ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ាបន្ទាប់ពីខ្លួនទទួលរងការវាយប្រហារទីតាំងនុយក្លេអ៊ែរបីកន្លែង។ លោកអាលី អាក់ក្បា វេឡាយ៉ាទី (Ali Akbar Velayati) ជាទីប្រឹក្សារបស់អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់។ លោកថ្លែងថាយោធាអាមេរិកវាយប្រហារចេញពីមូលដ្ឋានណា អ៊ីរ៉ង់អាចវាយប្រហារមូលដ្ឋាននោះវិញដើម្បីជាការសងសឹក។
លោកថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់អាយអ័រអឹនអេ (IRNA) ថាបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ឬនៅតំបន់ដទៃទៀតដែលយោធាអាមេរិកប្រើប្រាស់ជាមូលដ្ឋានវាយប្រហារចេញពីទីនោះអាចក្លាយជាទីតាំងដែលអ៊ីរ៉ង់វាយបកវិញ។ លោកថាអាមេរិកបានវាយប្រហារចំកណ្ដាលបេះដូងរបស់ពិភពឥស្លាម ហេតុនេះអាមេរិកសូមរង់ចាំទទួលនូវផលវិបាកដ៏ធ្ងន់ធ្ងរទៅ។
បន្ទាប់ពីវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់រួច លោកត្រាំបានជំរុញឱ្យអ៊ីរ៉ង់បញ្ចប់បញ្ហាត្រឹមនេះចុះដើម្បីកុំឱ្យមានរឿងវែងឆ្ងាយតទៅទៀត។ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមថាយើងវាយប្រហារដោយជោគជ័យកាលពីម្សិលមិញ ហើយធ្វើឱ្យអ៊ីរ៉ង់បាត់បង់ឱកាសផលិតនុយក្លេអ៊ែរ។ ទោះបីលោកត្រាំមិនបានជំរុញឱ្យដូររបបដឹកនាំនៅអ៊ីរ៉ង់ ប៉ុន្តែលោកប្រកាសគាំទ្រជាចំហ។
លោកត្រាំថ្លែងថាការប្រើពាក្យ «ដូររបបដឹកនាំ» មិនត្រឹមត្រូវទៅតាមវាក្យស័ព្ទនយោបាយទេ។ ប៉ុន្តែបើរបបដឹកនាំនៅអ៊ីរ៉ង់សព្វថ្ងៃនេះមិនអាចធ្វើឱ្យប្រទេសជាតិខ្លួនអស្ចារ្យម្ដងទៀតទេ ហេតុអ្វីមិនដូររបបដឹកនាំ? កាលពីមុននេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់រងគ្រោះយ៉ាងដំណំ។ លោកថាប្រតិបត្តិសឹកទម្លាក់គ្រាប់បែកលើកនេះមិនមែនសំដៅទៅលើជនស៊ីវិល និងយោធាទេ៕
ចែករំលែកព័តមាននេះ