រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូកង់៣ ចេញពីមន្ទីរពេទ្យក្នុងគោលបំណងទៅផ្ទះ ហើយដាច់ខ្យល់ស្លាប់នៅតាមផ្លូវត្រូវ អ្នកបើកបរដឹកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅមុខសាលាសង្កាត់ភ្នំពេញថ្មីដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៧៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរូបនោះឈ្មោះ ឆុន រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ អាស័យដ្ឋាន សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នេះបើតាមលិខិតសុំចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
តាមព័ត៌មានបានឲ្យដឹងថា ឆ្នាំមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ១ KZ.៦៥៤៣ បានបើកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជួយដឹងឮ និងអន្តរាគមន៍ បន្ទាប់ពីបុរសរូបនោះ ដែលមុនដំបូងគេស្មានថាជាស្ត្រីបានស្លាប់នៅលើកង់បី ។
តាមអ្នករត់កង់បី បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឈប់ម៉ូតូនៅខាងមុខមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ និងដើរចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីរកម៉ូយ ខណៈនោះស្រាប់តែជនរងគ្រោះ កំពុងអង្គុយនៅលើកៅអីរទេះរុញ ហៅអោយដឹកទៅម្ដុំផ្សារក្រមួន ខណ្ឌសែនសុខ ដោយឱ្យចំនួន ៣ម៉ឺនរៀល ហើយសន្តិសុខ បានជួយរុញរទេះ និងបានជួយគ្រាជនរងគ្រោះឡើងជិះម៉ូតូកង់បី ។
តាមអ្នកបើកបរម៉ូតូកង់បី បានឲ្យដឹងទៀតថា នៅពេលធ្វើដំណើរមកក្បែរសាលាសង្កាត់ភ្នំពេញថ្មី ក៏បានស្រែកសួរជនរងគ្រោះថា ទៅតាមផ្លូវណាមិនឃើញឆ្លើយក៏បានបើកមកអែបខាងទើបដឹងថា ស្លាប់បាត់ទៅហើយ ហើយក៏បានបើកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជួយដឹងឮ ។ ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែជនរងគ្រោះស្លៀកសារុង និងរូបរាងកាយស្គមរីងរៃ ក៏មានការយល់ច្រឡំថា អ្នកដែលស្លាប់នោះជាស្ត្រី។ បន្ទាប់ពីមានការភ្ញាក់ផ្អើលអ្នកបើកម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរ ។
នៅរសៀលនោះ នគរបាលជំនាញក៍បានចុះទៅត្រួតពិនិត្យ ។ សាកសពគ្មានពាក់អាវ ស្លៀកចងពង់សារុង ផ្ទៃមុខមានដំប៉ៅឡើងក្រម៉ កដៃខាងឆ្វេងមានដំប៉ៅ រុំបង់ពណ៌ស, ក្បាលជង្គង់ កំភួនជើង និងខ្នងប្រអប់ជើងទាំងសងខាង ហើមមានដំប៉ៅរលួយ និងរុំបង់ពណ៌ស ។
នៅនៅជាប់នឹងខ្លួនសាកសព មានថង់ខ្មៅមួយមានភេសជ្ជៈ រួមនឹងទូរសព្ទមួយគ្រឿង។ បន្ទាប់ពីធ្វើការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយជំងឺដំប៉ៅក្លាយរោគ (មេរោគក្នុងឈាម) ៕


ចែករំលែកព័តមាននេះ