ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​កុំ​មិន​វែ​ល​ដូ​មី​នី​ក ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីក​ចម្រើន

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ វិមាន​សន្តិភាព​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម រ៉ូ​សឺ​វែ​ល ស្កឺ​រីត…

រាជធានី​ភ្នំពេញ ៖ វិមាន​សន្តិភាព​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម រ៉ូ​សឺ​វែ​ល ស្កឺ​រីត (Roosevelt Skerrit) នាយក​រដ្ឋមន្ត្រី​ នៃ​កុំ​មិន​វែ​ល​ដូ​មី​នី​ក និង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុង​ឱកាស​ នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥​ ។

ជា​កិច្ច​ចាប់ផ្តើម​, សម្តេច​បវរ​ធិ​បតី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បវរ​ធិ​បតី ​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​ការងារ​នេះ​ថា ជា​កាលានុវត្តភាព​ដ៏​សំខាន់ ដើម្បី​ពង្រឹង និងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។ សម្តេច​បវរ​ធិ​បតី​ បាន​បន្ថែម​ថា ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​១៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។

ជា​ការ​ឆ្លើយ​តប​, ឯកឧត្តម​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​, ប្រជាជន​កម្ពុជា និង​សម្តេច​បវរ​ធិ​បតី ដែល​បាន​ផ្តល់​ការ​ទទួល​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាព​កក់ក្តៅ និង​ស្និទ្ធស្នាល​។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​កម្ពុជា ព្រមទាំង​បាន​បង្ហាញ​ជំនឿ​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​ចក្ខុវិស័យ របស់​សម្តេច​បវរ​ធិ​បតី ប្រទេស​កម្ពុជា​នឹង​កាន់តែ​មានការ​អភិវឌ្ឍ​រីក​ចម្រើន និង​វិបុលភាព បន្ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​, ឯកឧត្តម​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ និង​មាន​ជំនឿ​ជាក់​ថា កិច្ច​សហប្រតិបត្តិការ​នឹង​កាន់តែ​រីក​ចម្រើន និង​ស៊ីជម្រៅ ថែម​ទៀត​ ។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ នា​ថ្ងៃនេះ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​វិស័យ​សក្តានុពល​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​។ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព និង​លើកទឹកចិត្ត​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ជា​ពិសេស តាម​រយៈ​យន្តការ​ពិគ្រោះ​យោបល់​នេះ​ ។

ប្រមុខ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ រួម​មាន​ជា​អាទិ៍​៖ នយោបាយ​-​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​, សម្តេច​បវរ​ធិ​បតី​បាន​ជម្រាប​ជូន​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញា​ដែល​ស្រាប់ និង​ច្បាប់​អន្តរជាតិ​។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ឯកឧត្តម​បាន​យល់​ច្បាស់​ពី​បញ្ហា​នេះ និង​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ដោយ​សន្តិវិធី​ ។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្លាស់​ប្តូរ «​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​» ដែល​យន្តការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង និង​ផ្តោត​លើ​ប្រធានបទ​៖ (១) នយោបាយ ការទូត កុងស៊ុល និង​សន្តិសុខ​, (២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​, និង (៣) វប្បធម៌ បរិស្ថាន ការ​អប់រំ បណ្តុះបណ្តាល ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ