ទីក្រុងវ៉ាស៊ីនតោន៖ នៅពេលសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែលបន្តឆាបឆេះកាន់តែក្ដៅគគុក អាមេរិកសម្រេចបញ្ជូនយន្តហោះចម្បាំងខ្នាតយក្សដ៏ធំបំផុតរបស់ខ្លួនចំនួន២គ្រឿងទៅប្រចាំការក្បែរព្រំដែនប្រទេសអ៊ីរ៉ង់។ ចំណាត់ការនេះធ្វើឡើងនៅពេលលោកត្រាំឱ្យតម្រុយថាគាត់ត្រូវការពេល២អាទិត្យទៀតដើម្បីថ្លឹងថ្លែងថាតើគួរចូលរួមវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬយ៉ាងណា។ ម៉្យាងទៀត ទោះបី២អាទិត្យទៀតវាយឬ មិនវាយ ការបញ្ជូនយន្តហោះទាំងនេះអាចជាការកំញើញអ៊ីរ៉ង់។
ប្រភពខ្លះថាយន្តហោះបានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាគូប្រជែងនឹងគ្នាដ៏ធំខាងជំនឿសាសនា និងលទ្ធិនយោបាយ។ អ៊ីរ៉ង់ជារដ្ឋឥស្លាមបែបសាធារណរដ្ឋនិយម ចំណែកអារ៉ាប៊ីសាអូឌីតជារដ្ឋឥស្លាមបែបរាជានិយម។ យន្តហោះអាមេរិកម៉ាកស៊ីប្រាំអឹម ស៊ុបភើ កាឡាក់ស៊ី (C-5m Super Galaxy) បានចាកចេញដំណើរពីមូលដ្ឋានទ័ពអាកាសអាមេរិកនៅអ៊ីតាលីសំដៅទៅអារ៉ាប៊ីសាអូឌីត។ យន្តហោះបានទៅដល់ទីក្រុងរីយ៉ាត (Riyadh) នៅម៉ោង១០:២៦យប់។
ឥឡូវនេះ លោកត្រាំកំពុងស្ទង់មើលស្ថានការណ៍សឹករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ចំណុចខ្លះអ៊ីស្រាអែលមិនទាន់មានសមត្ថភាពអាចធ្វើដោយខ្លួនបានទេ។ ឧទាហរណ៍ដូចជាទីតាំងស្រាវជ្រាវនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងរូងក្រោមដីជ្រៅៗដែលគ្រាប់មីស៊ីលធម្មតាមិនអាចចូលទៅដល់។ ដូច្នេះត្រូវការជំនួយពីអាមេរិក។ ត្រាំកំពុងថ្លឹងថ្លែងបញ្ហានេះបន្ទាប់ពីសម្លឹងឃើញថាការចរចាគ្នាតាមមធ្យោបាយការទូតប្រហែលជាទៅលែងរួចហើយ។ ២អាទិត្យនេះអាចចាត់ទុកជាឱកាសលើកចុងក្រោយសម្រាប់ការចរចាគ្នា។
ស៊ីប្រាំអឹម ស៊ុបភើ កាឡាក់ស៊ី (C-5m Super Galaxy) ជាប្រភេទយន្តហោះដឹកជញ្ជូនខ្នាតធំដែលដាក់ឱ្យដំណើរការនៅក្នុងជួរកងទ័ពអាមេរិកតាំងពីឆ្នាំ១៩៧០។ យោធាអាមេរិកមិនបានបញ្ជាក់ឱ្យច្បាស់ថាតើការបញ្ជូនយន្តហោះទាំងនេះទៅអារ៉ាប៊ីសាអូឌីតដើម្បីអ្វី? គេហទំព័ររបស់កងទ័ពអាមេរិកសរសេររៀបរាប់ថាបេសកកម្មសំខាន់របស់យន្តហោះទាំងនេះដើម្បីដឹកជញ្ជូនសម្ភារៈ និងបុគ្គលិកយោធាតាមបទបញ្ជារបស់ក្រសួងការពារជាតិ។
យន្តហោះនេះអាចដឹករបស់របរបានច្រើនដូចជារថក្រោះ, ឧទ្ធម្ភាគចក្រ និងយានជំនិះធុនធំជាដើម។ វាអាចដឹកបានទម្ងន់សរុប១២៧តោន និងហោះបានចម្ងាយ៣៤០០គីឡូម៉ែត្រ។ ទ័ពអាកាសអាមេរិកបច្ចុប្បន្នមានយន្តហោះនេះ៥២គ្រឿងដាក់ពង្រាយនៅដឺឡាវែ, កាលីហ្វ័រញ៉ា, តិចសាសន៍ និងម៉ាស្សាឈូសេត៕
ចែករំលែកព័តមាននេះ