ទីក្រុងយេរូសាឡឹម៖ បន្ទាប់វាយប្រហារគ្នាជាងមួយសប្ដាហ៍នៅទីបំផុត អ៊ីរ៉ង់ និងអ៊ីស្រាអែលបានឯកភាពគ្នាទទួលយកបទឈប់បាញ់ដ៏ពេញលេញ និងជាស្ថាពរ។ នេះបើយោងតាមការប្រកាសរបស់លោកត្រាំ។ បទឈប់បាញ់នេះកើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលដាក់មូលដ្ឋានយោធាអាមេរិកនៅប្រទេសកាតាដើម្បីជាការសងសឹកករណីដែលអាមេរិកទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលដាក់ទីតាំងនុយក្លេអ៊ែរបីកន្លែងរបស់ខ្លួន។
លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាបទឈប់បាញ់នឹងចាប់អនុវត្តនៅយប់ថ្ងៃអង្គារ។ ដូច្នេះប្រទេសទាំង២មានពេល៦ម៉ោងដើម្បីបិទបញ្ចប់ការវាយប្រហារ។ ក្រោយការប្រកាសនេះ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ចំណែកខុទ្ទកាល័យរបស់លោកណឺតាន់យ៉ាហ៊ូក៏មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែរ។ អ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ អ៊ីរ៉ង់វាយប្រហារត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះកាលពីថ្ងៃចន្ទ។ មានន័យថាប្រទេសនេះដកថយមួយជំហានដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង។
មុននឹងវាយប្រហារមូលដ្ឋានយោធាអាមេរិក អ៊ីរ៉ង់បានប្រាប់ទុកជាមុនដើម្បីងាយស្រួលជម្លៀសមនុស្សចេញឱ្យអស់។ ដូច្នេះនៅពេលអ៊ីរ៉ង់បាញ់គ្រាប់មីស៊ីលចូលទីតាំងនោះមិនបណ្ដាលឱ្យស្លាប់ ឬរបួសមនុស្សទេ។ ប្រទេសកាតាថ្កោលទេសការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធាអាល់ អ៊ូដេត (Al Udeid Air Base)។ កាតាថានេះជារំលោភយ៉ាងច្បាស់ក្រឡែតទៅលើអធិបតេយ្យភាពជាតិរបស់ខ្លួន រំលោភដែនអាកាស និងរំលោភច្បាប់អន្តរជាតិ។
កាតាថ្លែងថាខ្លួនចាប់បានមីស៊ីលស្ទើរតែទាំងអស់លើកលែងតែ១គ្រាប់ប៉ុណ្ណោះដែលអាចវាយប្រហារគោលដៅចុងក្រោយ។ អ៊ីរ៉ង់ថ្លែងថាចំនួនមីស៊ីលដែលបាញ់ចេញនោះស្មើនឹងចំនួនគ្រាប់បែកដែលអាមេរិកទម្លាក់ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ។ អ៊ីរ៉ង់ថ្លែងថាមូលហេតុដែលខ្លួនវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅកាតាព្រោះជាកន្លែងដែលមិនសូវមានមនុស្សរស់នៅ។ មានន័យថាអ៊ីរ៉ង់មិនចង់បង្កបញ្ហាកាន់តែធំជាមួយអាមេរិកទេ។
លោកត្រាំថ្លែងថាអ៊ីរ៉ង់បាញ់មីស៊ីល១៤គ្រាប់សំដៅទៅរកមូលដ្ឋាននោះ ក្នុងនោះ១៣គ្រាប់ត្រូវបានបាញ់ទម្លាក់ និង១គ្រាប់ទៀតបណ្ដោយឱ្យហោះទៅវាយប្រហារគោលដៅចុងក្រោយព្រោះវាមិនបង្កគ្រោះថ្នាក់អ្វីទេ។ លោកត្រាំថ្លែងថាអ៊ីរ៉ង់ប្រហែលជាចង់បានសន្តិភាព និងការរស់នៅដោយសុខដុមរមនានឹងគ្នា។ លោកនឹងជំរុញឱ្យអ៊ីស្រាអែលប្រកាន់ជំហរបែបនេះផងដែរ៕
ចែករំលែកព័តមាននេះ