រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង អាចស្ថាបនាផ្លូវអាកាស ចាប់ពីរង្វង់មូលគួស្រូវ ហោះពីលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ ក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះចរាចរណ៍ ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមករាជធានីភ្នំពេញ និងផ្លូវចូលក្រុងផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បើការកកស្ទះចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាស និងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់៕








ចែករំលែកព័តមាននេះ