ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះជាមួយ​អ្នករត់តាក់ស៊ីចា.ក់ប្រ.ហារ…​នគរ​បាល​តាមប្រមាញ់១យប់

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​រង​របួស​​​​ត្រូវ​​​បានគេ​បង្ហោះ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ដោយ​ប្រាប់​ថា ត្រូវ​ចោរ​ចាក់​បណ្ដាល​ឱ្យ​រង​របួស ពេល​ដឹក​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​តាក់ស៊ី​របស់​ខ្លួន​លើ​ផ្លូវជាតិ​លេខ​៧ កាលពី​វេលា​ម៉ោង​១០​និង​១៨​នាទី​យប់ ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ផ្កាយព្រឹក…

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​រង​របួស​​​​ត្រូវ​​​បានគេ​បង្ហោះ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ដោយ​ប្រាប់​ថា ត្រូវ​ចោរ​ចាក់​បណ្ដាល​ឱ្យ​រង​របួស ពេល​ដឹក​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​តាក់ស៊ី​របស់​ខ្លួន​លើ​ផ្លូវជាតិ​លេខ​៧ កាលពី​វេលា​ម៉ោង​១០​និង​១៨​នាទី​យប់ ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ផ្កាយព្រឹក ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្កំពង់ចាម ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក បាន​បើក​ការ​ស្រាវ​ជ្រាវ​តាម​បណ្ដោយ​ដងផ្លូវ និង​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ ទីបំផុត ​ជនសង្ស័យ​ម្នាក់​ត្រូវ​​​​បាន​ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​៩ តុលា ២០២៥ ពេល​ដែល​ជន​នេះ​​បាន​ធាក់​ម៉ូតូ​ពលរដ្ឋ​ផ្ដួល​នៅ​ក្នុង​ទឹកដី​ស្រុក​កំពង់សៀម ដើម្បី​ប្លន់ ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានហេតុ​​​ការណ៍ ជនល្មើស​ចាក់​អ្នកបើកបរ​រថយន្ត​តាក់​ស៊ី​ឱ្យ​រង​របួស​រួច​មក ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ បញ្ជា​ឲ្យ​កម្លាំង​នគរ​បាល​ក្រោម​ឱវាទ​នៅ​តាម​បណ្ដា​ប៉ុស្តិ៍​នានា ត្រូវ​ធ្វើការ​តាម​ប្រមាញ់​ជនសង្ស័យ​ទាំង​យប់ រហូត​​ដល់​ភ្លឺ តែ​មិន​បាន​ប្រទះ​ឃើញ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃឈរ​នោះ​ទេ ។

ទាក់ទិន​នឹង​ករណី​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​​ថា នៅ​វេលា​ម៉ោង​១០​និង​១៨​នាទី​យប់ ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ស្វែងរក​ជំនួយ​ពី​បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី​ថា ជន​សង្ស័យ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន ដោយ​ប្រើប្រាស់​កាំបិត​ចុង​ស្រួច​ចាក់​ឲ្យ​របួស​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ស្វែងរក និង​ប្រទះ​ឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​ម៉ាក​ព្រូស នៅ​ចំណុច​ភូមិ​ទួល​ពោន ឃុំ​មៀន ស្រុក​ព្រៃឈរ ។ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ខេត្តកំពង់ចាម ។

តាម​ការ​សាកសួរ​ព្រូឡាន​ដែល​ធ្វើ​ដំណើរ​ជា​​មួយ​គ្នាបាន​ឲ្យ​ដឹង​ថា មូលហេតុ​ឈាន​ដល់​ប្រព្រឹត្ត​អំពើ​ហិង្សា គឺ​បណ្ដាល​មក​ពី​មានការ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា ក្នុង​ការ​តថ្លៃ​មិន​ត្រូវ​គ្នា ដោយសារ​ដំបូង​ជនសង្ស័យ​បាន​និយាយ​ឲ្យ​ជូន​ដល់​ខេត្តកំពង់ចាម ក្នុង​តម្លៃ​១០​ដុល្លារ ។ លុះ​មក​ដល់​ចំណុច​ស្ពាន​ស្ទឹង​ប្រយោល ក្នុង​ដី​ស្រុក​ព្រៃឈរ ជនសង្ស័យ​បែរជា​ឱ្យ​ជន​រង​គ្រោះ​ជូន​ទៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​វិញ ក៏​កើតការ​ប៉ះ​សម្ដី​គ្នា ហើយ​ជនសង្ស័យ​ក៏​ដក​កូនកាំបិត​ចាក់​តែ​ម្ដង ។

តាម​ការ​ពិនិត្យ​នៅ​លើ​រថយន្ត​ឃើញ​ថា ពុំ​មាន​បាត់បង់​អ្វី​នោះ​ឡើយ ដូចនេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ហិង្សា ពុំ​មែន​ជា​ករណី​ប្លន់​ទេ ។ បន្ទាប់​មក​ កម្លាំង​សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ​ស្វែងរក និង​ចាប់​បាន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ហើយ​បាន​នាំ​ខ្លួន​មក​សួរនាំនៅ​​​​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ជន​សង្ស័យ​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្ម​ភាព​ដូច​ខាង​លើក​ពិតប្រាកដ​មែន ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុការណ៍​ខាង​លើ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ទិ​ត្យ រដ្ឋា ភេទ​ប្រុស អាយុ​ប្រហែល​៣៤​ឆ្នាំ បាន​ចាក់​ទៅ​លើ​ឈ្មោះ វ៉ា មក​រា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មុខរបរ​រត់​តាក់ស៊ី បណ្តាល​ឲ្យ​រង​របួស​ត្រង់​ស្មា និង​ត្រចៀក ឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ច សុខ​គឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ស្រុក​កំពង់សៀម រង​របួស​ក្បាល រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ភ្លាមៗ ។

រហូត​ដល់​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ ជនសង្ស័យ​រូប​នោះ បាន​ទៅ​ធាក់​ប្លន់​ម៉ូតូ​គេ​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ជ្រៃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។ ជនសង្ស័យ​រស់នៅ​ភូមិ​កណ្តោលជ្រុំ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ