ខេត្តបាត់ដំបង៖ ជនប្រព្រឹត្តអំពើ«ចោរកម្ម»ចំនួន០២នាក់ និង ជនទទូលទិញផល«ចោរកម្ម» ចំនួន០២នាក់ទៀត ត្រូវបានមន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្ត កសាងសំណុំរឿងបញ្ជូនទៅប្រគល់ជូនតុលាការ កាលរសៀលថ្ងៃទី ២១ មិថុនា ក្រោយបញ្ជប់ការសាកសួរ។ នេះបើតាមមន្ត្រីជំនាញ បាននិយាយនៅព្រឹកនេះ។ ជនដៃដល់ ម្នាក់ឈ្មោះ ផល គឹមហ៊ាត ប្រុសអាយុ៣២ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ឆេង សម្បត្តិ ប្រុសអាយុ២៨ឆ្នាំ ពួកគេស្នាក់នៅមិនពិតប្រាកដ។ ដោយឡែកអ្នកទទូលទិញផលចោរកម្ម ម្នាក់ឈ្មោះ គឿ សុខជា ប្រុសអាយុ២៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ចាន់ ដារ៉ា ប្រុសអាយុ១៨ឆ្នាំ ពួកគេនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមរយៈរបាយការណ៏ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានឲ្យដឹងថា ជនដៃដល់ ត្រូវបានកម្លាំងការិយាល័យជំនាញ និង កម្លាំងអធិការក្រុងបាត់ដំបង ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ១៨ និង ១៩ មិថុនា ក្រោយជនដៃដល់បានប្រព្រឹត្តបទល្មើស។ រីឯជន០២នាក់ទៀត ដែលទទូលទិញផលចោរកម្ម ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ដល់ទឹកដីក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ មិថុនា ដែលជាកន្លែងជនទាំង០២នាក់ ណាត់ជួបទិញម៉ូតូរបស់ជនដៃដល់ដែលលួចបាន ដោយមានកិច្ចសហការពីកម្លាំងជំនាញ នៃស្នងការខេត្តកំពង់ស្ពឺផង។ នៅក្នុងរបាយការណ៏ដដែលនេះ បាននិយាយថា ជនសង្ស័យឈ្មោះ ផល គឹមហ៊ាត និង ឈ្មោះ ឆេង សម្បត្តិ បាន«កាច់សោរលួចយកម៉ូតូ»មួយគ្រឿង ជាលើកចុងក្រោយ នៅព្រឹកថ្ងៃទី ១៥ មិថុនា ត្រង់ចំណុចពេទ្យយាយជី ស្ថិតក្នងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្រោយពីលួចបានម៉ូតូ ជនសង្ស័យក៏បានជិះយកទៅលក់ឲ្យអ្នកចាំទទូលទិញពីរនាក់ខាងលើនេះ លុះប៉ុន្មានថ្ងៃក្រោយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំងអ្នកលួច ទាំងអ្នកទិញ។
បើនិយាយពីប្រវត្តិ នៃការប្រព្រឹត្តអំពើ«ចោរកម្ម»របស់ជនដៃដល់ឈ្មោះ ផល គឹមហ៊ាត និង ឈ្មោះ ឆេង ដារ៉ា វិញ គឺ មិនអាចគណនាបានទេ ព្រោះច្រើនករណីពេក ថែមទាំងធ្លាប់ជាប់គុកទៀតផង។
នេះបើតាម លោក ឈឿង គឹមសុង ស្នងការរងផែនព្រហ្មទណ្ឌ បានរំលឹកពីសកម្មភាពលួចរបស់ជនសង្ស័យ។ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ដែលដឹកនាំកិច្ចប្រតិបត្តិការនេះ ដោយ លោកឈឿង គឹមសុង ស្នងការរង ផែនព្រហ្មទណ្ឌ បាននិយាយថា ជនសង្ស័ួយឈ្មោះ គឹមហ៊ាត និង ឈ្មោះ ដារ៉ា មានប្រវត្តិប្រព្រឹត្តអំពើ«ចោរកម្ម»នេះ ច្រើនករណីណាស់ ទាំងនៅក្នុង និង នៅក្រៅទឹកដី ខេត្តបាត់ដំបង។
ដោយឡែក បើនិយាយពីប្រវត្តិអ្នកទទូលទិញ«ផលចោរកម្ម»វិញ ក៏សកម្មណាស់ដែរ ក្នុងការរង់ចាំទទូលទិញម៉ូតូពីក្រុមជនសង្ស័យ ដែលលួចបាន។ ពោល៖ អ្នកទទូលទិញ និង អ្នកលួច ជាម៉ូយរកស៊ីបទល្មើសជាមួយគ្នា ជាប្រចាំតែម្ដង។ លោក ឈឿង គឹមសុង បានបញ្ជាក់ថា បើតាមការស្រាវជ្រាវកន្លងមក ក្រុមជនដៃដល់ បានធ្វើសកម្មភាព «លួចម៉ូតូ» គ្រប់ទីកន្លែង នៅតាមបណ្ដាខេត្តផ្សេៗទៀត ក្រៅពីខេត្តបាត់ដំបង។ រីឯអ្នកទទូលទិញម៉ូតូចោរខាងលើនេះ គ្រាន់តែជាដៃជើងសម្រាប់មេខ្លោងធំ ប្រើឲ្យចាំទទូលយកម៉ូតូពីដៃក្រុមចោរតែប៉ុណ្ណោះ។
លោកស្នងការរង បានបញ្ជាក់បន្ថែមថា តាមពិតអ្នកទទូលទិញម៉ូតូពីក្រុមចោរខាងលើនេះ រស់នៅភ្នំពេញ តែពេលក្រុមចោរលួចម៉ូតូបាន ពួកគេតែងណាត់ជួបដោះដូរទំនិញក្ដៅ នៅក្នុងទឹកដី ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពុងស្ពឺ។ យ៉ាងណាក្ដី ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញដកហូតបានម៉ូតូចំនួន០២គ្រឿង និង សម្ភារៈសម្រាប់ធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសជាច្រើនទៀត ដែលជាវត្ថុតាង។ ពេលនេះទាំងអ្នកលួច ទាំងអ្នកទិញ ត្រូវបានមន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្តបាត់ដំបង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីវិធីហើយ៕






ចែករំលែកព័តមាននេះ