ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ផឹក​ស្រវឹង បើករថយន្ត​បង្ក​គ្រោះថ្នាក់​​ទាំង​ព្រឹក​ហើយមិន​ទទួលខុសត្រូវ​ទៀត

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផឹក​ស្រវឹង ជោកជាំ​ទាំង​ព្រឹក រួច​បាន​បើកបរ​រថយន្ត​ម៉ាក Toyota Prius ១​គ្រឿង ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក Lexus…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផឹក​ស្រវឹង ជោកជាំ​ទាំង​ព្រឹក រួច​បាន​បើកបរ​រថយន្ត​ម៉ាក Toyota Prius ១​គ្រឿង ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក Lexus LX-470 ១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ស្របគ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​។ ភ្លាម​ៗ​នោះ ម្ចាស់​រថយន្ត Lexus LX-470 បាន​ទារ​សំណង​៧០​ដុល្លារ តែ​បុរស​នោះ​អត់​សង ក្រោយមក​ចុះ​ត្រឹម​៥០​ដុល្លារ ហើយ​បុរស​នោះ​មាន​លុយ​ក្នុង​កាបូប​រាប់​ម៉ឺន​រៀល ក៏​នៅ​តែ​មិន​ព្រម​សង​ទៀត​។ មិនតែប៉ុណ្ណោះ​ព្រោះតែ​ស្រវឹង​ធ្លាក់​ភ្នែក​ចរចា​គ្នា​បណ្ដើរ​ដេក​លក់​ក្នុង​រថយន្ត​បណ្ដើរ ពិបាក​និយាយ​គ្នា​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​សមត្ថកិច្ច និង​ភាគី​ម្ចាស់​រថយន្ត Lexus LX-470 តឹងទ្រូង​ស្ទើរ​ធ្លាយ ។ ទីបំផុត នគរបាល​ក៏​បាន​ស្ទូច​លើក​ទាំង​រថយន្ត និង​បុរស​ស្រវឹង​រូប​នេះ ខណៈ​កំពុង​ដេក​លក់​ក្នុង​រថយន្ត​នោះ នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ស្រវឹងស្រា​ទាំង​ព្រឹក​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើកបរ​រថយន្ត ១​គ្រឿង​ម៉ាក​Toyota Prius ព​ណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BS-9653 ។ រថយន្ត​នេះ​ខូចខាត​ចំហៀង​ខាងស្ដាំ ចំណែក​ភាគី​ម្ខាង​ទៀត​ក៏​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ បើកបរ​រថយន្ត​ម៉ាក Lexus LX-470 ខូចខាត​កាង​ក្រោយ​ខាងឆ្វេង ។

អ្នក​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក Lexus LX-470 ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-9879 បើកបរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​បុរស​ដែល​ស្រវឹងស្រា​នោះ បើកបរ​រថយន្ត​ម៉ាក Toyota Prius ក្នុង​ទិស​ដៅ​ស្របគ្នា ទៅ​ដល់​បុក​ពីក្រោយ​ទាំង​កំរោល បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្ដង​។ ខណៈនោះ សំណាង​ខ្លាំង​ណាស់ បើ​កុំ​តែ​បុក​រថយន្ត​ឡិច​ស៊ី​ស​នេះ​ទេ នោះ រថយន្ត​ព្រូស​នេះ ប្រាកដជា​បុក​សិស្សសាលា​ជម្ពូ​វ័ន ៥​ទៅ​៦​នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ ជាក់​ជា​មិន​ខាន​ឡើយ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បុរស​ស្រវឹង​ខាងលើ មិន​បាន​ទទួលខុសត្រូវ លើ​ហេតុការណ៍​ដែល​ខ្លួន​បង្ក​ឡើង​នោះ​ទេ ក៏​បាន​បើករថយន្ត​ក្រោយ​បុក​ម៉ូតូ ១​គ្រឿង​ទៀត រួច​ទើប​បើក​ទៅ​មុខ​គេចខ្លួន ។ ពេល​នោះ ម្ចាស់​រថយន្ត Lexus LX-470 ក៏​បាន​បើក​ដេញ​តាម រហូត​ដល់​ផ្លូវ​វ៉េ​ង​ស្រង ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោ​ធុ៍​សែន​ជ័យ ទើប​ឃាត់​បាន​។ បន្ទាប់​មក នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ រួច​ឲ្យ​ភាគី​ទាំង​២ សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង ។

ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ភ្លាម​ៗ​នោះ ភាគី​ម្ចាស់​រថយន្ត​ម្ចាស់​រថយន្ត Lexus LX-470 បាន​ទារ​ថ្លៃ​ជួសជុល​រថយន្ត ចំនួន​៧០​ដុល្លារ ប៉ុន្តែ​បុរស​ស្រវឹងស្រា​នោះ មិន​ព្រម​សង ហើយ​ក៏​បាន​ចរចា​គ្នា​បន្ត ។ ប៉ុន្តែ​ចរចា​បណ្ដើរ​បុរស​នោះ​ដេក​លក់​ក្នុង​រថយន្ត​បណ្ដើរ ព្រោះតែ​ស្រវឹង​ខ្លាំង​ពេក ហើយ​បើ​នគរបាល ចង់​និយាយ​ជាមួយ​ទៅ​ដាស់​បុរស​នោះ​មក​និយាយ លុះ​និយាយ​រួច ដេក​បន្ត​ទៀត ។

ប្រភព​មួយ​នោះ បាន​ប្រាប់​ទៀត​ថា ក្រោយមក​ម្ចាស់​រថយន្ត Lexus LX-470 បាន​ចុះ​ត្រឹម ៥០​ដុល្លារ​ប៉ុណ្ណោះ ហើយ​នគរបាល ក៏​បាន​ដាស់​បុរស​នោះ ដើម្បី​និយាយ​គ្នា និង​សួរ​ថា តើ​៥០​ដុល្លារ​ព្រម​សង​គេ​ដែរ​ទេ ? ប៉ុន្តែ​បុរស​នោះ នៅ​តែ​មិន​ព្រម​សង​ដដែល បើ​ទោះបីជា​គាត់​មាន​លុយរាប់​សិប​ម៉ឺន​រៀល នៅ​ក្ន​ង​កាបូប​ក៏​ដោយ ក៏​មិន​សង​ដែរ រួច​ដេក​ទៅ​វិញទៀត ធ្វើ​ព្រងើយ​។ បន្ទាប់​មក​ទៀត ដោយសារ​តែ​បុរស​នោះ គិតតែ​ពី​ដេក​លក់​ក្នុង​រថយន្ត ពិបាក​និយាយ​គ្នា​ខ្លាំង​ពេក ទើប​នគរបាល​ស​ម្រ​ច​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ហើយ​នគរបាល​បាន​ស្ទូច​រថយន្ត​ព្រូស​ខាងលើ ទាំង​ដែល​អ្នកបើកបរ​ស្រវឹង​រូប​នោះ កំពុង​ដេក​លក់​នៅ​ក្នុង​រថយន្ត​នោះ​តែ​ម្ដង​។ លុះ​ពេល​ទៅ​ដល់​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ក្រុម​គ្រួ​ខាង​បុរស​ស្រវឹងស្រា​នោះ ទៅ​សម្របសម្រួល​ជាមួយ ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស និង​ព្រមព្រៀង​គ្នា​បញ្ចប់រឿង ៥០​ដុល្លារ រួច​ក្រុម​គ្រួ​សារបាន​ធានា​យក​បុរស​នោះ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ