ទីក្រុងកៀវ៖ កាលពីយប់មិញ និងព្រឹកមិញ រុស្ស៊ីវាយប្រហារជាថ្មីទៅលើទីក្រុងកៀវរបស់អ៊ុយក្រែនដោយប្រើប្រាស់ផ្គួបគ្នារវាងមីស៊ីល និងដ្រូន។ តំបន់ខ្សែក្រវាត់ក្រុងកៀវក៏រងការវាយប្រហារផងដែរ។ ជារួម មនុស្សយ៉ាងតិច៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ សាក្សីនិយាយថាអគាររបស់ជនស៊ីវិលជាច្រើនខ្នងឆេះយ៉ាងសន្ធោសន្ធៅ។ មាត់ច្រកចេញចូលស្ថានីយរថភ្លើងក្រោមដីដែលប្រើប្រាស់ជាទីកន្លែងជ្រកកោនពេលមានសង្គ្រាមក៏រងការខូចខាតផងដែរ។
អាជ្ញាធរអះអាងថាមនុស្សយ៉ាងតិច៦នាក់ស្លាប់នៅសង្កាត់សេវឆិនវីស្គី (Shevchenkivskyi) ដែលជាតំបន់ប្រជុំជនដ៏មមាញឹក។ ទីនេះជាច្រកចេញចូលនៃបណ្ដុំអគារខ្ពស់ៗ។ នៅក្នុងចំណោមអ្នករបួស២៥នាក់ក៏មានកុមារ៤នាក់ផងដែរ។ អាជ្ញាធរអះអាងថារុស្ស៊ីចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនហើយ។ ពួកគេដូរទៅវាយប្រហារទីតាំងទាំងឡាយណាដែលមានប្រជាជនរស់នៅច្រើន។
ប៉ុន្មានអាទិត្យចុងក្រោយនេះ រុស្ស៊ីបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗដោយដ្រូន និងមីស៊ីលទៅលើទីក្រុងកៀវ និងទីក្រុងតូចធំដទៃទៀតរបស់អ៊ុយក្រែនបន្ទាប់ពីការជួបគ្នា២ដងនៅប្រទេសតួកគីមិនសូវមានលទ្ធផលជាដុំកំភួនទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនថ្លែងថាអាចមានមនុស្សជាច្រើនទៀតកប់នៅក្នុងគំនរបាក់បែកក្រោយការវាយប្រហារកាលពីយប់មិញ។
ទ័ពអាកាសអ៊ុយក្រែនអះអាងថានៅក្នុងចំណោមដ្រូនដែលរុស្ស៊ីបញូនទៅវាយប្រហារ៣៥២គ្រឿង ខ្លួនអាចបាញ់ទម្លាក់បាន៣៣៩គ្រឿង។ លោកហ្សេឡិនស្គីត្រៀមធ្វើដំណើរទៅទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីពិភាក្សាអំពីការផ្ដល់ជំនួយយោធា និងការដាក់សម្ពាធបន្ថែមទៀតដើម្បីឱ្យរុស្ស៊ីឈប់វាយប្រហារតទៅទៀត។ តាមរយៈរូបថតដែលបង្ហោះដោយទីភ្នាក់ងារជួយសង្គ្រោះអ៊ុយក្រែន គេឃើញក្រុមការងារកំពុងនៅតែបន្តដឹកជញ្ជូនមនុស្សទៅកាន់ទីកន្លែងសុវត្ថិភាព៕
ចែករំលែកព័តមាននេះ