ទីក្រុងតេអេរ៉ង់៖ នៅទីបំផុត ត្រាំបញ្ជាឱ្យទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលដាក់ទីតាំងនុយក្លេអ៊ែរបីកន្លែងរបស់អ៊ីរ៉ង់។ ស្លាប់ប៉ុន្មាន ឬរបួសប៉ុន្មាននៅមិនទាន់ដឹងនៅឡើយទេ។ លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមទម្លាយឱ្យដឹងអំពីប្រតិបត្តិការសម្ងាត់លើកនេះថាការវាយប្រហារកើតឡើងតាំងពីយប់មិញ។ សភាពការណ៍កាន់តែឡើងកម្ដៅខ្លាំងឡើងហើយនៅមជ្ឈិមបូព៌ាខណៈដែលអ៊ីរ៉ង់សច្ចាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារខ្លួន។
កាលពីយប់មិញ អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែលដោយមីស៊ីលច្រើនជាងពេលណាទាំងអស់បណ្ដាលឱ្យមនុស្ស៨៩នាក់រងរបួស។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល។ ជនជាតិអ៊ីរ៉ង់បង្ហាញការព្រួយបារម្ភនៅពេលសង្គ្រាមឈានចូលដល់ថ្ងៃទី៩។ ពួកគេថាអនាគតរបស់យើងស្ថិតនៅក្នុងភាពងងឹត។ យើងមិនដឹងថាត្រូវទៅតាមច្រកណាទេ។ ស្ថានការណ៍ប្រៀបបាននឹងខ្សែភាពយន្តរន្ធត់។ ខាងលើនេះជាពាក្យសម្ដីរបស់លោកប៊ីតា អាយុ៣៦ឆ្នាំជាគ្រូបង្រៀននៅទីក្រុងខាសាន (Kashan)។
ថ្ងៃនេះ លោកត្រាំបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ដើម្បីថ្លែងទៅកាន់ជនរួមជាតិ។ នៅក្បែរគាត់មានអនុប្រធានាធិបតី រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស។ លោកត្រាំចាត់ទុកការវាយប្រហារលើកនេះគឺជាជោគជ័យផ្នែកយោធាព្រោះបានវាយកម្ទេចទីតាំងនុយក្លេអ៊ែរណាតាន់, អ៊ីសហ្វាហាន និងហ្វ័រដូ (Natanz, Isfahan, Fordow)។ ត្រំាឆ្លៀតព្រមានថាអ៊ីរ៉ង់នឹងត្រូវព្រនង់កាន់តែខ្លាំងបើមិនព្រមទម្លាក់អាវុធចុះចាញ់។
ជាកិច្ចឆ្លើយតប, ប្រមុខការទូតអ៊ីរ៉ង់ លោកអាបាស់ អារ៉ាក់ជី (Abbas Araqchi) ថ្លែងថាការវាយប្រហារលើកនេះនឹងបន្សល់ទុកស្លាកស្នាមដ៏យូរអង្វែង។ លោកចាត់ទុកនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផង រំលោភទៅលើច្បាប់អន្តរជាតិផង និងរំលោភទៅលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរផង។ នៅក្នុងន័យនេះ អ៊ីរ៉ង់សូមរក្សាគ្រប់យ៉ាងដើម្បីធ្វើអ្វីៗទាំងអស់ការពារអធិបតេយ្យភាពជាតិ ផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន។
លោកត្រាំថ្លែងថាអនាគតរបស់អ៊ីរ៉ង់មានតែផ្លូវ២ទេ ទី១ សន្តិភាព និងទី២ សោកនាដកម្ម។ អ៊ីរ៉ង់នៅសល់ទីតាំងជាច្រើនទៀតដែលអាមេរិកអាចវាយប្រហារ។ ត្រាំថាបើអ៊ីរ៉ង់មិនព្រមទទួលយកសន្តិភាពទេ ពេលនោះ អាមេរិកនឹងបន្តវាយប្រហារទីតាំងដទៃទៀត។ ប្រភពខ្លះបង្ហើបឱ្យដឹងថាក្រោយពេលវាយប្រហាររួច អាមេរិកបានប្រាប់អ៊ីរ៉ង់ថាគោលដៅរបស់ខ្លួនគឺវាយប្រហារទីតាំងនុយក្លេអ៊ែរតែប៉ុណ្ណោះ។ ដូច្នេះខ្លួនគ្មានផែនការដូររបបដឹកនាំនៅអ៊ីរ៉ង់ទេ។
ត្រាំថ្លែងថាយោធាអាមេរិកទម្លាក់គ្រាប់បែក៦គ្រាប់ជាប្រភេទគ្រាប់ដែលអាចត្រាយទម្លុះចូលជ្រៅៗទៅក្នុងទីតាំងក្រោមដីនៅហ្វ័រដូ (Fordow)។ ក្រៅពីនេះ យោធាអាមេរិកបាញ់មីស៊ីលបណ្ដែតម៉ាកថូម៉ាហក (Tomahawk) ចំនួន៣០គ្រាប់ទៅលើទីតាំងនុយក្លេអ៊ែរដទៃទៀត។ ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថានៅក្នុងប្រតិបត្តិការសឹកលើកនេះ អាមេរិកប្រើយន្តហោះទម្លាក់គ្រាបបែកខ្នាតយក្សម៉ាកប៊ីធូ (B-2) ដែលប្រព័ន្ធរ៉ាដារបស់សត្រូវមិនអាចចាប់រូបភាពរបស់យន្តហោះនេះបានឡើយ។
ប្រភពខ្លះទៀតប្រាប់ថាទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់សាងសង់នៅពីក្រោមភ្នំ។ ដូច្នេះឃើញថាជម្រៅមិនមែនតិចគីឡូម៉ែត្រនោះទេ។ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ទទួលស្គាល់ថាទីតាំងនុយក្លេអ៊ែរនៅហ្វ័រដូពិតជារងការវាយប្រហារមែន។ ប៉ុន្តែអ្នកតំណាងរាស្ត្រម្នាក់ឈ្មោះម៉ាណាន់ រ៉ៃស៊ី (Manan Raisi) ប្រាប់ថាទីតាំងនោះមិនបានរងគ្រោះធ្ងន់ធ្ងរពេកទេ។
ឥឡូវនេះ ជាចំណាត់ការឆ្លើយតបទៅនឹងការវាយប្រហារនោះ ស្ថាប័នអាតូមិចអ៊ីរ៉ង់ប្រកាសថាគ្មានអ្វីអាចមករារាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានឡើយ។ ម៉្យាងទៀត បើបានជាអាមេរិកជ្រុលវាយប្រហារប៉ុណ្ណេះហើយ អ៊ីរ៉ង់ក៏មិនអាចឱ្យអាមេរិករស់នៅបានសុខជាដាច់ខាត។ ពិធីករទូរទស្សន៍របស់អ៊ីរ៉ង់ និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយថ្លែងថាជនជាតិអាមេរិក ឬយោធាអាមេរិកនៅមជ្ឈិមបូព៌ាមុខតែក្លាយជាគោលដៅដែលអ៊ីរ៉ង់អាចចាត់ការវិញជាមិនខាន៕
ចែករំលែកព័តមាននេះ