ទីក្រុងញូយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូតេរ៉េ ព្រមានថាសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែលបើសិនបណ្ដែតបណ្ដោយឱ្យផ្ទុះឡើងកាន់តែខ្លាំង វានឹងឈានដល់ដំណាក់កាលគ្រប់គ្រងលែងបាន។ ដូច្នេះ លោកសូមអំពាវនាវឱ្យភាគីទាំង២ ឬអាចមានភាគីពាក់ព័ន្ធដទៃទៀត (ប្រហែលជាចង់សំដៅលើអាមេរិក) ខិតខំចរចាសន្តិភាពឡើងវិញ។
នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីយប់មិញ អ៊ីរ៉ង់ និងអ៊ីស្រាអែលពន្លះគ្នាមួយអស់ដៃដោយគ្មានគិតអំពីបញ្ហាមុខមាត់ ឬពិធីការអ្វីតទៅទៀតទេ។ អ៊ីស្រាអែលថ្លែងថាខ្លួនមិនបញ្ឈប់ការវាយប្រហារជាដាច់ខាត។ ប្រធានក្រុមសង្កេតការណ៍នុយក្លេអ៊ែររបស់ UN ថ្លែងថាបើសិនអ៊ីស្រាយវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ យូរ ឬឆាប់អាចនឹងបែកធ្លាយសារធាតុវិទ្យុសកម្ម។
ដូច្នេះ នឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាមិនខាន។ លោកស្នើសុំឱ្យភាគីទាំង២ខិតខំអត់ធ្មត់ជាអតិបរមា។ លោកហ្គូតេរ៉េថ្លែងថាមានឱកាសកំណត់ទិសដៅដែលមិនត្រឹមតែកំណត់ជោគវាសនារបស់ប្រទេសជាតិមួយប៉ុណ្ណោះទេ ប៉ុន្តែអនាគតពិភពលោកទាំងមូល។ លោកយល់ថាសង្គ្រាមនេះមិនត្រូវបណ្ដោយឱ្យផ្ទុះឡើងកាន់តែខ្លាំងទេ។
អ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរដែលសង្ស័យថាកន្លែងចូលរួមចំណែកផលិតអាវុធនុយក្លេអ៊ែរ។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ UN ថ្លែងថាប្រទេសរបស់លោកនឹងបន្តវាយបកវិញដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ ចំណែកទូតអ៊ីស្រាអែលថ្លែងថាយោធារបស់ខ្លួននឹងបន្តវាយប្រហារគ្មានថ្ងៃបញ្ចប់ទេ រហូតដល់កម្ទេចរាបដល់ដីនូវអ្វីដែលជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់អ៊ីស្រាអែល។
ទូតអ៊ីរ៉ង់សម្ដែងការភ្ញាក់ផ្អើលនៅពេលលេចឮដំណឹងថាអាមេរិកក៏ត្រៀមចូលរួមជាមួយអ៊ីស្រាអែលដើម្បីវាយប្រហារអ៊ីរ៉ង់ផងដែរ។ ឯកអគ្គរដ្ឋទូតអាមេរិកបញ្ជាក់ថារដ្ឋាភិបាលរបស់ខ្លួនគាំទ្រអ៊ីស្រាអែលជានិច្ច និងបន្តគាំទ្រវិធានការរបស់អ៊ីស្រាអែលប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកស្រីថ្លែងថាឈានដល់ដំណាក់កាលនេះហើយ យើងមិនអាចបដិសេធតទៅទៀតទេថាអ៊ីរ៉ង់មានអ្វីៗគ្រប់យ៉ាងដើម្បីត្រៀមផលិតអាវុធនុយក្លេអ៊ែរ។
ប្រទេសមហាអំណាច២ទៀតគឺចិន និងរុស្ស៊ីមិនចង់និយាយពាក់ព័ន្ធនឹងនុយក្លេអ៊ែរទេ។ ពួកគេទាមទារឱ្យភាគីទាំង២បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្លែងថាទង្វើរបស់អ៊ីស្រាអែលអាចនឹងអូសទាញប្រទេសដទៃទៀតឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាម។ លោកយល់ថាអ៊ីស្រាអែលមិនគួរធ្វើអន្តរជាតូបនីយកម្មជម្លោះនេះទេ៕
ចែករំលែកព័តមាននេះ