រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឲ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។ បន្ថែមពីនេះ ដើម្បីដោះស្រាយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងការសាងសង់ ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ផងដែរ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ តុលានេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញ យើងបាននិងកំពុងធ្វើការស្ដារ លូ ប្រឡាយ ក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយពេលនេះយើងដោះស្រាយបានមួយកំរិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំ ក្នុងកម្រិតណាក៏ដោយ ពោលគឺអាចដោះស្រាយលិចលង់បាន ក្នុងរយៈពេលខ្លីមិនច្រើនម៉ោងដូចកាលពីមុនទេ ។
លោកបានបន្តទៀតថា ការស្ថាបនាប្រព័ន្ធលូ ប្រឡាយ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលក្រោមការណែនាំពីសម្ដេចបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យរាជធានីភ្នំពេញ ដោះស្រាយបាននូវការលិចលង់បានមួយកម្រិតធំថែមទៀត។ជាក់ស្ដែងនៅផ្នែកខាងជើង ឆៀងខាងលិចរាជធានីភ្នំពេញ ដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។ ចំណែកនៅភាគខាងត្បូង ឆៀងខាងកើតរាជធានីភ្នំពេញវិញ យើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់ ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍វិញ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ តេជោចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមករាជធានីភ្នំពេញ និងផ្លូវចូលក្រុង ផងដែរ ។
លោក ឃួង ស្រេង បញ្ជាក់ថា បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោង នៃស្ថាបនាផ្លូវអាកាស និងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់ ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងបញ្ហាការប្រមូលសំរាមនៅរាជធានីភ្នំពេញ បានល្អហើយមិនកកស្ទះទៀតទេ។ លោកបានជំរុញឲ្យសហគ្រាសគ្រប់គ្រងសំរាមធ្វើការពិនិត្យ សិក្សាឡើងវិញ ហើយរកមូលហេតុ ជុំវិញប្រជាពលរដ្ឋ ដែលមិនព្រមបង់ថ្លៃសំរាម។ ចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញរក្សាតម្លៃសំរាមដដែល មិនមានគម្រោង នៃការតម្លើងថ្លៃនោះទេ។ កន្លងមក្រុមហ៊ុនស៊ិនទ្រី កំណត់តម្លៃសំរាមខុសឆ្គងដូចជាផ្ទះល្វែងខ្លះ១៥ ដុល្លារ១ខែ។ ដូច្នេះសហគ្រាសគ្រប់គ្រងសំរាម ត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញ ធ្វើម៉េចឱ្យសមរម្យ ដើម្បីជំរុញឲ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឱ្យបានទាំងអស់គ្នា ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈអភិបាលរាជធានី និងរដ្ឋបាលរាជធានីភ្នំពេញក្នុងខែកញ្ញាកន្លងមក ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានធ្វើការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរាបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ។ ក្នុងនោះរដ្ឋបាលរាជធានី ក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈ បានល្អហើយប្រជាពលរដ្ឋសប្បាយរីករាយដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង ៕


ចែករំលែកព័តមាននេះ