ទីក្រុងតេអេរ៉ង់៖ កាលពីយប់មិញ អ៊ីរ៉ង់បាញ់មីស៊ីលដាក់មូលដ្ឋានយោធារបស់អាមេរិកនៅប្រទេសកាតាប៉ុន្តែមិនបានបង្កការស្លាប់ ឬរបួសមនុស្សទេ។ លោកត្រាំចាត់ទុកថាវិធានការវាយប្រហារបែបសងសឹកពីសំណាក់ប្រទេសអ៊ីរ៉ង់លើកនេះមិនមានអ្វីធ្ងន់ធ្ងរទេ។ ទន្ទឹមនឹងនោះ លោកជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលខិតខំចរចាសន្តិភាពនៅពេលជម្លោះឈានដល់ថ្ងៃទី១២។
ករណីវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅអាល់អ៊ូដេត (Al Udeid) នៃប្រទេសកាតានោះអាចនឹងធ្វើឱ្យសង្គ្រាមឆេះរាលដាលកាន់តែខ្លាំង។ អ៊ីរ៉ង់ព្រមានថាខ្លួនត្រូវតែសងសឹកករណីអាមេរិកទម្លាក់គ្រាប់បែកទម្ងន់៣ម៉ឺនផោន ឬស្មើនឹងជាង១៣តោនទៅលើទីតាំងនុយក្លេអ៊ែរក្រោមដីរបស់ខ្លួន។ លោកត្រាំថែមទាំងបង្ហើបឱ្យដឹងពីផែនការដូររបបដឹកនាំនៅអ៊ីរ៉ង់ថែមទៀត។
មេដឹកនាំកំពូលអ៊ីរ៉ង់ថ្លែងថាយើងមិនបានរំលោភបំពាននរណាម្នាក់ទេ ហើយយើងក៏មិនអាចបណ្ដោយឱ្យអ្នកដទៃរំលោភបំពានមកលើយើងដែរ។ យើងមិនចុះញ៉មការគំរាមកំហែងរបស់នរណាម្នាក់ឡើយ។ នេះជាចំណុចតក្កៈរបស់ប្រជាជាតិអ៊ីរ៉ង់។ ប្រភពខ្លះថាមុនការវាយប្រហារទីតាំងយោធារបស់អាមេរិកនៅកាតា អ៊ីរ៉ង់បានជូនដំណឹងជាច្រើនម៉ោងទុកជាមុនទៅអាមេរិកតាមរយៈបណ្ដាញការទូត និងក៏ជូនដំណឹងទៅប្រទេសកាតាផងដែរជម្លៀសមនុស្សចេញ។
លោកត្រាំចាត់ទុកថានេះជាសញ្ញាវិជ្ជមាន។ លោកបានថ្លែងអំណរគុណចំពោះអ៊ីរ៉ង់ដែលជូនដំណឹងទុកមុន។ នៅទីបញ្ចប់ គ្មាននរណាម្នាក់ស្លាប់ ឬរបួសទេ។ លោកសង្ឃឹមថាអ៊ីរ៉ង់អាចនឹងបន្តដំណើរឆ្ពោះទៅរកសន្តិភាព និងការរស់នៅដោយសុខដុមរមនានឹងគ្នា។ លោកក៏សូមជំរុញឱ្យអ៊ីស្រាអែលធ្វើដូច្នេះដែរ។
លោកត្រាំថ្លែងថាអ៊ីរ៉ង់បាញ់មីស៊ីល១៤គ្រាប់សំដៅទៅមូលដ្ឋានទ័ពអាកាសអាមេរិក។ លោកចាត់ទុកថានេះជាការឆ្លើយតបដ៏ខ្សោយជាទីបំផុតដូចការរំពឹងទុករបស់គាត់ដែរ។ គ្មានជនជាតិអាមេរិកណាម្នាក់រងគ្រោះពីការវាយប្រហារនោះទេ។ ម៉្យាងទៀតការខូចខាតសម្ភារៈក៏មិនច្រើនដែរ។ លោកយល់ថាវាយបកគ្នាទៅវិញទៅមកប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ហើយគ្មានការចងគំនុំគ្នាតទៅទៀតទេ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថាប្រទេសរបស់លោកត្រៀមខ្លួនឆ្លើយតបយ៉ាងទាន់ចិត្តបើសិនអាមេរិកវាយប្រហារអ៊ីរ៉ង់ម្ដងទៀត។ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកបានទទួលរងប្រតិកម្មពីក្រុមប្រទេសអារ៉ាប់ដូចគ្នា។ ពួកគេប្រកាសថ្កោលទោសអ៊ីរ៉ង់ជាទម្ងន់ដូចជាបារ៉េន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត គូវែត និងអ៊ីរ៉ាក់ជាដើម៕
ចែករំលែកព័តមាននេះ