ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី​សម្រេច​ឱ្យបិទ​ច្រក​ព្រំដែន​ចំនួន​២​ជាមួយ​ថៃ​ ក្នុង​ខេត្តឧត្តរ​មាន​ជ័យ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​បវរ​ធិ​បតី​ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​បញ្ជា​ឲ្យ​បិទ​ច្រកព្រំដែន​ចំនួន​២ ជាមួយ​ថៃ​ស្ថិត​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​។ យោង​តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្ដេច​បវរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា​ឆ្នាំ ២០២៥​បាន​ឲ្យ​ដឹង​ថា​៖ កាលពី​យប់មិញ​នេះ…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​បវរ​ធិ​បតី​ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​បញ្ជា​ឲ្យ​បិទ​ច្រកព្រំដែន​ចំនួន​២ ជាមួយ​ថៃ​ស្ថិត​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​។

យោង​តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្ដេច​បវរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា​ឆ្នាំ ២០២៥​បាន​ឲ្យ​ដឹង​ថា​៖

កាលពី​យប់មិញ​នេះ (​ថ្ងៃ​ទី​២១ មិថុនា​) ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ថា យោធភូមិ​ភាគ​២ នៃ​កងទ័ព​ថៃ​ទើបបាន​ចេញ​លិខិត​ជូនដំណឹង​ថា​ភាគី​ថៃ​និង​បិទ​ច្រក​សាយ​តា​គូ​-​ជប់​គគីរ ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ចាប់ពី​ថ្ងៃនេះ​តទៅ​។

សម្តេច​បាន​បញ្ជាក់​ថា​៖”​ខ្ញុំ​បាន​ឯកភាព​អោយ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត សម្រេច​បិទ​ច្រក​នេះ​ខាង​កម្ពុជា​ជា​អចិន្ត្រៃយ៍​វិញ​ដែរ​។ បន្ថែម​ពីលើ​ច្រក​ជប់​គគីរ​នេះ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត បិទ​ច្រក​មួយ​បន្ថែម​ទៀត​តែ​ម្ដង គឺ​ច្រក​ទ្វារ​ព្រំដែន​ជាំ ស្ថិត​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​អោយ​ជូនដំណឹង​ទៅ​ភាគី​ថៃ​វិញ​ផង​ដែរ​”​។

សម្តេច​បវរ​ធិ​ប​តិ​បាន​លើក​ឡើង​ថា​ចាប់ពី​ថ្ងៃ​ទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ព​ថៃ​បាន​ប្រើប្រាស់​វិធានការ​បិទ​ច្រកព្រំដែន និង​កែប្រែ​ពេលវេលា​នៃ​ការ​បិទ​-​បើក​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ជា​ឯកតោភាគី ដោយ​មិន​បាន​គិត​អំពី​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ​។

ជាមួយ​គ្នា​នោះ​គ្នា​នោះ​ដែរ​សម្តេច​បវរ​ធិ​បតី​បាន​អះអាង​ជា​ថ្មី​ថា​កម្ពុជា​មិន​ដែល​មាន​បំណង​ចង់​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​រស់នៅ ឬ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រកព្រំដែន​នោះ​ទេ​។ ប៉ុន្តែ​បើ​កងទ័ព​ថៃ​នៅ​បន្ត​ប្រើ​វិធី​បែប​នេះ​ដើម្បី​ដាក់​គំនាប​មក​លើ​កម្ពុជា​នោះ គឺ​កម្ពុជា​កំដរ​បាន​គ្រប់ពេលវេលា​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា​វា​ជា​រឿង​ចម្លែក​មួយ​ដែរ​ដែល​ថ្នាក់ដឹកនាំ​នយោបាយ​ថៃ រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ថៃ តែងតែ​ស្នើ​សុំ​ឲ្យ​មានការ​ចរចា​បើក​ច្រកព្រំដែន​ឲ្យ​មាន​ភាព​ប្រក្រតី​ភាព​ឡើង​វិញ​។ ប៉ុន្តែ​ពេល​ជាមួយ​គ្នា កងទ័ព​របស់​ថៃ​នៅ​តែ​បន្ត​ធ្វើការ​បិទ​បើក​ច្រក ឬ​កែសម្រួល​ម៉ោង​បិទ​បើក​ច្រក​តាម​ចិត្ត​នឹកឃើញ​ជា​ឯកតោភាគី​ទៅ​វិញ​។

សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖​ខ្ញុំ​មិនដឹង​ថា​ជា​វិធីសាស្ត្រ ឬ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​ការងារ​រវាង​រាជរដ្ឋាភិបាល​ថៃ​និង​កងទ័ព​ថៃ ព្រោះ​ហាក់ដូចជា​គ្មាន​ការ​ឯកភាព​ផ្ទៃក្នុង​និង​គោលការណ៍​ណាមួយ​ច្បាស់លាស់​សោះ​។ ម្នាក់​សុំ​ចរចារ​ទ្វេភាគី​ដើម្បី​បើក​ច្រក​អោយ​ប្រក្រតី​ឡើង​វិញ រីឯ​ម្នាក់​ទៀត​បន្ត​បិទ​បើក​ជា​ឯកតោភាគី​”​។

ចំពោះ​កម្ពុជា គឺ​យើង​មានការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​ប្រទេស​រហូត​ដល់​កងទ័ព​ជួរ​មុខ​។ បើ​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជា​អ្វីមួយ គ្រប់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ រួម​ទាំង​កងទ័ព​គឺ​អនុវត្ត​បទបញ្ជា​នោះ​ដោយ​ម៉ឺងម៉ាត់​។

ពាក់ព័ន្ធ​នឹង​ការ​ទាមទា​ឲ្យ​បើក​ព្រំដែន​ពី​ភាគី​ថៃ​សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖​ចំពោះ​ការ​បើក​ច្រកព្រំដែន​រវាង​កម្ពុជា​និង​ថៃ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្ដងទៀត​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​គឺ​÷ មិន​មានការ​ចាំបាច់​ក្នុង​ការ​ចរចារ​ទ្វេភាគី​រឿង​បើក​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។

បើ​ភាគី​ថៃ​ពិតជា​ចង់​បើក​ច្រក​ឱ្យ​ដូច​ប្រក្រតី​ឡើង​វិញ​នោះ គឺ​អាច​ធ្វើ​បាន​យ៉ាង​ងាយស្រួល​និង​លឿន​បំផុត​។ កងទ័ព​ថៃ​ដែល​ជា​អ្នក​ចាប់ផ្ដើម​បិទ​ច្រក​ជា​ឯក​ត​ភាគី ត្រូវធ្វើ​ការ​បើក​ច្រក​ឡើង​វិញ​ជា​ឯកតោភាគី​ឱ្យ​ដូច​ស្ថានភាព​មុន​ថ្ងៃ​ទី​៧ មិថុនា​ឆ្នាំ​២០២៥ គឺជា​ការ​ស្រេច​។

កម្ពុជា​នឹង​បើក​ឡើង​វិញ​ដែរ​យ៉ាង​យូរ​ប្រាំ​ម៉ោង​ក្រោយ​។ នេះ​គឺជា​ដំណោះស្រាយ​យ៉ាង​សាមញ្ញ​បំផុត ដោយ​មិន​ចាំបាច់​ចំណាយពេល​ចរចារ​នាំ​តែ​ខាត​ពេលវេលា​។ ត្រូវការ​តែ​ជំហរ​នៃ​ការ​ចង់បាន ដោយ​ពិតប្រាកដ​មួយ​របស់​ភាគី​ថៃ​តែ​ប៉ុណ្ណោះ​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ