្សា​ព្រៃឈើ ដើម្បី​កាត់​បន្ថយកម្តៅ និង​លើកកម្ពស់​សោភ័ណ​ភាព​។ រដ្ឋបាល​ខេត្ត ធ្លាប់​បាន​បង្កើត​ចលនា​ស្រឡាញ់​ព្រៃឈើ និង​ដាំ​កូន​ឈើ​ជា​ច្រើន​កន្លែង​រួច​មក​ហើយ ហើយ​នៅ​តែ​បន្ត​ដាំ​បន្ថែម​ទៀត ។

លោក​សង្ឃឹមថា បន្ទាប់​ពី​ដាំ​រួច កូន​ឈើ​ទាំងនេះ នឹង​ត្រូវ​បាន​ថែរក្សា​បាន​ល្អ ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង​អនាគត​។ រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ទំព័រ ជា​តំបន់​ទើប​រក​ឃើញ​ថ្មី ហើយ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ជា​បណ្តើរ​ៗ រួម​ទាំង​ការ​ស្ថាបនា​ផ្លូវ និង​ដាំ​ដើមឈើ​លម្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ