ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ឧសភា បន្ទាប់ពីនគរបាលធ្វើការស្រាវជ្រាវ និងសន្និដ្ឋានបញ្ជាក់លើករណីក្មេងស្រីតូចអាយុ៤ឆ្នាំត្រូវឪពុកចុងឱ្យលេបថ្នាំលាយជាមួយប្រេងកូឡាលើសកម្រិតធ្វើឱ្យស្លាប់កាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៦ ឧសភា នៅចំណុចខាងក្រោយផ្សារព្រំក្រោម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កន្លងទៅថ្មីៗនេះ ការពិតមិនមែនស្លាប់ដោយការលេបថ្នាំហួសកម្រិតទេ គឺជាការរំលោភបំពានផ្លូវភេទ ។
ក្មេងស្រីរងគ្រោះខាងលើឈ្មោះ ដារ៉ា រស្មី អាយុ៤ឆ្នាំ មានឪពុកឈ្មោះ ឃួន ដារ៉ា អាយុ២៩ឆ្នាំ (ជាឪពុកចុង) ជាបុគ្គលិកកាស៊ីណូ និងម្ដាយឈ្មោះ ឈុន ស្រីចាន់ អាយុ២១ឆ្នាំ ជាបុគ្គលិកកាស៊ីណូដូចគ្នា មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពពីលោក អធិការរងបានឱ្យដឹងថា បន្ទាប់ពីមន្ត្រីនគរបាលជំនាញ និងមន្ត្រីសុខាភិបាល បានត្រួតពិនិត្យទៅលើសពក្មេងស្រីរងគ្រោះរកឃើញថា នាងតូចដែលស្លាប់នោះសង្ស័យទទួលរងនូវការប្រើអំពើហិង្សាលើរាងកាយ និងមានការរំលោភបំពានផ្លូវភេទ ព្រោះសពក្មេងស្រីរងគ្រោះមានសភាពដូចជា៖ ពោះហើមជាំ, គល់ភ្លៅជាំ, ចង្កេះហើម, គូថមានឈាម និងដាច់រហែកទ្វារធំ, ថ្ងាសរងការជាំហើម, បបូរមាត់ហើមជាំ, សន្ទះព្រហ្មចារីដាច់រហែក, គល់ភ្លៅជាំ និងស្បែកជុំវិញរន្ធគូថដាច់រហែក ។

ប្រភពបន្តទៀតថា ហេតុដូច្នេះហើយ ទើបធ្វើឱ្យកេ្មងស្រីរងគ្រោះខាងលើទទួលរងនូវការឈឺចុកចាប់ពេញខ្លួនប្រាណ និងគ្រាំគ្រារហូតដល់ស្លាប់តែម្តង ដោយឡែកករណីថា ជនសង្ស័យ (ឪពុកចុង) បានឱ្យក្មេងតូចលេបលាយជាមួយប្រេងកូឡាពុំមានប្រតិកម្ម និងបង្កការគ្រោះថ្នាក់ដល់អាយុជីវិតនោះ ពោលគឺជនសង្ស័យ ព្យាយាមចង់បង្វែងដាន និងបំភ្លៃការពិតនៃបទល្មើសតែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយ តាមការសន្និដ្ឋានបឋមថា ក្មេងស្រីរងគ្រោះមិនមែនស្លាប់ដោយសារប្រតិកម្មថ្នាំពេទ្យដូចដែលជនសង្ស័យអះអាងនោះឡើយ គឺស្លាប់ដោយប្រើអំពើហិង្សាលើរាងកាយ និងការរំលោភបំពានផ្លូវភេទ ។

លោកបញ្ជាក់ថា ជនសង្ស័យដែលជាឪពុកចុងមិនព្រមឆ្លើយសារភាពអ្វីទាំងអស់ តែទោះបីជាយ៉ាងណាក៏ដោយ ខាងសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឱ្យស៊ើបសួរបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ