ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី មិនសប្បាយទាល់តែសោះនៅពេលរុស្ស៊ីផ្ញើសពទាហានរបស់ខ្លួន (រុស្ស៊ី) ចំនួនម្ភៃនាក់ ហើយអះអាងថាជាសពទាហានអ៊ុយក្រែននៅក្នុងការដូរឈ្លើយសឹកគ្នាទៅវិញទៅមកកាលពីពេលថ្មីៗនេះ។ ហ្សេឡិនស្គីថានោះជាភាពខ្ជីខ្ជារបស់រុស្ស៊ីដែលធ្វើការឱ្យតែរួចពីដៃ។ ហ្សេឡិនស្គីថានៅក្នុងចំណោមសពទាំងម្ភៃនោះក៏មានជនជាតិអ៊ីស្រាអែលម្នាក់ផងដែរ។
លោកថ្លែងបន្តទៀតថាពួកគេយកសពទាហានរបស់ខ្លួនឯងមកទម្លាក់ឱ្យអ៊ុយក្រែន។ នេះហើយជាអកប្បកិរិយារបស់ពួកគេដែលប្រព្រឹត្តនៅក្នុងសង្គ្រាម និងប្រព្រឹត្តទៅលើយុទ្ធជនរបស់ពួកគេ។ ហ្សេឡិនស្គីថាមិនគួរធ្វេសប្រហែសដល់ថ្នាក់ហ្នឹងទេព្រោះសពទាហានទាំងនោះសុទ្ធតែចុះបញ្ជីស្នាម និងមានឯកសារបញ្ជាក់ត្រឹមត្រូវ។ សពទាហានខ្លះមានភ្ជាប់តាំងពីលិខិតឆ្លងដែនរុស្ស៊ីថែមទៀត។
ចំណុចដែលលោកមិនពេញចិត្តនោះនៅត្រង់ថានៅពេលអ៊ុយក្រែនប្រាប់រុស្ស៊ីអំពីរឿងនេះ ពួកគេនៅតែនិយាយប្រកែកមកវិញថានោះជាសពទាហានអ៊ុយក្រែនច្បាស់ណាស់។ ការដូរឈ្លើយសឹក អ្នករបួស និងអ្នកស្លាប់នេះជាលទ្ធផលនៃកិច្ចជំនួបនៅប្រទេសតួកគី។ នៅខែមិថុនានេះ អ៊ុយក្រែន និងរុស្ស៊ីយល់ព្រមដូរឈ្លើយសឹក ឬសាកសពរបស់ឈ្លើយសឹកម្ខាងៗ៦ពាន់នាក់។ ច្រើនដល់ថ្នាក់នេះធ្វើឱ្យអ៊ុយក្រែនបារម្ភថាគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើកោសល្យវិច័យទៅលើសាកសព។
ហ្សេឡិនស្គីក៏ឆ្លៀតនិយាយពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមអ៊ុយក្រែនផងដែរ។ លោកយល់ថារុស្ស៊ីគ្មានចិត្តចង់បញ្ចប់សង្គ្រាមទេ។ រុស្ស៊ីគ្រាន់តែចរចាគ្នាជាលក្ខណៈសម្ដែងដើម្បីបំភាន់ភ្នែកអាមេរិកកុំឱ្យដាក់ទណ្ឌកម្មទៅលើខ្លួន។ ប៉ុន្តែលោកពូទីនប្រហែលជាមិនល្ងង់បញ្ចប់សង្គ្រាមដែលគាត់កំពុងមានប្រៀបដូចសព្វថ្ងៃនេះទេ។ នៅក្នុងហេតុផលនេះ ហ្សេឡិនស្គីថាអ៊ុយក្រែនស្ថិតនៅក្នុងដំណាក់កាលពិបាកព្រោះមិនដឹងថាតើគួរបន្តជួបគ្នាជាមួយរុស្ស៊ីនៅទីក្រុងអ៊ីស្តាន់ប៊ូល ប្រទេសតួកគី ទៀតឬយ៉ាងណា។
ទោះបីសង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួនដោះស្រាយមិនទាន់ចេញក៏ដោយ ប៉ុន្តែលោកហ្សេឡិនស្គីឆ្លៀតនិយាយពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ហ្សេឡិនស្គីថាគាត់មិនគាំទ្រឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរទេ។ ប៉ុន្តែគាត់ក៏មិនបានប្រកាសគាំទ្រអ៊ីស្រាអែលដែរ។ តាមពិត ហ្សេឡិនស្គីមិនមែនសប្បាយចិត្តជាមួយអ៊ីរ៉ង់ប៉ុន្មានទេព្រោះអ៊ីរ៉ង់ផ្ដល់ដ្រូនអត្តឃាត និងគ្រាប់មីស៊ីលដើម្បីវាយប្រហារអ៊ុយក្រែនស្លាប់មនុស្សរាល់ថ្ងៃ។ ដូច្នេះនៅពេលអ៊ីរ៉ង់កំពុងតែពិបាកខ្លួនឯង ហើយកាត់បន្ថយការជួយជ្រោមជ្រែងរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែនក៏ជាសញ្ញាល្អម៉្យាងដែរសម្រាប់ទីក្រុងកៀវ៕
ចែករំលែកព័តមាននេះ