ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ បារម្ភរឿងទាហានថៃបីនាក់នាំអ្នកជិះកង់១៥០ នាក់ជិះចូលប្រាសាទតាមាន់ធំ

5 ម៉ោង មុន

កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​៧:៣០​នាទី​ព្រឹក ដោយ​មាន​សកម្មភាព​ទាហាន​ថៃ​ចំនួន​០៣​នាក់ បាន​ដឹកនាំ​ក្រុម​អ្នក​ជិះ​កង់​ជនជាតិ​ថៃ ប្រមាណ​១៥០​នាក់…

កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​៧:៣០​នាទី​ព្រឹក ដោយ​មាន​សកម្មភាព​ទាហាន​ថៃ​ចំនួន​០៣​នាក់ បាន​ដឹកនាំ​ក្រុម​អ្នក​ជិះ​កង់​ជនជាតិ​ថៃ ប្រមាណ​១៥០​នាក់ ចូល​មក​ក្នុង​បរិវេណ​ប្រាសាទតាមាន់ធំ ដោយ​មិន​បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា​ជា​មុន ។

ក្រសួងការពារជាតិ​បាន​និយាយ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២២ ខែ មិថុនា​ថា សកម្មភាព​នេះ គឺជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ ដែល​កំណត់​ពេលវេលា​ជាក់លាក់​អំពី​ការ​បើក​ឱ្យ​ចូល​ប្រាសាទ​ចាប់ពី​ម៉ោង​៩:០០​ព្រឹក និង​បិទ​នៅ​ម៉ោង​៣:០០​រសៀល ។

កិច្ចព្រមព្រៀង​ដដែល​នេះ​ក៏​បាន​កំណត់​ថា ប្រសិនបើ​មាន​ករណី​សុំ​ពន្យារពេល ឬ​ការ​រៀបចំ​ពិសេស​ណាមួយ ភាគី​ទាំង​ពីរ​ត្រូវ​តែ​ជូនដំណឹង និង​ឯកភាព​គ្នា​ជា​មុន ដើម្បី​ធានា​បាន​នូវ​ការ​សម្របសម្រួល​ដោយ​រលូន និង​ទប់ស្កាត់​ការ​យល់​ច្រឡំ​ណាមួយ​កើតឡើង​។

បន្ទាប់​ពី​ប្រទះ​ឃើញ​ស្ថានភាព​ខុស​ប្រក្រតី​បែប​នេះ កងទ័ព​កម្ពុជា​បាន​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ប្រកបដោយ​ការ​ទទួលខុសត្រូវ យោគយល់ និង​វិជ្ជាជីវៈ​ខ្ពស់ ដោយ​បាន​រំឭក​ភាគី​ថៃ​ឱ្យ​គោរព​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​ហើយ​។ ជា​លទ្ធផល ក្រុម​អ្នក​ជិះ​កង់​ជនជាតិ​ថៃ​ទាំង​អស់នោះ ក៏​បាន​ចាក​ចេញពី​តំបន់​ប្រាសាទ​ដោយ​មិន​មាន​ហេតុការណ៍​អ្វី​កើតឡើង​ទេ​។

កម្ពុជា​ស្នើ​ឱ្យ​ភាគី​ថៃ​ប្រកាន់ខ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នេះ ឱ្យ​បាន​ម៉ឺងម៉ាត់ ប្រកបដោយ​តម្លាភាព និង​ភាព​ស្មោះត្រង់​។

ការ​អនុលោម​តាម​កិច្ចព្រមព្រៀង​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​ការ​ជឿជាក់ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ជៀសវាង​ការ​យល់​ច្រឡំ​ដែល​មិន​ចាំបាច់ និង​ទប់ស្កាត់​ឧប្បត្តិហេតុ​អកុសល​ទាំងឡាយ ជា​លទ្ធផល​ដែល​ភាគី​កម្ពុជា​មិន​ចង់​ឃើញ​។

កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​មិន​ងាករេ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន និង​គ្រប់គ្រង​ស្ថានការណ៍​នៅ​ប្រាសាទតាមាន់ធំ​ដោយ​សន្តិវិធី និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​វិជ្ជាជីវៈ​ខ្ពស់​ ។ រាល់​វិធានការ​ទាំងឡាយ​ដែល​ត្រូវ​បាន​អនុវត្ត គឺ​សុទ្ធតែ​ស្រប​តាម​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ក្នុង​គោលបំណង​រក្សា​បាន​នូវ​បរិយាកាស​អំណោយផល​ដល់​សន្តិភាព សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​តាម​តំបន់​ព្រំដែន ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្ត​ជិតខាង​ល្អ និង​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ