រាជធានីភ្នំពេញ ៖ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការលុបបំបាត់គ្រឿងញៀនមិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យ
អស់ ។

ឯកឧត្តម នេត សាវឿន បានថ្លែងបែបនេះ កាលពីរសៀលថ្ងៃអាទិត្យទី២២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដែលបានប្រារព្ធធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿនមានប្រសាសន៍ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមរាជធានី-ខេត្តទាំង២៥ ។

ការបង្កើតឱ្យមានពិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ការប្រើប្រាស់និងជួញដូគ្រឿងញៀន ។ ដើម្បីលុបបំបាត់គ្រឿងញៀនពីកម្ពុជា សម្រាប់ទិិ វា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសយកប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ។យើងបង្ការ ប្រសើរជាងបង្ក្រាបនិងការព្យាបាល ។

ដើម្បីឱ្យសង្គមមួយគ្មានគ្រឿងញៀន យើងត្រូវរួមគ្នាប្រឆាំងដាច់ខាតចំពោះគ្រឿងញៀន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងទៀតថា នៅលើពិភពលោក បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញ ដោះស្រាយមិនទាន់ចេញនៅឡើយទេ ។ ក្នុងនោះសម្រាប់កម្ពុជា យើងក៏មិនទាន់លុបបំបាត់គ្រឿងញៀនបាននៅឡើយដែរ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅកម្ពុជាក្នុង១ឆ្នាំចុងក្រោយនេះឃើញថា បញ្ហាគ្រឿងញៀននេះហាក់មានការថមថយគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍មានការថយចុះ ។ ការកែច្នៃគ្រឿងញៀនក៏ត្រូវបានលុបបំបាត់ស្ទើទាំងស្រុង ។ នេះជាការបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានចុះពិនិត្យរដ្ឋបាលនៅតំបន់ស្មុគស្មាញសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជិត៤០០កន្លែង ពិសេសនៅផ្ទះជួល និងខុនដូ ។
យើងបានអនុវត្តច្បាប់ជាង៣០០ករណី ឃាត់ខ្លួនជនសង្ស័យបានជាង ១ ៥០០នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម ។ បន្ថែមពីនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានជួយសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនចំនួនជិត ១ ០០០នាក់(ស្រី៨៦នាក់) ។ ជាងនេះទៀត យើងបានធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការនៅរាជធានីភ្នំពេញចំនួន ១៣ ៩៦៣នាក់(ស្រី៥៧៣៨នាក់) ។

លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាគ្រឿងញៀននេះ ទាំងការទប់ស្កាត់ ការបង្ក្រាប និងការផ្សព្វផ្សាយអប់រំជាដើម ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅការអភិវឌ្ឍ ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ក្នុងការលុបបំបាត់ ។

លោក ហ៊ុន សុរិទ្ធី ថ្លែងទៀតថា ពិធីអបអរ សា ទរ ទិ វា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ធ្វើឡើងដើម្បីដាស់តឿនក្រើនរំឭកឱ្យគ្រប់គ្នាបានយល់ដឹង និងភាពគ្រោះថ្នាក់ពីគ្រឿងញៀន ។ ជាមួយនេះ ក៏ជាសារមួយឱ្យជនល្មើសគ្រឿងញៀនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់ខ្លួន ដោយកងកម្លាំងមានសមត្ថកិច្ចរបស់យើង បាននិងកំពុងស្រាវជ្រាវបង្ក្រាបឱ្យដល់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ៕
ចែករំលែកព័តមាននេះ