រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងក្តីសង្ឃឹមថា នាយករដ្ឋមន្ត្រីកម្ពុជា និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរ ដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ សម្តេចតេជោ បានសរសេរថា ៖ ខ្ញុំព្រះករុណា សូមចូលរួមអបអរសាទរជាមួយព្រះតេជគុណ ឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា ។
សម្តេចតេជោ បានបញ្ជាក់ថា៖« ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ ។ ខ្ញុំសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថា ជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ» ។

ជាមួយគ្នាសម្តេចតេជោ បានលើកឡើងថា ម្យ៉ាងទៀតរឿង លោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីត នាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ ។ សម្តេចតេជោ ក៏បានលើកឡើងថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយ នាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះខ្ញុំ ។
មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូន បងប្អូនទាំងពីរនាក់ ។ បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់ ។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ ។
ជាមួយគ្នានោះដែរសម្តេចតេជោហ៊ុន សែន ក៏បានលើកឡើងថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹងចំពោះការប្រមា.ថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថា គ្មានវិជ្ជាជីវៈ៕
ចែករំលែកព័តមាននេះ