រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ បានពុលថ្នាំមូសស្លាប់នៅបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីម្ដាយជាប់រវល់បោកខោអាវហើយកូនស្រីជាទីស្រឡាញ់បានយកកំពូលថ្នាំមូសខាំលេងបណ្ដាលឲ្យបែកហើយទឹកថ្នាំមូសចូលក្នុងមាត់។
ហេតុការណ៍ដែលមិននឹកស្មានដល់នេះបានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះមួយល្វែង ក្នុងបុរីគាឆេងលីម ស្ថិតក្នុងភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្មេងស្រីដែលពុលថ្នាំស្លាប់ឈ្មោះនី សុកាន់ធីថងត្រា អាយុ៣ឆ្នាំ ដែលមានឪពុកឈ្មោះម៉េង នីជាកម្មករសំណង់ និងម្ដាយឈ្មោះញ៉ែម ចន្ធី មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅលាម៉ោងប្រមាណ៦ ល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ ២០២៥ ខណៈពេលដែលឪពុកម្ដាយមកពីធ្វើការក៏បានទៅយកកូនដែលផ្ញើរទុកនៅសាលាឯកជនមួយកន្លែងដើម្បីទៅផ្ទះ ។ ខណៈពេលត្រឡប់មកដល់ផ្ទះវិញក៏រៀបចំបោកខោអាវ ហើយកូនបានយកអំពូលថ្នាំមូសដែលទុកក្នុងទូរមកខាំលេង បណ្ដាលឲ្យបែកហើយទឹកថ្នាំមូសបានចូលមាត់ក្មេង បណ្តាលអោយពុល។ ទោះបីជាយ៉ាងណាគេពុំដឹងឲ្យប្រាកដថា តើមូលហេតុអ្វីបានជាក្មេងនោះយកអំពូលថ្នាំមូសដែលទុកនៅក្នុងទូរទៅហើយមកខាំលេងបែបនេះ។
តាមព័ត៌មានឲ្យដឹងទៀតថា ភ្លាមៗក្រុមគ្រួសារបានបញ្ជូនក្មេងរងគ្រោះទៅមណ្ឌលសុខភាពពន្សាំង រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពតេជោសន្តិភាពហើយត្រូវក្រុមគ្រូពេទ្យលាងក្រពះតែអកុសលជាតិពុលជ្រាបពេញខ្លួនស្លាប់បាត់បង់ជីវិតនៅវេលាម៉ោងបប្រមាណ ៨និង៣០នាទីយប់។
ទាក់ទិនទៅនឹងករណីដ៏សោកសង្រេងនេះ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋបាលសង្កាត់ពន្សាំងបានអោយដឹងថា តាមការអះអាងរបស់ម្តាយកុមាររងគ្រោះ គឺកុមារនេះបានផឹកទឹកថ្នាំមូស បណ្តាលឱ្យពុលស្លាប់ ដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន រស់នៅភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ក្នុងនាមរដ្ឋបាលសង្កាត់ សូមចូលរួមសោកស្តាយ ដូចនេះស្នើសុំ មេភូមិគ្រប់ភូមិ ជួយផ្សព្វផ្សាយដល់ប្រជាជន ឱ្យប្រុងប្រយ័ត្នកុំឱ្យករណីបែបនេះកើតមានទៀត៕

ចែករំលែកព័តមាននេះ