ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ម៉ោង មាន​ពលរដ្ឋ​ខ្មែរ​ជិត​៦,៥០០​នាក់ បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត

16 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​បី​ម៉ោង ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ មាន​ពលរដ្ឋ​ខ្មែរ វិល​ត្រឡប់​ចូល​ប្រទេស​វិញ…

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​បី​ម៉ោង ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ មាន​ពលរដ្ឋ​ខ្មែរ វិល​ត្រឡប់​ចូល​ប្រទេស​វិញ មាន​ចំនួន​៦,៤៨៥​នាក់ ក្នុង​នោះ​ស្ដ្រី​ចំនួន ៣,១៥២​នាក់ នេះ​បើ​តាម​លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​រយៈពេល​បី​ម៉ោង​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ ចំនួន​៦,៤៨៥​នាក់ ក្នុង​នោះ​ស្ដ្រី​ចំនួន ៣,១៥២​នាក់ ។ លោកថា នៅ​ម៉ោង​ដូច​គ្នា​នេះ ជនជាតិ​ថៃ ដែល​ធ្វើការ​នៅ​កម្ពុជា ជា​ពិសេស​នៅក្រុងប៉ោយ​ប៉ែ​ត ក៏​ត្រូវ​វិល​ត្រឡប់​ចូល​ប្រទេស​ខ្លួន​វិញ​ដូច​គ្នាដែរ ​។

សូម​ជម្រាប​ថា លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ រួម​ជាមួយ​លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ជា​រដ្ឋ​លេខា​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​អាជ្ញាធរ​ក្រុង កងកម្លាំង បាន​សម្របសម្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃនេះ ។

យោង​តាម​លិខិត​មួយ​ច្បាប់​អាជ្ញាធរ​កម្ពុជា​-​ថៃ បាន​ឯកភាព​គ្នា ទុក​ពេល​ត្រឹម​៣​ម៉ោង ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​សងខាង អាច​វិល​ត្រឡប់​ចូល​ប្រទេស​រៀង​ៗ​ខ្លួន​វិញ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត មុន​យោធា​ថៃ សម្រេច​បិទ​ខ្ទប់​ច្រក​ទ្វារ​អន្ដរជាតិ​មួយ​នេះ ទាំងស្រុង បញ្ឈប់​ឲ្យ​មានការ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក ។

នៅ​ម៉ោង​ដូច​គ្នា​នេះ សម្រាប់​រថយន្ដ នៃ​ប្រទេស​ទាំង​ពីរ ក៏​ត្រូវ​បើក​ត្រឡប់​ទៅ​ប្រទេស​រៀង​ៗ​ខ្លួន​ផង​ដែរ តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ដឹក​ទំនិញ​អ្វី​ទាំងអស់ ។

ដោយឡែក សម្រាប់​ច្រក​ទ្វារ​តំបន់ ដែល​មាននៅ​ក្នុងភូមិ​សាស្ដ្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ គឺ​ភាគី​កម្ពុជា​-​ថៃ ឯកភាព​គ្នា​ទុក​ពេល​ត្រឹម ១​ម៉ោង​ប៉ុណ្ណោះ ពោល​នៅ​ម៉ោង​៥ ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃនេះ ពលរដ្ឋ​ត្រូវ​វិល​ត្រឡប់ ចូល​ប្រទេស​រៀង​ៗ​ខ្លួន​វិញ ហើយ​បញ្ឈប់​ឲ្យ​មានការ​ចេញចូល​ឆ្លងកាត់​បន្ដ​ទៀត ។

សូម​បញ្ជាក់​ថា យោធា​ថៃ កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ បាន​សម្រេច​បិទ​ជា​ឯកតោភាគី នូវ​ច្រកព្រំដែន​ទាំងអស់ ជាមួយ​កម្ពុជា ដោយ​យក​លេស​ស្ដី​ពី​កំណើន​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​រំលោភ​បំពាន​ព្រំដែន​ពី​កងទ័ព​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ