រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា កាលពី៤ថ្ងៃមុនមានបុរសម្នាក់ តាមស្វែងរកប្រពន្ធទី២របស់គាត់ដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយគាត់បានចោទថាប្រពន្ធនេះបង្ខំឲ្យគាត់លក់ហាងបាយ ម្ហូបនិងកន្លែងផឹកសុី យីហោ«ការ៉េ៣» នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងលក់រថយន្តចាយលុយអស់ រហូតធ្លាក់ខ្លួនធ្វើចម្ការ ។ ដោយជីវភាពយ៉ាប់យ៉ឺន ប្រពន្ធបានចេញមកធ្វើការរោងចក្រនៅភ្នំពេញ បានតែ២ខែប៉ុណ្ណោះប្រពន្ធក៏ឈ្លក់ទឹកម៉ាសុីន បែកចិត្តផិតក្បត់រូបគាត់ ទៅមានប្រុសថ្មីម្នាក់ទៀតជាជាងដែក រួចលួចនាំកូន៤នាក់រត់ចោលគាត់ទៅបាត់គ្មានអាល័យថែមទៀត ។
ក្រោយពីរងការចោទប្រកាន់ពីសំណាក់ប្ដីរូបនោះ នៅវេលាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ជិតយប់ទៅហើយ ស្ត្រីជាប្រពន្ធបានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្វែងរកជួបជាមួយបុរសជាប្ដីនោះវិញម្ដង ដើម្បីនិយាយគ្នាឲ្យដឹងស ខ្មៅ និងឲ្យសុំប្ដីសុំទោសនាងជាសាធារណៈ ហើយបើមិនសុំទោសទេនិងប្ដឹងហើយ ។ នាងក៏បានឆ្លើយតបវិញថា ពាក្យដែលប្ដីនិយាយទាំងប៉ុន្មាននោះគឺជារឿងមិនពិតឡើយ នាងបានបដិសេធន៍ទាំងស្រុងនិងថាអ្វីដែលនាងធ្វើនោះមិនបានលាក់លៀមជាមួយប្ដីនោះទេ គឺបើកចំហរ ។ ដូចជារឿងនាងមានអ្នកថ្មីទៀតនាងក៏បានប្រាប់ប្ដីតាមត្រង់ ហើយប្ដីក៏យល់ព្រមមិនប្រកាន់ខឹងនោះទេ មិនតែប៉ុណ្ណោះប្ដីប្រាប់នាងថា បើមានថ្មីហើយយកគេក៏យកទៅតែសំខាន់ឲ្យនាងយកកូនទៅនៅជាមួយផង រីឯពាក្យដែលថា នាងបង្ខំឲ្យប្ដីលក់ហាងបាយ ម្ហូបនិងកន្លែងផឹកសុី លក់រថយន្តយកលុយចាយនោះ រឹតតែមិនពិតទៀត ព្រោះនាងស្គាល់ប្ដីរូបនោះ ក្រោយពេលដែលប្ដីលក់ហាងបាយ ម្ហូបនិងកន្លែងផឹកសុី លក់រថយន្តរួចចាយលុយអស់ហើយ ។
សូមបញ្ជាក់ថា ស្ត្រីខាងលើឈ្មោះសុខ ស្រីអៀង អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ចំណែកបុរសជាប្ដីឈ្មោះហ៊ន រដ្ឋា អាយុ៤៩ឆ្នាំ មុខរបរកសិករ អ្នកទាំង២មានកូន២នាក់ រស់នៅក្នុងឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
ស្ត្រីជាប្រពន្ធរូបនោះបាននិយាយថា នាងនិងបុរសឈ្មោះហ៊ន រដ្ឋា បានស្គាល់និងយកគ្នាជាប្ដីប្រពន្ធនៅអំឡុងខែតុលា ឆ្នាំ២០១៩ ហើយមិនបានរៀបការ ឬសែនព្រេនតាមប្រពៃណីនោះទេ និងស្គាល់គ្នាយូរទើបនៅជាមួយគ្នា ដែលពេលនោះនាងទើបលែងលះប្ដីមុនបានរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ ។ ការលែងលះប្ដីមុនគឺមានលិខិតស្នាមត្រឹមត្រូវតាមច្បាប់ទៀតផង ហើយពុំមែនទើបតែទាក់ទងគ្នាជាមួយបាន២ថ្ងៃក៏នៅជាមួយគ្នា ឬយកគ្នាទាំងដែលនាងមិនទាន់លែងលះប្ដីមុនដូចជាពាក្យដែលលោកហ៊ន រដ្ឋា ប្ដីទី២នេះចោទប្រកាន់នោះឡើយ ។
នាងសុខ ស្រីអៀង បាននិយាយពីប្រវត្តិស្នេហាគ្រាដំបូងរវាងរូបនាងនិងលោកហ៊ន រដ្ឋា ជាប្ដីនោះថា នៅអំឡុងឆ្នាំ២០១៩នោះនាងធ្វើការនៅម្ដុំជិតស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ នារាជធានីភ្នំពេញ ហើយនាងបានទៅលេងផ្ទះនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ៣ទៅ៤ថ្ងៃដើម្បីមើលម្ដាយ ។ ពេលនោះមានអ្នកភូមិជាមួគ្នាម្នាក់បានហៅនាងឲ្យទៅលេងផ្ទះគាត់ នាងក៏បានទៅលេង ពេលនោះក៏បានជួបក្រុមលោកលោកហ៊ន រដ្ឋា ជាប្ដី ហើយមិត្តភក្ដិគាត់បានសួរនាងថា«តើអូនឯងចង់ទៅធ្វើការអត់ ? ហាងបងចង់រកនារីៗទៅធ្វើការ ពេលនោះនាងបានឆ្លើយថាអត់ទាន់ដឹងទេចាំខ្ញុំសួរម្ដាយខ្ញុំសិន សម្រេចលើម៉ែខ្ញុំទេ ព្រោះអីកូនខ្ញុំ២នាក់នៅតូចៗនៅឡើយ » ។ ក្រោយមកដោយនឹកឃើញថា ទីនោះនៅជិតផ្ទះជិតកូនជាងនៅភ្នំពេញ ទើបនាងព្រមទៅធ្វើការនៅទីនោះ ហើយបានជួបជាមួយលោកហ៊ន រដ្ឋា រាល់ថ្ងៃ ប៉ុន្តែនាង មិនទាន់ដាក់ចិត្តស្រលាញ់គាត់នៅឡើយទេ គឺនាងបានចាត់ទុកគាត់ត្រឹមតែជាបងប្រុស ឬជាពូធម្មតាប៉ុណ្ណោះ ចំណែកគាត់វិញស្រលាញ់នាង និងបានព្យាយាមតាមនាងរហូត ។
ស្រីអៀងបានរៀបរាប់បន្តទៀតថា កាលណោះ ក៏មានអ្នកធ្វើការជាមួយគ្នាចេះតែបង្អាប់ចម្អន់លេងរវាងនាងជាមួយនិងគាត់ ព្រមទាំងជម្រុញឲ្យនាងស្រលាញ់គាត់វិញទៅ ក្រោយមកបុរសនោះបានខលទៅម្ដាយរបស់ខ្លួននៅឯេត្តកំពង់ស្ពឺ ឲ្យជួយនិយាយជាមួយនាងឲ្យនាងព្រមស្រលាញ់គាត់ទៅ ។ ប៉ុន្តែទោះជាបែបនេះក្ដីក៏នាងនៅមិនទាន់យល់ព្រមទេ ដោយគិតថា ខ្លួនទើបតែលេងប្ដីបានកន្លះឆ្នាំប៉ុណ្ណោះ ហើយក៏មិនចង់បានប្ដីទៀតដែរ នាងចង់នៅម្នាក់ឯង បន្ទាប់មកនាងក៏ឈប់ធ្វើការនៅហាងនោះរួចមកបានត្រលប់ទៅនៅផ្ទះវិញ ស្រាប់តែលោកហ៊ន រដ្ឋា បានទៅតាមនាងដល់ផ្ទះទៀត រហូតដល់នាងទន់ចិត្តអាណិតស្រលាញ់ ក៏ព្រមយកគ្នាជាប្ដីប្រពន្ធតែម្ដង ។ ចំណែកឪពុករបស់នាងមិនពេញចិត្តចំពោះលោកហ៊ន រដ្ឋាដែលជាប្ដីក្រោយនេះទេ និងមិនឲ្យនៅផ្ទះជាមួយគាត់ឡើយ រហូតដល់ឆ្នាំ២០២៤ ក្រោយពេលឪពុកនាងស្លាប់ទៅ ទើបប្ដីរូបនេះបានទៅនៅផ្ទះនាងនិងសិទ្ធស្នាលជាងមុន ។
នាងប្រពន្ធម្នាក់នេះបាននិយាបន្ថែមថា ពេលយកគ្នានោះបុរសជាប្ដីគ្មានអ្វីៗទាំងអស់ បើនិយាយដល់ហាងយីហោ«ការ៉េ៣»(៣៣៣៣)នោះគឹជារឿងរបស់ប្ដីជាមួយប្រពន្ធមុនរបស់គាត់តែប៉ុណ្ណោះ នាងគ្រាន់តែបានដឹងខ្លះៗថា ប្ដីនាងនិងប្រពន្ធមុនបានជួលទីតាំងមួយនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបើកហាងការ៉េ៣(៣៣៣៣)នោះ ប៉ុន្តែយីហោនោះ គឺរបស់ម្ចាស់ផ្ទះម្ចាស់ដីគេទេ ហើយក្រោយមកម្ចាស់ដីគេបានសេងយកទៅវិញ តាំងពីមុនពេលជួបនាងមកម្ល៉េះ ។ នាងក៏មិនបានបង្ខំឲ្យប្ដីលក់ហាងនិងលក់រថយន្តយកលុយមកឲ្យនាងដូចការចោទប្រកាន់ឡើយ នាងនៅចាំបានថា ពេលជួបគ្នាដំបូងនៅមិនទាន់បានគ្នាជាប្ដីប្រពន្ធនៅឡើយនោះ នាងឃើញប្ដីជិះរថយន្តម៉ាកកាមរីឆ្លាមពណ៍សំបកឪឡឹក១គ្រឿងដែរ ប៉ុន្តែពុំដឹងថាជារថយន្តគាត់ឬជារបស់នរណាទេ ។ លុះពេលយកគ្នាជាប្ដីប្រពន្ធ គឺប្ដីគ្មានអ្វីទេ ហាងក៏គ្មាន រថយន្តក៏គ្មានដែរ មានតែម៉ូតូកញ្ចាស់១គ្រឿង ប៉ុណ្ណោះ ហើយក្រោយមកម៉ូតូនោះត្រូវបានប្ដីយកទៅលក់បាត់ ពេលនោះក៏នាងមិនបានសួរនាំដែរ ។
ស្ត្រីខាងលើបាននិយាយថា ក្រោយពេលរស់នៅជាមួយគ្នាបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក៏មានភាពរកាំរកូសកើតឡើងរហូត ដោយប្ដីរូបនេះតែងតែរករឿងប្រច័ណ្ឌគ្មានមូលហេតុ បើអត់ផឹកស្រានោះអត់អីទេ ប៉ុន្តែបើផឹកស្រាវិញគឺរករឿងមិនឈប់ និងប្រើហិង្សាជាបន្តបន្ទាប់ ។រហូតដល់ដើមឆ្នាំ២០២៥ ដោយគ្មានលុយចាយនោះនាងបានទៅសុីឈ្នួលបេះផ្លែស្វាយឲ្យគេ ដើម្បីយកលុយទិញអង្ករទិញបាយឲ្យកូនៗហូប ។ ពេលនោះបើនាងចេញទៅទើបប្ដីចញទៅជាមួយដែរ ហើយបើនាងមិនទៅទេ គាត់ក៏មិនទៅដែរ និងបានរករឿងចោទនាងថាពេលគាត់មិននៅនាងយកអ្នកផ្សេងមកដេកជាមួយដល់ផ្ទះ ។ ដោយសារតែពេលផឹកស្រវឹងរករឿងមិនស្វាងរហូតនោះ ទើបក្រោយមកនាងបានហាមមិនឲ្យប្ដីផឹកស្រាទៀតទេ ប៉ុន្តែប្ដីអត់ស្ដាប់សោះ រួចបានបោករបស់របរក្នុងផ្ទះខ្ទេចខ្ទី ។ នាងមិនអាចស៊ូទ្រាំនិងទង្វើប្ដីបានទេ ហើយក៏មិនអាចស៊ូទ្រាំនិងការគ្មានប្រាក់ចាយបានដែរ ទើបនៅថ្ងៃទី២៣ ខែមសា ឆ្នាំ២០២៥ នាងបានចេញមកភ្នំពេញធ្វើការរោងចក្រ ហើយបានទំនាក់ទំនងគ្នាជាមួយប្ដីនិងបានផ្ញើរលុយឲ្យរហូតទៀតផង ។
នាងបានបញ្ជាក់ផងដែរថា លុះចូលដល់ដើមខែមិថុនា ឆ្នាំ២០២៥ ប្ដីបានខលប្រាប់ឲ្យនាងទៅយកកូនទៅនៅផង គាត់លែងរស់នៅជាមួយនាងយកនាងទៀតហើយ គាត់ថាគាត់ត្រូវការយកប្រពន្ធ១ទៀត គាត់គ្មានពេលវេលាថែកូនឲ្យនាងទេ ។ ទើបនៅថ្ងៃទី១១ ខែមិថុនានាងបានទៅផ្ទះ ហើយនៅលេងជាមួយកូនបាន២ទៅ៣ថ្ងៃ នាងបាននិយាយពិគ្រោះជាមួយគាត់ថា ឥឡូវគិតយ៉ាងម៉េច ? សម្រេចចិត្តថានៅមើលកូនបន្តទៀត ឬក៏ឈប់ ? ពេលនោះប្ដីប្រាប់ថាឲ្យនាងយកកូនទៅចុះ គាត់ទៅរកកន្លែងផ្សេងទៀតហើយ ។ ទើបនាងនាំកូនមកភ្នំពេញ ហើយគាត់ក៏តាមរករឿងនាងដល់បេនឡាន ពេលនោះម្ចាស់ឡានក្រុងមិនឲ្យនាងជិះឡានទេព្រោះឈ្លោះគ្នាបែបនេះ ហើយនាងបានសម្រេចចិត្តថាមិនបន្តរស់នៅជាមួយគាត់ទេ រួចក៏នាំកូនជិះរថយន្តផសេងមករស់នៅផ្ទះជួលនៅភ្នំពេញតែម្ដង ។
ស្ត្រីរូបនោះក៏បាននិយាយពីរឿងទំនាក់ទំនងស្នេហាជាមួយប្រុសថ្មីផងដែរថា នាងពិតជាមានទំនាក់ទំនងជាមួយអ្នកថ្មីមែន បន្ទាប់ពីប្ដីថាឈប់រស់នៅជាមួយនាងទៀត ពេលនោះប្ដីក៏ចាប់បានឆាតរបស់នាងនិងអ្នកថ្មី ហើយនាងបានយករូបបុរសដែលស្រលាញ់នាងនោះទៅបង្ហាញប្រាប់ប្ដីថា «នេះគឺជារូបរបស់អ្នកដែលស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ស្រលាញ់គេវិញដែរ »។
នាងក៏និយាយជាមួយប្ដីទៀតថា «ពេលនេះរវាងបងឯងនិងខ្ញុំអត់មានអីទាក់ទងគ្នាទៀតទេ លែងជាប្ដីជាប្រពន្ធនិងគ្នាទៀតហើយ »ខណៈនោះប្ដីមិនបានខឹងសម្បារអ្វីទេព្រោះប្ដីក៏ចង់ទៅរកថ្មីដែរ ហើយក៏បានឯកភាព រួចប្រាប់នាងថា «បើអូនឯងមានថ្មីទៀតយកគេក៏យកទៅ តែសំខាន់អូនឯងយកកូនទៅនៅជាមួយផងទៅ បងគ្មានពេលមើលថែកូនដូចអូនឯងទេ »។ មិនតែប៉ុណ្ណោះក្រោយមកប្ដីបានទាមទារឲ្យនាងផ្ដិតមេដៃលែងលះគ្នាថែមទៀត ផង ប៉ុន្តែនាងប្រាប់ថាមិនបានផ្ដិតមេដៃអីទេ ព្រោះយើងយកគ្នាអត់បានរៀបការផង បើបងឯងចង់យកនរណាទៀតក៏យកចុះខ្ញុំអត់រករឿងទេ។
បន្ទាប់មកនៅថ្ងៃទី១៤ ខែមិថុនា នាងក៏បាននាំកូនមកភ្នំពេញ ហើយស្រាប់តែប្ដីតាមរករឿងនាងដល់បេនឡាន ពេលនោះនាងសម្រេចចិត្តថា មិនទៅបន្តរស់នៅជាមួយគាត់វិញទេ ទើបនាំកូនមកភ្នំពេញតែម្ដង ហើយនៅថ្ងៃទី២០ ខែមិថុនា ប្ដីក៏បានខលមកសុំជួបជុំគ្នាវិញដែរ ប៉ុន្តែនាងនៅតែមិនព្រម ព្រោះនាងសម្រចចិត្តរួចហើយថាឈប់រស់នៅជាមួយគាត់ទៀតហើយ ៕















ចែករំលែកព័តមាននេះ