រាជធានីភ្នំពេញ ៖ ដើម្បីបំបាត់ការសង្ស័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា កោះឫស្សីស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅតែជារបស់ខ្មែរជាពិតប្រាកដ ពុំបានបាត់បង់ទៅណានោះទេ ។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា សម្តេចធិបតីបានមានប្រសាសន៍ថា កោះឫស្សីជាកម្មសិទ្ធិរបស់កម្ពុជាយ៉ាងពិតប្រាកដពុំមានបាត់បង់ទៅណានោះទេ ។ ដូច្នេះ ប្រជាពលរដ្ឋកុំភ័យព្រួយ បារម្ភ ហើយបើចង់ទៅទស្សនាកម្សាន្តអាចទៅលេងបានគ្រប់ពេលវេលា ពុំមានអ្នកណាហាមឃាត់ទេ ។
សម្តេចធិបតីគូសបញ្ជាក់ថា៖ «មិននៅៗទៅថា កោះឫស្សីវៀតណាមយកទៅជាចឹងទៅវិញ កោះឫស្សីអ្នកណាចង់ទៅមើលជិះទៅអត់ឆ្ងាយទេ ។ កម្ពុជាយើងម្ចាស់ការ ប៉ុន្តែសំណួរសួរថា តើគេចាំបាច់ធ្វើអីម៉ោងស្មើនេះ ។ បើបងប្អូនអ្នកស្នេហាជាតិពិតប្រាកដ ខ្ញុំថាគួរតែមូលមតិគ្នាទៅជាពិសេសការបង្កើតបញ្ហា បង្កើតរឿងផ្សេងៗយកមកបំបែក»។
ការរបស់សម្តេចបវរធិបតីក្រោយពីសម្តេចបានឃើញមានអ្នកវិភាគម្នាក់ដែលសម្តេចហៅថា ជាអ្នកវិភាគក្បាលទំពែកបានធ្វើការវិភាគដោយគ្មានដឹងទិសតំបន់កោះឫស្សី ត្រូវបានប្រទេសជិតខាងយកទៅគ្រប់គ្រង ។
សូមបញ្ជាក់ថា ក្រោយពីមានអ្នកវិភាគអំពីកោះឫស្សីនេះហើយ កាលពីថ្ងៃ២០ មិថុនា ក៏មានការចែកចាយជាបន្តបន្ទាប់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា «ស្ងាត់ៗ វៀតណាមបានកាន់កាប់កោះឫស្សីហើយ» ។ ចំពោះការបំផ្លើសព័ត៌មានគ្មានការពិតពីក្រុមអគតិមួយចំនួននៅក្រៅប្រទេស កាលពីថ្ងៃ២២ មិថុនា រដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលការផ្សាយព័ត៌មានមិនពិតនេះ ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា កោះឫស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
បច្ចុប្បន្ន កោះឫស្សី មានក្រុមហ៊ុនវិនិយោគចំនួន២បាននិងកំពុងដំណើរការអាជីវកម្ម ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សីនេះ៕
ចែករំលែកព័តមាននេះ