ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ឯកសារ​សម្រាប់​បញ្ជូន​ទៅ ICJ ករណី​ប្រាសាទ​មុំ​បី តា​មាន់​ធំ តា​មាន់​តូច និង​តា​ក្របី

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន អំពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ករណី​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន អំពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ករណី​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ។

នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ នា​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ករណី​តំបន់​មុំ​បី ប្រាសាទ តា​មាន់​ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ។

គណៈកម្មការ​នេះ មាន​ក្រុមការងារ​ចំនួន​២ ជា​សេនាធិការ​គឺ ៖ (១) ក្រុមការងារ​កិច្ចការ​ច្បាប់ និង (២) ក្រុមការងារ​កិច្ចការ​ការទូត ។ ភារកិច្ច​សំខាន់​ៗ​របស់​គណៈកម្មការ​មាន​ដូច​ជា ៖ (១)​ពិនិត្យ និង​សម្រេច ជ្រើសរើស​មេធាវី​អន្តរជាតិ​តាម​សំណើ​ក្រុមការងារ​កិច្ចការ​ច្បាប់ (២)​ពិនិត្យ និង​សម្រេច លើ​ឯកសារ​ដែល​បាន​ចងក្រង​ដោយ​ក្រុមការងារ​កិច្ចការ​ច្បាប់​ជាមួយ​មេធាវី​អន្តរជាតិ សម្រាប់ បញ្ជូន​ទៅ​តុលាការ ICJ (៣)​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់​ក្រុមការងារ​កិច្ច​ការទូត (៤) ទំនាក់ទំនង​ការងារ​ជាមួយ​តុលាការ ICJ ដើម្បី​ដំណើរការ​នីតិវិធី​ច្បាប់ ក្នុង​ការ​បញ្ជូន​ករណី​វិវាទ​លើ តំបន់​ទាំង​បួន​ទៅ​តុលាការ ICJ និង (៥) ធ្វើ​ជា​តំណាង​របស់​កម្ពុជា​នៅ​ចំពោះ​មុខ​តុលាការ​ICJ ចាប់ពី​ដំណាក់កាល​នៃ​ការ​ដាក់​ពាក្យ រហូត​ដល់​ការ​បញ្ចប់​នីតិវិធី​របស់​តុលាការ ICJ ។

នេះ​ជា​កិច្ចប្រជុំ​លើក​ដំបូង​របស់​គណៈកម្មការ​នេះ ដើម្បី​ពិភាក្សា​ករណី​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី បន្ទាប់​ពី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ និង​ក្រោយ​ពី​កម្ពុជា បាន​ជូន​ព័ត៌មាន​ទៅ​តុលាការ ICJ អំពី​បំណង​ដាក់​ពាក្យ​ស្នើ​សុំ​តុលាការ ICJ ធ្វើការ​វិនិច្ឆ័យ​វិវាទ ព្រំដែន​លើ​តំបន់​ទាំង​៤ តាម​លិខិត​ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ។ កិច្ចប្រជុំ​បាន​ផ្លាស់​ប្តូរ យោបល់​លើ​បច្ចុប្បន្នភាព​ការងារ​ដែល​បាន និង​កំពុង​អនុវត្ត ក្នុង​ដំណើរការ​នីតិវិធី​ជាមួយ​តុលាការ ICJ និង​ពិភាក្សា​អំពី​ការ​កំណត់​យុទ្ធសាស្ត្រ និង​ផែនការ​ការងារ​បន្ត​ទៅ​មុខ ដើម្បី​សម្រេច​គោលដៅ​សំខាន់​ៗ ដែល​បាន​ដាក់​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ