សហរដ្ឋអាមេរិក ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ខ្លួនបានបណ្តេញមន្ត្រីការទូតម្នាក់ ជុំវិញការមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP និងសារព័ត៌មាន ABC News បានចេញផ្សាយ។
តាមរយៈករណីនេះ ត្រូវបានគេជឿថាជាការបណ្តេញចេញមន្ត្រីរដ្ឋាភិបាលអាមេរិកលើកដំបូង ទាក់ទងនឹងការហាមប្រាមការមានទំនាក់ទំនងបែបនេះ ដែលត្រូវបានដាក់ចេញ កាលពីចុងឆ្នាំ២០២៤ ក្រោមអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។
លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ត្រីការទូតអាមេរិកម្នាក់ដែលកំពុងសាកសួរ ត្រូវបានបណ្តេញចេញពីផ្នែកសេវាកម្មបរទេស បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានពិនិត្យករណីនេះ ហើយកំណត់ថា មន្ត្រីរូបនោះបានសារភាពថា ខ្លួនបានលាក់បាំងអំពីទំនាក់ទំនងស្នេហាជាមួយស្ត្រីជនជាតិចិន ដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន។
អ្នកនាំពាក្យដដែលបានបន្តថា ក្រោមការដឹកនាំរបស់លោក Marco Rubio ក្រសួងនឹងរក្សាគោលការណ៍មិនអត់ឱនចំពោះបុគ្គលិកណាម្នាក់ ដែលពាក់ព័ន្ធនឹងការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍មិនបានបង្ហាញអត្តសញ្ញាណមន្ត្រីការទូតរូបនោះឡើយ ប៉ុន្តែរូបមន្ត្រីការទូកម្នាក់នោះ និងមិត្តស្រីជាជនជាតិចិន ត្រូវបានបង្ហាញក្នុងវីដេអូលួចថតដោយសម្ងាត់ និងត្រូវបានបង្ហោះនៅលើបណ្តាញសង្គមដោយអ្នកនយោបាយអភិរក្សនិយម លោក James O’Keefe។
គួររំលឹកថា របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីដើមឆ្នាំនេះថា នៅថ្ងៃចុងក្រោយនៃការដឹកនាំរបស់ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក្រសួងការបរទេសអាមេរិក បានដាក់បំរាមលើមន្ត្រីរដ្ឋាភិបាលអាមេរិកទាំងអស់នៅក្នុងប្រទេសចិន ក៏ដូចជាសមាជិកគ្រួសារ ឬក៏អ្នកម៉ៅការផ្នែកសន្តិសុខពីការមានទំនាក់ទំនងស្នេហា ឬផ្លូវភេទណាមួយជាមួយពលរដ្ឋចិន។ នេះជាបំរាមដ៏កម្រដែលត្រូវបានអនុវត្តម្ដងទៀត ចាប់តាំងពីសង្គ្រាមត្រជាក់៕

ចែករំលែកព័តមាននេះ