រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចំអកទៅកាន់អគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃ ដែលប្រកាសប្តឹសម្តេចតេជោ រឿងបែកធ្លាយសម្លេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីខ្លួនថា បើចិត្តសឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។

ការលើកឡើងអ្នកនាំពាក្យសម្តេចតេជោបន្ទាប់ពី មេដឹកនាំគណបក្ស Seri Ruam Thai បានដាក់ពាក្យបណ្តឹងទៅប៉ូលិសប្រឆាំងនឹងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ហ៊ុន សែន បន្ទាប់ពីគាត់
(សម្ដេច) ត្រូវគេបានឮនៅក្នុងឃ្លីបសំឡេងដែលលេចធ្លាយបញ្ជាឱ្យសម្លាប់គូប្រជែងនយោបាយរបស់គាត់នៅក្នុងប្រទេសថៃ ។
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា «ខ្ញុំសូមផ្តាំ ទៅ Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃ ដែលប្តឹងសម្តេចតេជោរឿងសំឡេងសន្ទនា រវាងសម្តេចនិងនាយករដ្ឋមន្ត្រីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ឆោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់ នាយ ករដ្ឋមន្ត្រីលោកឯងតែប៉ុណ្ណោះ»។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យសម្តេចតេជោបានចំអកទៅកាន់អគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃរូបយ៉ាងដូច្នេះថា «សូមអញ្ជើញលោកឯងប្តឹង ហើយបើចិត្តសឿង កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅ! សូមអញ្ជើញ! តែខ្ញុំដឹងមាយាទរបស់ក្រុមលោកឯងមិនហ៊ានទេ ទៅតុលាការអន្តរជាតិអីនោះ ព្រោះក្រុមលោកឯងខ្លាចច្បាប់អន្តរជាតិណាស់ ម្យ៉ាងនៅញ័រមិនទាន់បាត់ផង រឿងកម្ពុជាប្តឹងទៅ ICJ នោះ» ។
លើសពីឯកឧត្តមអ្នកនាំពាក្យសម្តេចតេជោក៏បានសូមផ្ទាំទៅ Temeeyaves មេបក្ស Seri Ruam Thai ផងថា អ្នកនយោយបាយធុនអន់លោកឯង កុំចង់តោងយកប្រជាប្រិយភាពរបស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍អី ទៅមិនរួចទេ ព្រោះលោកឯងធ្វើនយោបាយប្រជាភិថុតិខ្លាំងបានតែរឿងប្រឌិតបោកប្រាស់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ