បញ្ហាគេងមិនលក់ ឬភ្ញាក់កណ្តាលយប់ គឺជារឿងធម្មតាដែលមនុស្សភាគច្រើនតែងជួបប្រទះសព្វថ្ងៃ។ បញ្ហានេះច្រើនបណ្តាលមកពីស្ត្រេស ឬទម្លាប់នៃការគេងមិនល្អ។ បើអ្នកកំពុងស្វែងរកដំណោះស្រាយបែបធម្មជាតិ គួរតែសាកល្បងផឹក “ទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗ” មួយកែវមុនពេលចូលគេង។
ហេតុអ្វីបានជាទឹកឃ្មុំជួយឱ្យអ្នកគេងលក់ស្រួល?
ជួយឱ្យខួរក្បាល និងរាងកាយសម្រាក៖ ការផឹកទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗ នឹងជួយសម្រួលសរសៃប្រសាទ និងសាច់ដុំក្នុងរាងកាយឱ្យបានធូរស្រាល។ ភាពកក់ក្តៅរបស់ទឹក ជួយសម្រួលរាងកាយឱ្យស្ងប់ និងត្រៀមខ្លួនសម្រាប់គេង។
ជំរុញការផលិតអ័រម៉ូន Serotonin និង Melatonin៖ ទឹកឃ្មុំមានជាតិស្ករធម្មជាតិ ដែលជំរុញខួរក្បាលឱ្យផលិតអ័រម៉ូន Serotonin ជាអ័រម៉ូនដែលជួយឱ្យអារម្មណ៍ល្អ។ ក្រោយមក Serotonin នឹងប្រែជាអ័រម៉ូន Melatonin ដែលជាអ័រម៉ូនសំខាន់សម្រាប់គ្រប់គ្រងវដ្តនៃការគេង។
រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព៖ ទោះបីទឹកឃ្មុំជាជាតិស្ករ ប៉ុន្តែវាជាជាតិស្ករធម្មជាតិដែលជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីនបានល្អក្នុងពេលគេង។ វាក៏ជួយការពារការឃ្លានអាហារ ឬការភ្ញាក់ពីដំណេកពេលយប់ដោយសារតែជាតិស្ករក្នុងឈាមធ្លាក់ចុះ។
វិធីសាស្ត្រងាយៗដើម្បីធ្វើភេសជ្ជៈពិសេសនេះ
រៀបចំទឹកក្តៅឧណ្ហៗមួយកែវ (ប្រហែល ២០០ មិលី្លលីត្រ)។
លាយជាមួយទឹកឃ្មុំសុទ្ធមួយស្លាបព្រាបាយ។
កូរឱ្យសព្វ ហើយផឹកប្រហែល ៣០ នាទីមុនពេលចូលគេង។
ការផឹកទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗជាប្រចាំ គឺជាជម្រើសធម្មជាតិដ៏ល្អមួយផ្សេងទៀត ដែលអាចជួយឱ្យអ្នកគេងលក់កាន់តែជ្រៅ ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំងងុយគេងឡើយ។ តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីសាកល្បង?
ចែករំលែកព័តមាននេះ