ខេត្តកណ្តាល ៖ បុរសម្នាក់ បើករថយន្តដឹកខ្សាច់ងងុយដេក រេចង្កូតពេញដងផ្លូវ បុករះតូបលក់កាហ្វេ បន្តទៅបុកបង្គោលភ្លើងរុញបុកផ្ទប់ចូលផ្ទះប្រជាពលរដ្ឋលក់សាច់ពពែ យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន០២នាក់រងរបួស ។
បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅក្បែងនោះ បាននាំគ្នាឃាត់អ្នកបើកបររថយន្ត រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន អោយចុះអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចផ្លូវ១១៥ (ជិតស្តុបA9) ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាក ភ្នំពេញ 3E-2298 ជាប្រភេទរថយន្តធុនធំដឹកខ្សាច់ បើកបរដោយឈ្មោះ ចែម សុខណា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ឆ្នាំង (រងរបួសស្រាល) បើកបរក្នុងទិសដៅពី លិចមកកើត ក្នុងស្ថានភាពងងុយដេក រេពេញដងផ្លូវ លុះជិតដល់កន្លែងកើតហេតុ ក៏គេបានឃើញរថយន្តនោះ បើករេធ្លាក់ផ្លូវម្ដងរួចហើយ ប៉ុន្តែនៅបន្តដំណើរមកមុខទៀត ខណៈមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតរថយន្តមកខាងស្តាំទៅបុកតូបលក់កាហ្វេយ៉ាងពេញទំហឹង បន្តទៅបុកបង្គោលភ្លើងបុកផ្ទប់ចូលផ្ទះប្រជាពលរដ្ឋតែម្តង បណ្តាលឲ្យម្ចាស់ផ្ទះ ឈ្មោះ សន ថារិន ភេទប្រុស អាយុ៤៩ឆ្នាំ រងរបួសស្រាលត្រូវដៃខាងឆ្វេង ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនអ្នកបើកបររថយន្ត យកធ្វើការសាកសួរ និងធ្វើការវាស់វែងយករថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ។
ចំពោះមូលហេតុ សមត្ថកិច្ចជំនាញលោកបានបញ្ជាក់ថា បណ្ដាលមកពីអ្នកបើករថយន្ត បើកបរខ្ជីខ្ជាមិនប្រុងប្រយ័ត្ន និងបើកបររថយន្តក្នុងស្ថានភាព ងងុយដេក ៕








ចែករំលែកព័តមាននេះ