ខេត្តសៀមរាប ៖ ថ្លែងពីទឹកដីខេត្តសៀមរាប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា សម្តេចកំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណាដែលបាញ់ដ្រូនរបស់ថៃដែលហោះចូលដីខ្មែរ ។ សម្ដេចថានេះមិនមែនជាការប្រមាថឡើយ ។
ថ្លែងនាឱកាសបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានបញ្ហា បានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាស ន៍ណាមករំលោភបំពានមើលងាយបានឡើយ ។
ថ្លែងជាសារធារណៈក្នុងពិធីនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «អាហោះ(ដ្រូន) អាស្អីៗហ្នឹង បង្ហាញមកនឹង បើសិនបងប្អូនណាដាក់ឆេះ តើលើកទឹកចិត្តគាត់ប៉ុន្មាន គិតអាហ្នឹងទៅវិញ កំពុងតែពិចារណា មិនមែនជាការប្រមាថ ប៉ុន្ដែអ្នកបញ្ចេញបែបនេះ ហើយគំរាមមកលើយើង ។ មានការប្រមាថថាទ័ពគេមកបាញ់ទ័ពខ្មែរធ្វើជី ធ្វើអី អ្នកឯងថា ចុះជារឿងតាមហ្វេសប៊ុក ។
ប៉ុន្ដែ សូមកុំប្រមាថឱ្យសោះ ។ ចំពោះជម្លោះជាមួយថៃរឿងព្រំដែនដែលអូសបន្លាយជាច្រើនថ្ងៃមកនេះ សម្តេចបវរធិបតីបន្ដថា កម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេ ខណៈកម្ពុជាធ្វើសង្គ្រាមឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពាន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កម្ពុជា មិនចង់ធ្វើសង្គ្រាមនោះទេ យើងឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពាន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារទឹកដី ទោះបី ឧបករណ៍យើងមិនទំនើបខ្លាំង ប៉ុន្ដែទឹកចិត្ត និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ និងទន្ទ្រានទឹកដីរបស់យើង» ។
សម្តេចបវរធិបតីបានលើកឡើងថា ការរៀបចំរបស់យើងមានតែប៉ុណ្ណឹង ហើយកំពុងតែអង្គុយគិត រថក្រោះដាក់មកនោះ បើសិនបាញ់ចំ យើងគួរលើកទឹកចិត្តដល់បងប្អូនយើង ។ សម្តេចបាន អះអាងថាបើសិនមានការឈ្លានពានណាមួយពីថៃយើងមានអាវុធគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញភ្លាមៗ ។
សម្តេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ការឆ្លើយតបរបស់កម្ពុជា ជាមួយការប្រមាថ និងគំរាមកំហែងរបស់ក្រុមយោធាថៃ យើងដូចជាសត្វពស់ ដែលមិននិយាយស្ដីអ្វីច្រើនឡើយ តែបើមិនស្រួលចឹកសម្លាប់ចោលតែម្ដង ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាយើងមានភាពទន់ភ្លន់របស់យើង ប៉ុន្ដែបើអ្នកឯងបំពាន យើងត្រូវតែឆ្លើយតប យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញវិធានការ ដើម្បីការពារមុខមាត់ជាតិ និងអធិបតេយ្យជាតិ ។ យើងប្រើវិធីដូចពស់ អត់មានទេនៅស្ងៀម តែមករញ៉ែរញ៉ៃចឹកងាប់បាត់ ។ អ្នកណាជាអ្នកចាប់ផ្ដើមជាឯកតោភាគីបែបនេះ មិនមែនកម្ពុជា កម្ពុជាមិនចង់ប្រើទេព្រោះបង្កការលំបាកដល់ប្រជាពលរដ្ឋតាមព្រំដែន ប៉ុន្ដែបើអ្នក (ថៃ) ធ្វើយើងធ្វើ» ។
វិធានការឆ្លើយតបបន្ទាន់របស់កម្ពុជា ដែលរក្សាភាពស្ងៀមស្ងាត់ប្រៀបដូចជាពស់ ដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនោះ ដូចជាការបិទបើកច្រកទ្វារព្រំដែន ភាគីថៃបានសម្រេចដោយឯកតោភាគី អនុវត្តបើកនៅម៉ោង៨ព្រឹក បិទនៅម៉ោង៤រសៀល ដោយមិនជូនដំណឹងមកកម្ពុជា តែរំលងបានមួយយប់កម្ពុជាឆ្លើយតបវិញ ដោយបើកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល ។ នៅពេលនេះធ្វើឱ្យភាគីថៃមានការងឿងឆ្ងល់ជាខ្លាំង ដែលកម្ពុជាមិនទាន់បើកច្រកនៅម៉ោង៨ ដោយរង់ចាំរហូតដល់ម៉ោង៩ព្រឹក ។
ចំពោះករណីគំរាមផ្ដាច់ភ្លើង និងផ្ដាច់អុីនធើរណេតវិញ ក្រុមយោធាថៃបានដាក់សម្ពាធមករាជរដ្ឋាភិបាលកម្ពុជាតាមរយៈសារព្រមានផ្ដាច់បណ្ដាញទាំងពីរនេះ មិនឲ្យផ្គត់ផ្គង់មកពលរដ្ឋប្រើប្រាស់នៅតាមព្រំដែន ។ គ្រាន់តែឮការព្រមានបែបនេះ កម្ពុជាមិនទាន់មានការឆ្លើយតប ឬបញ្ចេញសារត្រឡប់ទៅថៃវិញឡើយ ដោយសម្ដេចបញ្ជាឲ្យមន្ដ្រីជំនាញ និងអាជ្ញាធរខេត្តជាប់ព្រំដែន កាត់ផ្ដាច់ចោលភ្លើង និងអុីនធើរណេតមកពីប្រទេសថៃទាំងអស់ ហើយងាកមកប្រើប្រាស់បណ្ដាញរបស់ជាតិ និងអុីនធើរណេតក្នុងស្រុកវិញដោយមិនមានបញ្ហាចោទឡើយ ។
មួយវិញទៀត ចំពោះបណ្ដឹង៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ពាក់ព័ន្ធតំបន់មុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្រោយសិក្សាល្អិតល្អន់ថាមិនមានលទ្ធភាពទៅសួរក្នុងការជជែកទ្វេរភាគីតាមរយៈយន្ដការ JBC សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានការគាំទ្រយ៉ាងពេញទំហឹងក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា សម្រេចប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ដោយមិនបានជូនដំណឹងទៅភាគីថៃនោះឡើយ ។
ដោយឡែក ចំពោះវិធានការថ្មីៗមួយទៀតចុងក្រោយនេះ ភាគីថៃបានគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងដល់កម្ពុជា ដើម្បីដាក់សម្ពាធកាន់តែធ្ងន់ក្នុងរយៈពេលមួយខែ ប៉ុន្ដែក្រោយការប្រកាសប៉ុន្មានម៉ោង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការវាយបកវិញ ដោយបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះតែម្ដង កុំរង់ចាំភាគីថៃផ្ដាច់ទាន់ ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការសម្រេចចិត្តដោយឯកតោភាគីក្រោយការតានតឹងដាក់គ្នាលើបញ្ហាព្រំដែន គឺភាគីថៃជាអ្នកសម្រេចចិត្តមុនកម្ពុជាទាំងអស់ ហើយកម្ពុជាគ្រាន់តែដើរជំហ៊ានបន្ទាប់មួយ ដើម្បីបញ្ជាក់អំពីជំហរម្ចាស់ការរបស់ខ្លួនប៉ុណ្ណោះ ដើម្បីការពារមុខមាត់ជាតិ អធិបតេយ្យ និងបូរណភាពទឹកដី និងបង្ហាញអំពីការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ