ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ច្រានចោលទាំង​ស្រុង​នូវ​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត និង​គ្មាន​ការ​ទទួលខុសត្រូវរបស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត និង​គ្មាន​ការ​ទទួលខុសត្រូវ​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ នេះ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត និង​គ្មាន​ការ​ទទួលខុសត្រូវ​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ នេះ ។

យោង​តាម​ក្រសួងការពារជាតិ ពាក់ព័ន្ធ​នឹង​ករណី​ទាហាន​ថៃ​នាំ​អ្នក​ជិះ​កង់​ជនជាតិ​ថៃ​១៥០​នាក់ ឡើង​ប្រាសាទតាមាន់ធំ​ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ។ កម្ពុជា​បញ្ជាក់​សា​ជា​ថ្មី​ថា ប្រាសាទតាមាន់ធំ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​រាល់​ការ​ឆ្លើយ​តប​របស់​កងទ័ព​កម្ពុជា គឺ​មាន​ភាព​សម​ស្រប ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​គោរព​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ឱ្យ​បាន​ពេញលេញ និង​ម៉ឺងម៉ាត់ ព្រមទាំង​ជៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ប៉ះពាល់​ដល់​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​គំរាមកំហែង​ស្ថិរភាព​ក្នុង​តំបន់​។

កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត និង​គ្មាន​ការ​ទទួលខុសត្រូវ​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ ទាក់ទង​នឹង​ឧប្បត្តិហេតុ​នៅ​ប្រាសាទតាមាន់ធំ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​មាន់​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥​។ ដើម្បី​ផ្តល់​ភាព​ច្បាស់លាស់ និង​ការ​ពិត​ចំពោះ​ឧប្បត្តិ​ហេតុនេះ កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​បញ្ជាក់​ចំនួន បួន​ចំណុច​ដូច​តទៅ​៖

ទី​មួយ​៖ ការ​អះអាង​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ ដែល​ថា​ខ្លួន​បាន​ជូនដំណឹង​ដល់​កងទ័ព​កម្ពុជា​អំពី​ការ​មក​ទស្សនា​របស់​អ្នក​ជិះ​កង់​ជនជាតិ​ថៃ​ចំនួន​១៥០​នាក់​នៅ​ប្រាសាទតាមាន់ធំ គឺជា​រឿង​មិន​ពិត​។ កងទ័ព​កម្ពុជា​ពុំ​បាន​ទទួល​ការ​ជូនដំណឹង​ពី​ភាគី​ថៃ មិន​ថា​ជា​ពាក្យ​សម្តី ឬ​តាម​រយៈ​ទំនាក់ទំនង​ផ្លូវការ អំពី​ការ​មក​ទស្សនា​ប្រាសាទ​របស់​ក្រុម​អ្នក​ជិះ​កង់​ជនជាតិ​ថៃ​ទាំងនេះ​ទេ​។ ប្រសិនបើ​កងទ័ព​ថៃ​ពិតជា​មាន​ភាព​ស្អាតស្អំ និង​គ្មាន​ចេតនា​មិនល្អ​នោះ​ទេ គួរតែ​ធ្វើ​សកម្មភាព​ប្រកបដោយ​តម្លាភាព និង​ស្រប​តាម​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំង​ពីរ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពាក់ព័ន្ធ​នឹង​ពេលវេលា និង​លក្ខខណ្ឌ​នៃ​ការ​ចេញចូល​ប្រាសាទ​។

ទី​ពីរ​៖ ពេល​សង្កេត​ឃើញ​ការ​មក​ទស្សនា​ដោយ​គ្មាន​ការ​អនុញ្ញាត ពី​សំណាក់​អ្នក​ជិះ​កង់​ជនជាតិ​ថៃ​ទាំងនេះ កងទ័ព​កម្ពុជា​បាន​ឆ្លើយ​តប​ដោយ​សមរម្យ មាន​សុជីវធម៌ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។ កងទ័ព​កម្ពុជា​បាន​រំឭក​កងទ័ព​ថៃ​ថា ការ​មក​ទស្សនា​ដោយ​គ្មាន​ការ​ឯកភាព​គ្នា​ជា​មុន​នេះ គឺជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​ហើយ​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ​គោរព​លក្ខខណ្ឌ​ទាំងនេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​។ ទោះបីជា​មានការ​បំពាន​ដូច​បាន​រៀបរាប់​ខាងលើ​ក៏​ដោយ កងទ័ព​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ថតរូប និង​ចាក​ចេញពី​តំបន់​នោះ​ដោយ​សន្តិវិធី ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​អត់ធ្មត់ ការ​ទទួលខុសត្រូវ និង​បំណងប្រាថ្នា​ដ៏​ស្មោះស្ម័គ្រ​របស់​កងទ័ព​កម្ពុជា ក្នុង​ការ​ជៀសវាង​កុំឱ្យ​មាន​ភាព​តានតឹង​ដោយ​មិន​ចាំបាច់​។

ទី​បី​៖ ការ​អះអាង​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ​ថា បញ្ហា​ខាងលើ​នេះ​អាច​បណ្តាល​មក​ពី​ការ​យល់​ច្រឡំ​ក្នុង​ទំនាក់ទំនង​ផ្ទៃក្នុង​រវាង​កងទ័ព​កម្ពុជា និង​រាជរដ្ឋាភិបាល​របស់​ខ្លួន ការ​លើក​ឡើង​បែប​នេះ គឺជា​ទ​ង្វើ​ដែល​គ្មាន​ការ​ទទួលខុសត្រូវ​បំផុត ប្រាសចាក​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នកនាំពាក្យ ដែល​មាន​តួនាទី​ត្រូវ​ផ្តល់​ការ​ពិត និង​ផ្អែក​លើ​ភស្តុ​តាង​។ ការ​ចោទប្រកាន់​បែប​នេះ គឺជា​ចេតនា​បិទ​បាំង​កំហុសឆ្គង​របស់​កងទ័ព​ថៃ ដែល​បាន​ល្មើស​លើ​កិច្ចព្រមព្រៀង ហើយ​មិន​ហ៊ាន​ទទួលខុសត្រូវ បែរជា​មក​ចោទប្រកាន់​កងទ័ព​កម្ពុជា ក្នុង​ចេតនា​បំភ័ន្ត​ការ​ពិតជា​មួយ​ប្រជាជន​ខ្លួន​។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​រួម​គ្នា​តែ​មួយ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ការពារ​បូរណភាព​ទឹកដី​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។

ទី​បួន​៖ កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី​ថា តាម​ផែនទី​មាត្រដ្ឋាន ១:២០០.០០០ ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដែល​ជា​ការ​ពិត​មិន​អាច​ក្រឡាស់​បាន​។ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ឱ្យ​បាន​ពេញលេញ និង​ម៉ឺងម៉ាត់ ប្រកបដោយ​ភាព​ស្មោះត្រង់ ព្រមទាំង​ជៀសវាង​រាល់​សកម្មភាព​បំភ័ន្ត​ការ​ពិត ដែល​អាច​បំផ្លាញ​ទំនុកចិត្ត និង​ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក​។ កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​មិត្ត​ជិតខាង​ល្អ ប៉ុន្តែ​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​មក​ឈ្លានពាន​បានជា​ដាច់ខាត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ