រាជធានីភ្នំពេញ ៖ ទីបំផុត នៅសៀលថ្ងៃទី១០ ខែឧសភា ស្ដ្រីវ័យក្មេងម្នាក់ដែលបានបង្ហោះតាមយូធូបនិងហ្វេសប៊ុក ពីការសម្លាប់សត្វព្រៃជាច្រើនប្រភេទយកមកធ្វើម្ហូប រួមជាមួយប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលខ្លួនមកកាន់ក្រសួងបរិស្ថាន ដើម្បីសារភាពពីទោសកំហុសបន្ទាប់ពីដឹងថា ក្រសួងនឹងចាត់វិធានការចំពោះទង្វើបំផ្លាញសត្វព្រៃនេះ ។ ស្ត្រីវ័យក្មេងរូបនេះនិងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោល គឺទិញតពីគេហើយយកមកថតជាវីដេអូនិងរូបភាព ដើម្បីបង្ហោះតាមយូធូបនិងហ្វេសប៊ុក ក្នុងគោលបំណងស្វែងរកប្រាក់តែប៉ុណ្ណោះ ហើយក៏មិនបានដឹងថា មានការប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបែបនេះឡើយ ។ នៅរសៀលថ្ងៃនោះ ពួកគេទាំង២នាក់បានធ្វើកិច្ចសន្យានៅចំពោះមុខមន្ត្រីក្រសួងបរិស្ថាន ពីទោសកំហុសរបស់ខ្លួន ហើយប្តេជ្ញាបញ្ឈប់ទង្វើបែបនេះទៅទៀត ។

សូមបញ្ជាក់ថា ប្តីប្រពន្ធវ័យក្មេងមួយគូនេះ បានបង្កើតទំព័រយូធូបមួយឈ្មោះ«Natural Life
TV» ដោយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មកបង្ហោះលើទំព័រយូធូបរបស់ខ្លួន ។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឱ្យបានច្រើន ដើម្បីទទួលបានប្រាក់នៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google ។ ជាមួយនឹងការចូលសារភាពរបស់២នាក់ប្តីប្រពន្ធនេះ ក្រសួងបរិស្ថានក៏បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយទាក់ទងនឹងការទិញសត្វព្រៃយកមកធ្វើម្ហូប ហើយបង្ហោះក្នុងបណ្តាញសង្គម ។ នារីរូបនេះឈ្មោះ ចាន់ ប៉ូលីន បានចូលសារភាពជាមួយប្តីឈ្មោះ គង់ រ៉ាទី ដោយប្រកាសទទួលកំហុសចំពោះការប្រព្រឹត្តនេះ ។

មុនពេលចាប់ផ្តើមសន្និសីទសារព័ត៌មាន ក្រុមមន្ត្រីនៃក្រសួងបរិស្ថានបានឲ្យប្តីប្រពន្ធនេះ សរសេរប្រវត្តិរូបដាក់ឈ្មោះពួកគេ និងទីតាំង ដែលពួកគេបានប្រព្រឹត្ត ។ ក្រុមមន្ត្រីបានអះអាងថា ការនាំមកនេះ គឺដើម្បីឲ្យពួកគេបញ្ជាក់ជាសាធារណៈពីអ្វីដែលបានធ្វើនិងប៉ះពាល់ដល់សត្វព្រៃ ។ ពួកគេបានបង្ហោះសកម្មភាពក្នុងបណ្តាញសង្គម និងត្រូវបានមហាជនមានប្រតិកម្មថ្កោលទោសយ៉ាងខ្លាំង ហើយបើមិនមកសារភាពជា
សាធារណៈទេ អាចប៉ះពាល់ដល់ស្ថាប័នរដ្ឋផងដែរ តែមន្ត្រីរូបនេះអះអាងថា៖ «ក្រោយពេលពួកគេសារភាព គឺចប់រឿងហើយ» ។

បុរសជាប្តីឈ្មោះ គង់ រ៉ាទី និងប្រពន្ធឈ្មោះចាន់ ប៉ូលីន បានសារភាពជាមួយនឹងការការពារខ្លួនខ្លះៗថា បានយកមាន់ទោ ដែលជាសត្វស្រុកមកបង្ហោះនោះ គឺមិនមែនជាសត្វព្រៃទេ ហើយនៅពេលសមត្ថកិច្ចធ្វើការណែនាំរួច រូបគេសន្យាថានឹងមិនធ្វើបែបនេះទៀតទេ ។ ពួកគេមានទីលំនៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ហើយសត្វទាំងនោះសុទ្ធតែងាប់ទេ តែយ៉ាងណាក៏ដោយ ក៏នៅតែជាកំហុសរបស់ពួកគេដដែល ដោយសារមិនដឹងថា ប៉ះពាល់ធ្ងន់ធ្ងរបែបនេះ ។

បុរសជាប្តីសារភាពថា ពេលចប់សន្និសីទសារព័ត៌មាននេះទៅ ពួកគេនឹងមិនធ្វើដូច្នេះតទៅទៀតទេ ព្រោះតែចង់បានលុយតាមយូធូបពេក ហើយរាល់សត្វទាំងអស់នេះ គឺបានទិញតាមផ្លូវ និងជាសត្វដែលងាប់ស្រាប់ ។ កាលពីមុន ពួកគេធ្លាប់បានធ្វើដូចគ្នាដែរ លើខ្យង ក្តាម ត្រី តែមិនដឹងថា ធ្វើលើសត្វព្រៃខុសច្បាប់ទេ គឺជារឿងអចេតនា ព្រោះមិនដឹងថា ប៉ះពាល់ខ្លាំងបែបនេះ ។ បុរសជាប្តីនិយាយទៀតថា នៅពេលមានគេវាយប្រហារតាមហ្វេសប៊ុក ទើបពួកខ្លួន២នាក់ប្តីប្រពន្ធ នាំគ្នាមកសារភាពទទួលទោសកំហុស ។បុរសជាប្តីឈ្មោះ គង់ រ៉ាទី ដែលមានអាយុ៣០ឆ្នាំ បានសារភាពនៅចំពោះមុខមន្ត្រីក្រសួងបរិស្ថាន និងអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១០ ខែឧសភាថា ទង្វើសម្លាប់សត្វជាច្រើនក្បាលបង្ហោះរូបតាមហ្វេសប៊ុកនេះដោយសារតែពួកគេមិនបានដឹងថា មានទោសនោះឡើយ ។ អ្នកទាំងពីរនាក់បានឲ្យដឹងថា សត្វដែលពួកគេយកមកធ្វើម្ហូបនេះ បានទិញតាមផ្លូវ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដោយតម្លៃត្រឹមតែ២០ដុល្លារ ដើម្បីយកមកថតឱ្យប្លែក ។

អ្នកទាំង២នាក់និយាយទៀតថា វីដេអូនេះ គឺបានថតតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧មកម្លេ៉ះ ប៉ុន្តែអ្នកលេងហ្វេសប៊ុក ទើបតែយកមកបំផុសនៅពេលនេះ ។ មន្ត្រីបរិស្ថាននិយាយថា «តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ យើងគ្មានការលើកលែងទោស ឬសម្រួលតាមច្បាប់ណាឡើយ ។ ដោយយើងពិនិត្យទៅលើសត្វព្រៃ វាមិនបានស្ថិតនៅក្នុងប្រភេទសត្វដែលជិតផុតពូជទេ គឺស្ថិតក្នុងប្រភេទសត្វបង្គួរ អុីចឹងច្បាប់អនុញ្ញាតឱ្យយើងខ្ញុំពិនិត្យតាមច្បាប់អន្តរការណ៍ យើងនឹងរៀបចំទៅតាមនីតិវិធីច្បាប់» ។បើតាមទាំង២នាក់ប្តីប្រពន្ធអះអាងថា ពួកគេរស់នៅក្នុងរាជធានីភ្នំពេញ ហើយការធ្វើនេះគឺក្នុងបំណងរកចំណូលបន្ថែមពីលើមុខរបរបើកសាលាបង្រៀនផ្នែកគូរប្លង់ ។

ក្នុងសន្និសីទសារព័ត៌មាននេះដែរ មន្ត្រីសមត្ថកិច្ចបានអះអាងថា អ្នកជាប់ពាក់ព័ន្ធនឹងរឿងមានតែ២នាក់ប្តីប្រពន្ធនេះទេ ដោយដំបូងឡើយមានតែប្រពន្ធ តែដោយមានការសង្ស័យ ទើបហៅប្តីមកសួរនាំ ។ ប៉ុន្តែបើតាមការសាកសួររបស់អ្នកសារព័ត៌មាន គឺមានអ្នកផ្សេងទៀតចូលរួម តែពួកគេសុទ្ធតែនៅក្មេងៗ ដែលប្រហែលមិនមែនជាអ្នកមានចេតនាធ្វើទេ ៕

ចែករំលែកព័តមាននេះ