ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលចំនួន០២ដង មិនរាងចាល ហើយលើកនេះគា.ស់ផ្ទះចូលតាមដំបូលក្បឿងលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាន ។
ការបង្ក្រាបនេះដែរបានធ្វើទ្បើង កាលពីវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ចំណុចផ្លូវ២១ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្រោមស្ពានវត្តព្រែកសំរោងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០២ដង (ករណីលួច និងគ្រឿងញៀ.ន) ។
ក្នុងនោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យករួមមាន ៖ ១-នាឡិការម៉ាក Seiko មួយគ្រឿង ខ្សៃស្បែកពណ៍ខ្មៅ (របស់ជនរងគ្រោះ) ។
២-នាឡិការម៉ាកseikoមួយគ្រឿងខ្សៃដែកអ៊ីណុក(របស់ជនរងគ្រោះ)។ ៣-ចិញ្ចៀនដាំត្បូង ពណ៌លឿងមួយវង់ (របស់ជនរងគ្រោះ)។

ចំណែកជនរងគ្រោះ០២នាក់ ៖ ១-ឈ្មោះ ស៊ុយ សែនសករាជ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកវីង បាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។ ២-ឈ្មោះ ឆាក់ កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរគ្រូពេទ្យ ។
ចំពោះសម្ភារៈបាត់បង់ ៖ កាបូបស្ពាយ៣, ប្រាក់ចំនួន៦០០ដុល្លារ, ចិញ្ចៀនពេជ្រចំនួន០១វង់ ,នាឡិការចំនួន០៤គ្រឿង, ម៉ាស៊ីនថតចំនួន០១គ្រឿង, កង្ហាចំនួន០១គ្រឿង, ម៉ូទ័រស្វានចំនួន០១គ្រឿង អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួន ។

លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង០៣និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានឡើងតាមដើមឈើមុខផ្ទះរបស់ជនរងគ្រោះដើរលួចតាមដំបូលផ្ទះខាងមុខ រួចហើយគា.ស់ដំបូលផ្ទះ របស់ជនរងគ្រោះចូលលួចយកសម្ភារៈមួយចំនួន រួចគេចខ្លួនបាត់ទៅ ។
ក្រោយកើតហេតុភ្លាមៗជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យលោកជួយស្រាវជ្រាវចាប់ជនសង្ស័យ ។

លុះរហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្លាំងនគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ ដែលជាជនសង្ស័យម្នាក់បានចូលទៅធ្វើសកម្មភាពលួចគា.ស់ផ្ទះជនរងគ្រោះខាងលើ ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរចាត់ការតាមនីតិវិធីតែម្តង ។ តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានធ្វើសកម្មភាពលួចគា.ស់ផ្ទះរបស់ជនរងគ្រោះ២នាក់ខាងលើយកទ្រព្យសម្បត្តិប្រាកដមែន ។
ចំណែកឯកសារផ្សេងៗគាត់បានយកទៅបោះចោល ក្នុងទឹកទន្លេបាត់អស់ហើយ រីឯសម្ភារៈមួយចំនួនទៀត បានចែកអោយទៅមិត្តភក្តិរស់នៅក្រោមស្ពានយកទៅលក់យកលុយចាយអស់ហើយ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ