ទីក្រុងតេអេរ៉ង់៖ បន្ទាប់ពីរងការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរបីកន្លែងរបស់ខ្លួនកាលពីម្សិលមិញរួចមក ប្រទេសអ៊ីរ៉ង់កំពុងថ្លឹងថ្លែងថាតើត្រូវឆ្លើយតបដោយរបៀបណា។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់ និងអ៊ីស្រាអែលនៅតែវាយប្រហារគ្នាដោយគ្រាប់មីស៊ីលជាបន្តទៀត។ ប៉ុន្តែលើកនេះលោកត្រាំព្រមានថាអាចនឹងដូររបបដឹកនាំនៅប្រទេសអ៊ីរ៉ង់។
បន្ទាប់ពីវាយប្រហារភ្លាមៗកាលពីម្សិលមិញ អ៊ីរ៉ង់ប្រកាសថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារខ្លួនទោះបីសហគមន៍អន្តរជាតិអំពាវនាវឱ្យភាគីទាំងអស់ប្រើប្រាស់ការអត់ធ្មត់យ៉ាងណាក្ដី។ កាលពីមុននេះ លោកត្រាំប្រាប់អ៊ីរ៉ង់ថាមិនត្រូវសងសឹកករណីវាយប្រហារទីតាំងនុយក្លេអ៊ែរនោះទេ, ត្រូវតែទទួលយកសន្តិភាព។ បើមិនដូច្នេះទេ អាមេរិកនឹងវាយប្រហារបន្ថែមទៀត។ លើកនេះកាន់តែធ្ងន់ធ្ងរជាងមុនឆ្ងាយណាស់។
នាយអគ្គសេនាធិការកងទ័ពអាមេរិកថ្លែងថាអាមេរិកប្រើប្រាស់គ្រាប់បែកទម្លាក់ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់៧៥គ្រាប់ ក្នុងនោះមានគ្រាប់បែកទម្លាក់ទៅលើជម្រកក្រោមដី និងមីស៊ីលថូម៉ាហកជាង២០គ្រាប់។ ទីភ្នាក់ងារអាតូមិចអន្តរជាតិថ្លែងថាគ្មានការបែកធ្លាយសារធាតុវិទ្យុសកម្មចេញពីទីតាំងទាំងនោះទេ។ ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ប្រាប់ថាសារធាតុអ៊ុយរ៉ាញ៉ូមនៅទីតាំងមួយកន្លែងឈ្មោះហ្វ័រដូ (Fordow) ត្រូវបានរុះរើទៅដាក់នៅកន្លែងផ្សេងតាំងពីមុនពេលវាយប្រហារនោះទៅទៀត។
ជាកិច្ចឆ្លើយតប អ៊ីរ៉ង់បាញ់មីស៊ីលយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលអ៊ីស្រាអែលបណ្ដាលឱ្យរបួសមនុស្ស និងខូចខាតអគារជាច្រើនកន្លែងនៅតែឡាវីវ។ ប៉ុន្តែអ៊ីរ៉ង់មិនទាន់ចាត់ការទៅលើអាមេរិកនៅឡើយទេ ហើយក៏មិនទាន់បិទខ្ទប់ផ្លូវនាវាដឹកប្រេងកាត់ច្រកសមុទ្រហ័រមូស (Hormus) នៅឡើយដែរ។ បើអ៊ីរ៉ង់បិទច្រកដឹកប្រេងនេះអាចនឹងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់នៅលើទីផ្សារពិភពលោក។
ថ្ងៃនេះតម្លៃប្រេងឆៅនៅអឺរ៉ុបហក់ឡើងបន្តិចដល់៧៨,៨៩ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅនៅអាមេរិកហក់ឡើងដល់៧៥,៧១ដុល្លារក្នុងមួយបារ៉ែល។ រដ្ឋសភាអ៊ីរ៉ង់បានអនុម័តគាំទ្រឱ្យបិទច្រកនេះរួចហើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវឱ្យប្រទេសចិនជួយនិយយាបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំបិទច្រកនេះ។ បើអ៊ីរ៉ង់ធ្វើដូច្នេះមែនជាកំហុសដ៏ធំមួយ។
លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមបំផុសពីលទ្ធភាពនៃការដូររបបដឹកនាំនៅអ៊ីរ៉ង់។ លោកថាវាមិនមែនជាការត្រឹមត្រូវផ្នែកនយោបាយទេដែលប្រើពាក្យដូររបប។ ប៉ុន្តែបើរបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃមិនអាចធ្វើឱ្យប្រទេសអ៊ីរ៉ង់អស្ចារ្យម្ដងទៀតទេ ហេតុអ្វីមិនដូររបបនេះចេញ។ ការបង្ហោះសារនយោបាយនេះបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់លោកដូចជាអនុប្រធានាធិបតី និងរដ្ឋមន្ត្រីការពារបានសង្កត់ធ្ងន់ថាអាមេរិកគ្មានផែនការផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់សព្វថ្ងៃនេះទេ៕
ចែករំលែកព័តមាននេះ