រាជធានីភ្នំពេញ ៖ រដ្ឋបាលខេត្តបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការផ្អាកការធ្វើដំណើរចូលទៅតំបន់រមណីយដ្ឋានក្បាលឆាយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់ បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង២០ម៉ែត្រ ត្រង់ចំណុចPK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាមួយនឹងគ្រោះជំនន់ទឹកភ្លៀងនេះ ផ្លូវចូលទៅក្បាលឆាយ ទឹកបានហូរច្រោះដាច់ ហើយក៏មានព័ត៌មានអកុសលមួយថា ស្ត្រីម្នាក់ដែលជិះម៉ូតូឆ្លងកាត់ ត្រូវទឹកកួចរសាត់ទៅតាមខ្សែទឹករកមិនទាន់ឃើញនៅឡើយ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
សមត្ថកិច្ចឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយផ្តាច់ផ្លូវចូលទៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្នុងនោះមានស្ត្រីម្នាក់ដែលជិះម៉ូតូបានហូរតាមទឹកទៅបាត់ ឃើញសល់តែម៉ូតូ១គ្រឿង ។ មកទល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចរកឃើញតែម៉ូតូ ប៉ុន្តែស្ត្រីម្នាក់ដែលបាត់ខ្លួនតាមទឹកហូរនោះ រកពុំទាន់ឃើញនៅឡើយ ក្នុងនោះសមត្ថកិច្ចក៏កំពុងតាមស្វែងរកបន្ត និងពុំទាន់ដឹងថា ជោគវាសនាស្ត្រីរូបនោះបែបណានៅឡើយទេ ។

សមត្ថកិច្ចបានប្រាប់ដោយដកស្រង់សម្តីបុរសជាប្តីថា ភរិយាគាត់ដែលបាត់ខ្លួននោះឈ្មោះ ទ្រី ផល្លី បានជិះម៉ូតូម៉ាក SUZUKI SMASH គ្មានផ្លាកលេខ ធ្វើជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែងស្ថិតនៅអូរ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ តាមបុរសជាប្ដីថា គ្រោះថ្នាក់នេះទំនងជាកើតឡើងពេលភរិយាគាត់ចេញពីធ្វើការត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូឆ្លងកាត់ចំពេលផ្លូវត្រូវទឹកហូរច្រោះដាច់ ។ ក្រោយទាក់ទងទូរសព្ទ័ជាមួយភរិយាមិនបាន គាត់ជាប្តីបានរាយការណ៍ទៅសមត្ថកិច្ចជួយស្វែងរក ។
សូមបញ្ជាក់ថា ហេតុការណ៍បាក់ដាច់ផ្លូវចូលទៅកាន់រមណីយដ្ឋានក្បាលឆាយនេះ មានបណ្តោយផ្លូវប្រវែងជាង២០ម៉ែត្រ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ