ខេត្តកោះកុង ៖ រដ្ឋបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំបញ្ចូនពលករខ្មែរចំនួន៣៤នាក់ មកពីថៃទៅទទួលការងារនៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន២ ឆ្លើយតបនឹងការតម្រូវការកម្លាំងពលកម្មក្នុងស្រុក ។ នេះបើយោងតាមផេក មន្ទីរព័ត៌មានខេត្តកោះកុងបានបង្ហោះមុននេះ ។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ព្រឹកនេះ រដ្ឋបាលខេត្តបានជូនដំណើរក្រុមពលករខ្មែរ៣៤នាក់ដែលត្រឡប់មកពីថៃទៅតំបន់សេដ្ឋកិច្ចចេជាង និងតំបន់សេដ្ឋកិច្ចពិសេស ស្រុកមណ្ឌលសីមា បន្ទាប់ពីស្វែងរកការងារដោយមិនចង់បន្តធ្វើការនៅប្រទេសថៃទៀតនោះស្របពេលបញ្ហាព្រំដែនមិនសូវល្អរវាងកម្ពុជា និងថៃ ។
លោកអភិបាលរងខេត្ត បានបន្តថា ក្នុងចំណោម៣៤នាក់នោះ មាន២នាក់ ចូលបម្រើការងារផ្នែកកាត់ដេរ នៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកមណ្ឌលសីមា ក្រៅពីនេះពួកគាត់ចាប់អារម្មណ៍ការងារធ្វើគ្រឿងសង្ហារឹម ហើយបច្ចុប្បន្នតំណាងតំបន់សេដ្ឋកិច្ចទាំង២ខាងលើបានទទួលស្វាគមន៍ពលករខ្មែរយើងចូលស្នាក់នៅ និងធ្វើការរួចរាល់អស់ហើយ ។

បើតាមលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បង្ហាញថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីថៃ និងមកស្វែងរកការងារធ្វើនៅខេត្តកោះកុង គឺពួកគាត់មកពីខេត្តកំពត កណ្តាល សៀមរាប កំពង់ឆ្នាំង បាត់ដំបង ព្រៃវែង កែប ភ្នំពេញ កំពង់ចាម ពោធិសាត់ ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

តំណាងពលករខ្មែរដែលត្រឡប់មកពីថៃ បានឱ្យដឹងថា ស្ថានភាពតឹងតែងនៅព្រំដែនបានធ្វើឱ្យជនជាតិ និងចៅកែថៃ មានការរើសអើងពលករខ្មែរយ៉ាងខ្លាំង ហើយថែមទាំងមិនបើកប្រាក់ខែឱ្យក្រោមហេតុនេះហេតុផលនោះ ទើបធ្វើឱ្យពួកគាត់សម្រេចវិលត្រឡប់មកស្រុកកំណើតវិញ ។ នៅពេលពួកគាត់រកការងារ និងមានចំណូលសមរម្យជាងថៃក្នុងភូមិសាស្ត្រខេត្តកោះកុង គឺមិនចំណាកស្រុកទៅថៃទៀតនោះទេ ។
សព្វថ្ងៃនេះ អាជ្ញាធរមន្ត្រីពាក់ព័ន្ធរបស់ខេត្តកោះកុង កំពុងតែផ្តោតការយកចិត្តទុកដាក់រៀបចំកន្លែងស្នាក់នៅហូបចុក សេវាផ្នែកសុខាភិបាល និងសម្ភាសន៍ការងារបន្ថែមដល់គោលបំណងរបស់ពួកគាត់ចង់ស្វែងរកការងារនីមួយៗចង់ធ្វើនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តក្នុងស្រុកមណ្ឌលសីមា និងនៅតំបន់សេដ្ឋកិច្ចពិសេស ចេជាំង នៅស្រុកស្រែអំបិល ។ បច្ចុប្បន្នខេត្តកោះកុង ត្រូវការកម្លាំងពលកម្មជាង៧.០០០ពាន់កន្លែង ដែលរង់់ចាំទទួលពលរដ្ឋ និងពលករខ្មែរចូលបម្រើការងារ ៕

ចែករំលែកព័តមាននេះ