ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ រងគ្រោះដោយសារទឹកជំនន់ និងបាក់ច្រាំងទន្លេ នៅស្រុកកំពង់សៀម ទទួលបានអំណោយមនុស្សធម៌តាមរយៈអាជ្ញាធរខេត្តកំពង់ចាម។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលានេះ បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំ សមាជិក សមាជិកា កាកបាទក្រហមខេត្ត នាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនហ៊ុន សែន ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥៤គ្រួសារ រស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចូលរួមកាត់បន្ថយការលំបាក និងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ទៅលើកូនចៅ កុំឱ្យលេងទឹកទន្លេកំពុងឡើងខ្លាំង អាចបង្កគំរាមកំហែង ដល់អាយុ ជីវិតកូនចៅរបស់បងប្អូន លោកយាយ លោកតា។
ជាមួយគ្នានោះ ឯកឧត្តម ក៏ណែនាំដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រី ត្រូវប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង ហើយឆាប់វិលត្រលប់ភ្លាម បើសិនឃើញស្ថានភាពមិនស្រួលឆាប់រកកន្លែងសុវត្ថិភាពជាបន្ទាន់ ដើម្បីធានាថាកូនចៅរបស់ លោកយាយ លោកតា មានសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។
ទន្ទឹមនោះដែរ ឯកឧត្តម ក៏បានចូលរួមសោកស្តាយ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារ បាក់ច្រាំងទន្លេ បានរុះរើផ្ទះចេញពីកន្លែងគ្រោះថ្នាក់ ហើយក៏សុំឱ្យស្នាក់នៅកន្លែងទីទួលសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីទឹកស្រកវិញ សុំខិតខំ ប្រឹងប្រែង ប្រកបរបរ រកស៊ីបន្តទៅទៀត ទុកសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយសុំបរិភោគ អាហារស្អាត ផឹកស្អាត រស់នៅស្អាតមបរិស្ថានស្អាត ដើម្បីគ្រួសារចៀសផុតពីជំងឺផ្សេងៗ៕
ចែករំលែកព័តមាននេះ