ទីក្រុងវ៉ាស៊ីនតោន៖ មានសភាពការណ៍វិវត្តថ្មីពាក់ព័ន្ធនឹងសន្តិសុខពិភពលោកនៅពេលអាមេរិកចល័តយន្តហោះចម្បាំងរបស់ខ្លួនដែលល្បីថារ៉ាដាចាប់មិនបាន (stealth) ហើយអាចហោះបានចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្សាយថាយន្តហោះប៊ីធូ (B-2) ដែល១គ្រឿងមានតម្លៃរហូតដល់ជាង២ពាន់លានដុល្លារបានបញ្ជូនទៅកោះហ្កាំ (Guam) នៅមហាសមុទ្រប៉ាស៊ីហ្វិចដើម្បីធ្វើសកម្មភាពអ្វីម៉្យាង។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាល២នាក់ដែលមិនបញ្ចេញឈ្មោះ។
ចំណាត់ការនេះធ្វើឡើងនៅពេលសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងតែឡើងកម្ដៅខ្លាំង។ លោកត្រាំទាមទារឱ្យអ៊ីរ៉ង់ទម្លាក់អាវុធចុះចាញ់ និងរំលាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅក្នុងរង្វង់២សប្ដាហ៍ទៀត។ បើមិនអីចឹងទេ មានតែវាយគ្នា។ ត្រាំថាគាត់យកពេល២សប្ដាហ៍នេះដើម្បីពិចារណាថាតើត្រូវចូលរួមជាមួយអ៊ីស្រាអែលដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឬយ៉ាងណា។ អ៊ីរ៉ង់ហាក់ដូចជាចង់ចរចាឡើងវិញ ប៉ុន្តែត្រាំលែងចង់ចរចា។ គាត់ថាបើអ៊ីរ៉ង់មានឆន្ទៈចង់ដោះស្រាយបញ្ហានេះប្រហែលជាចរចាត្រូវរ៉ូវគ្នាតាំងពីយូរមកហើយ។
មិនទាន់មានប្រភពច្បាស់លាស់បញ្ជាក់ថាការបញ្ជូនយន្តហោះប៊ីធូទៅកោះហ្កាមនោះជាប់ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែលដែរឬទេ។ ប៊ីធូអាចបំពាក់គ្រាប់បែកពិសេសម៉ាកជីប៊ីយូ៥៧ (GBU-57) ទម្ងន់៣ម៉ឺនផោន ឬជាង១៣តោនសម្រាប់ទម្លាក់ទៅលើទីតាំងក្រោមដីជម្រៅរាប់គីឡូម៉ែត្រ។ អាវុធនេះត្រូវអ្នកជំនាញព្យាករថាអាមេរិកអាចនឹងប្រើប្រាស់សម្រាប់ចាត់ការទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
របៀបធ្វើការរបស់គ្រាប់បែកនេះគឺថានៅពេលធ្លាក់ដល់ដីប៉ះនឹងវត្ថុរឹងនៅផ្ទៃខាងលើ វាមិនទាន់ផ្ទុះភ្លាមដូចគ្រាប់បែកទូទៅទេ។ វាមានប្រព័ន្ធកាំរស្មីពិសេសដែលអាចត្រាយទម្លុះទៅក្រោម។ ទោះបីរូងក្រោមដីធ្វើពីដែកថែប ឬបេតុងកម្រាស់ណាក៏ដោយក៏មិនអាចទប់ស្កាត់បានឡើយ។ ប្រព័ន្ធបញ្ជាពីចម្ងាយនឹងពិនិត្យមើលគ្រាប់បែកនេះរុលចូលទៅដល់ទីតាំងដែលត្រូវវាយប្រហារទើបគេបញ្ជាឱ្យវាផ្ទុះឡើងតែម្ដង។
អ៊ីរ៉ង់បញ្ជាក់ជាច្រើនដងហើយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនសម្រាប់បម្រើឱ្យវិស័យស៊ីវិល (សម្រាប់ផលិតអគ្គិសនី) ប៉ុន្តែអ៊ីស្រាអែល និងអាមេរិកមិនជឿទេ។ ត្រាំរហូតដល់ហ៊ានអះអាងថាអ្វីដែលប្រធានអង្គភាពចារកម្មជាតិអាមេរិកថាអ៊ីរ៉ង់មិនផលិតនុយក្លេអ៊ែរនោះមិនពិតទេ។ សម្រាប់ពេលនេះ គ្មានព័ត៌មានលម្អិតថាយន្តហោះប៊ីធូដែលចល័តទៅកោះហ្កាមមានប៉ុន្មានគ្រឿងទេ។
ម៉្យាងទៀត យន្តហោះទាំងនេះទទួលបញ្ជាឱ្យបើកប្រតិបត្តិការត្រឹមតែកោះហ្កាមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មានព្យាយាមបោះសំណួរទៅមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ប៉ុន្តែគ្មានការឆ្លើយតបទេ។ ឥឡូវនេះ ក្រុមអ្នកជំនាញខាងស្ថានការណ៍សឹកកំពុងរង់ចាំតាមដានថាតើយន្តហោះទាំងនេះនឹងចល័តទៅមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅឌីហ្គោ ហ្កាសៀ (Diego Garcia) ដែលស្ថិតនៅមហាសមុទ្រឥណ្ឌាដែរឬទេ។
មូលដ្ឋាននេះជាទីតាំងល្អបំផុតសម្រាប់ចេញប្រតិបត្តិការសឹកនៅមជ្ឈិមបូព៌ា។ យន្តហោះប៊ីធូធ្លាប់ឈរជើងនៅឌីហ្គោ ហ្កាសៀរហូតដល់ខែឧសភា។ ក្រោយមកដូរដាក់បេហាសិបពីរវិញ (B-52) ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមវៀតណាម។ ប៉ុន្តែមិនមែនមានន័យថាអាមេរិកបន្តប្រើយន្តហោះទាំងចាស់ហួសសម័យនោះទេ។ វាមានឈ្មោះថាបេហាពីរមែន ប៉ុន្តែគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាសុទ្ធតែថ្មី។ សូមជម្រាបថាប៊ីធូ (B2) ដែលអ្នកខ្លះហៅថាយន្តហោះបំបាំងកាយនោះមិនមែនមានន័យថាវាបំបាំងកាយពីភ្នែករបស់មនុស្សទេ។ នៅពេលវាហោះលើអាកាស យើងអាចមើលឃើញនឹងភ្នែកទទេបាន។ ប៉ុន្តែនៅពេលមើលនៅក្នុងប្រព័ន្ធរ៉ាដាការពារដែនអាកាសគឺមើលមិនឃើញទេ។
មូលហេតុដោយសារប្រព័ន្ធរ៉ាដាប្រើប្រាស់រលកសញ្ញាសម្រាប់ជះទៅលើយន្តហោះ។ សម្រាប់យន្តហោះធម្មតា វានឹងជះរលកសញ្ញាត្រឡប់ទៅរ៉ាដាវិញ ហេតុនេះហើយបានជារ៉ាដាអាចចាប់រូបភាពរបស់យន្តហោះបាន។ ចំណែកយន្តហោះរ៉ាដាចាប់មិនបាន (stealth) ផលិតឡើងស្រោបជុំវិញតួខ្លួនវាដោយលោហធាតុពិសេសដែលមិនជះរលកសញ្ញាចេញទៅក្រៅ។ ដូចនេះ នៅពេលរ៉ាដារបស់សត្រូវជះរលកសញ្ញាទៅលើយន្តហោះ លោហធាតុដែលស្រោបជុំវិញយន្តហោះនឹងស្រូបយករលកសញ្ញាទាំងអស់៕
ចែករំលែកព័តមាននេះ