រាជធានីភ្នំពេញ ៖ សពគ្រូពេទ្យវ័យក្មេងម្នាក់ ដែលបាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារប្រទះឃើញអណ្ដែតលើផ្ទៃទឹកក្នុងរណ្ដៅដី មានចម្ងាយប្រមាណជាង៣០០ម៉ែត្រពីកន្លែទុកម៉ូតូ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅចំណុចរណ្ដៅដីចាស់ ស្ថិតនៅក្នុងភូមិអន្លូងគងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់មកនគរបាលខណ្ឌដង្កោបានសហការជាមួយនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកោសល្យវិច្ច័យរួច បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។
សូមរំលឹកឡើងវិញថា គ្រូពេទ្យវ័យក្មេងម្នាក់បានចាកចេញពីផ្ទះ ហើយក៏បាត់ខ្លួនរយៈពេល៣ថ្ងៃហើយ មិនឃើញត្រលប់ទៅផ្ទះវិញសោះ ចំណែកក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងណាស់ និងបានព្យាមទាក់ទងតាមរយៈលេខទូរស័ព្ទនិងប្រព័ន្ធតេឡេក្រាមក៏ទាក់ទងអត់បានឡើយ ។ ក្រោយមកស្រាប់តែប្រទះឃើញម៉ូតូស្ថិតនៅមាត់រណ្ដៅដីដែលមានជម្រៅដ៏ជ្រៅមួយកន្លែង ធ្វើឲ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើល និងសង្ស័យថា យុវជនរូបនោះធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ។ ព្រោះតែយុវជននោះមានជំងឺបាក់ទឹកចិត្ត ហើយកន្លងមកក៏ធ្លាប់ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងដែរ បន្ទាប់មកក្រុមគ្រួសារក៏បានបានយកផ្លែឈើទៅអុជធូបសែននៅ ទីនោះហើយបន់ស្រន់ថា បើយុវជននោះលោតទឹកសម្លាប់ខ្លួនសុំឲ្យរកឃើញសាកសព ប៉ុន្តែបើនៅរស់ក៏សុំឲ្យត្រលប់ទៅផ្ទះវិញផង ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចរណ្ដៅដីចាស់ ស្ថិតនៅក្នុងភូមិអន្លូងគងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រូពេទ្យ វ័យក្មេងដែលបាត់ខ្លួននោះឈ្មោះរិន សុវណ្ណមុន្នីរក្ស អាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយកម្លាំងកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ក៏បានទៅជួយមុជទឹករាវរកសពផងដែរ ។
បើតាមស្ត្រីជាម្ដាយរបស់យុវជននេះនេះបាននិយាយថា កូនប្រុសគាត់មានជំងឺបាក់ទឹកចិត្ត ព្រោះតែត្រូវបានកន្លែងធ្វើការបញ្ឈប់ពីការងារ ហើយកន្លងមកតែងតែចង់បញ្ចប់ជីវិតខ្លួនឯងថែមទៀតផង ។ ប៉ុន្តែរូបគាត់និងក្រុមគ្រួសារបានលួងលោមកុំឲ្យកូនប្រុសគិតខ្លី និងគិតផ្តេសផ្តាសអី បើចង់ធ្វើអ្វីឬខ្វះខាតអ្វី ពួកគាត់និងជួយបំពេញបំណង ទើបមិនមានរឿងអ្វីកើតឡើងឡើយ ។
ស្ត្រីជាម្ដាយបាននិយាយបន្តទៀតថា លុះដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កូនប្រុសរបស់គាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវព៍ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DH-7115 ចេញពីផ្ទះដោយបានយកកាបូបខោអាវទៅជាមួយផងដែរ ហើយក៏ទៅបាត់រហូតតែម្ដង ។ ខណៈនោះគាត់និងក្រុមគ្រួសារទាក់ទងអត់បានសោះ ដោយខលក៏អត់ចូល និងឆាតតាមតេឡេក្រាមក៏អត់ចូលទៀត ហើយក៏បានប្ដឹងសមត្ថកិច្ចឲ្យជួយស្វែងរកទៀតក៏នៅតែរកមិនឃើញដែរ ។
គាត់បាននិយាយបន្ថែទៀតថា ក្រោយមកក៏មានអ្នកប្រទះឃើញម៉ូតូកូនប្រុសគាត់ស្ថិតនៅមាត់រណ្ដៅដីមួយកន្លែងខាងលើ គាត់និងក្រុមគ្រួសារ ក៏បានទៅមើលហើយសង្ស័យថា កូនប្រុសរូបនោះធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ។ បន្ទាប់មកក៏បានយកផ្លែឈើទៅអុជធូបសែននៅមាត់រណ្ដៅដីនោដើម្បីធ្វើការបន់ស្រន់ប្រសិនបើកូនលោតទឹកសម្លាប់ខ្លួន សុំឲ្យរកឃើញសាកសព ប៉ុន្តែបើកូននៅរស់ក៏សុំឲ្យកូនត្រលប់ទៅផ្ទះវិញផង ។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានប្រទះឃើញម៉ូតូ១គ្រឿងនោះស្ថិតនៅចំណុចរណ្ដៅដីខាងលើ តាំងពីវេលាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ម្ល៉េះ ប៉ុន្តែស្មានថាជាម៉ូតូរបស់អ្នកនេសាទត្រី ទុកទីនោះទើបអត់ចាប់អារម្មណ៍ ។ លុះរហូតដល់ថ្ងៃទី២១ ខែមិថុនា នៅតែឃើញម៉ូតូនោះនៅកន្លែងដដែលទៀត ទើប
ប្រាប់តៗគ្នា រហូតដឹងដល់ក្រុមគ្រួសាររបស់គ្រូពេទ្យវ័យក្មេងរូបនោះទៅមើលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពេលមានការសង្ស័យថាយុវជននោះលោតទឹកសម្លាប់ខ្លួនបែបនេះ កម្លាំងមុជទឹកកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានទៅជួយរាវរក ។ ប៉ុន្តែរហូតមកដល់វេលាល្ងាចថ្ងៃដដែលនោះនៅមិនទាន់រកសាកសពឃើញនៅឡើយ ហើយរណ្ដៅដីនោះមានជម្រៅជ្រៅណាស់ មិនងាយនិងរាវរកនោះឡើយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងចុងក្រោយថា អ្វីដែលជាក្ដីព្រួយបារម្ភរបស់ក្រុមគ្រួសារនោះបានក្លាយទៅជាការពិតហើយ ដោយយុវជនជាគ្រូពេទ្យខាងលើនោះបានស្លាប់ដោយលង់ទឹកមែន ហើយសង្ស័យថា ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ៕
គួររំលឹកថា គ្រូពេទ្យវ័យក្មេងម្នាក់ បាត់ពីផ្ទះ៣ថ្ងៃ ឃើញម៉ូតូនៅមាត់រណ្តៅដីចាស់ ប៉ុន្តែពុំដឹងស្លា.ប់ឬរស់


















ចែករំលែកព័តមាននេះ