ទីក្រុងប៊ែឡាំង៖ ប្រទេសអាល្លឺម៉ង់កំពុងជំរុញឱ្យអ៊ីរ៉ង់ចរចាគ្នាដោយផ្ទាល់ជាមួយអាមេរិកដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ ប្រមុខការទូតអាល្លឺម៉ង់ លោកចូហាន់ វ៉ាដឺភុល (Johann Wadephul) ថ្លែងដូច្នេះមុនពេលចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប។ លោកយល់ថាមានតែធ្វើដូច្នេះទេទើបអាចចូលរួមចំណែកពន្លត់ភ្នក់ភ្លើងដែលកំពុងតែឆាបឆេះ។
លោកថ្លែងបន្តទៀតថាសារនយោបាយនេះមិនទាន់យល់ឱ្យបានជ្រួតជ្រាបនៅឡើយទេកាលពីពេលជួបគ្នានៅប្រទេសស្វីស។ ដូច្នេះលោកសូមបញ្ជាក់ឡើងវិញថាអ៊ីរ៉ង់ត្រូវតែយល់ឱ្យច្បាស់ថាពិភពលោកមិនអាចទទួលយកបានទេបើអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ រដ្ឋមន្ត្រីរូបនេះថ្លែងបន្ថែមទៀតថាអ្វីដែលត្រូវធ្វើបន្ទាន់នៅចំពោះមុខគឺស្វែងរកដំណោះស្រាយតាមរយៈការចរចាគ្នា។
កាលពីមុននេះ អធិការបតីអាល្លឺម៉ង់ លោកមើស (Merz) ក៏អំពាវនាវឱ្យភាគីទាំង២វិលទៅរកតុចរចាផងដែរបន្ទាប់ពីអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែរបីកន្លែងរបស់អ៊ីរ៉ង់។ រដ្ឋាភិបាលអាល្លឺម៉ង់ជឿជាក់ថាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់មួយផ្នែកធំខូចខាតដោយសារការវាយប្រហារនោះ។ អ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមធ្វើឱ្យក្រុមបស្ចិមប្រទេស និងអ៊ីស្រាអែលព្រួយបារម្ភអស់ជាច្រើនទសវត្សមកហើយ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់យល់ថាមិនមែនជាការល្អទេដែលនៅតែបន្តវាយប្រហារគ្នាដូចសព្វថ្ងៃ។ អាល្លឺម៉ង់នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាគ្នា។ គ្រប់គ្នាទទួលស្គាល់ថាមានតែការចរចាគ្នាតែប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន។ ប្រទេសបារាំងបារម្ភថាសភាពការណ៍កាន់តែវឹកវរក្រោយការវាយប្រហាររបស់អាមេរិក។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថ្លែងថាអាមេរិកធ្វើរឿងនេះប្រកបដោយការទទួលខុសត្រូវដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់៕
ចែករំលែកព័តមាននេះ