ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​កីឡាករ​ឆ្នើម​5​រូប​ដែល​ស៊ុត​បាល់​បញ្ចូល​ទីបាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ WORLD CUP

5 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក (FIFA World Cup) ២០១៨ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​រុ​ស្ស៊ី​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ខាង​មុខ​នេះ…

ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក (FIFA World Cup) ២០១៨ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​រុ​ស្ស៊ី​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ខាង​មុខ​នេះ មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣០​មក​ម៉្លេះ ។ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​កីឡាករ​ឆ្នើម​រូប​ណា​អាច​បំបែក​កំណត់​ត្រា​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ World Cup របស់​អតីត​កំពូល​ខ្សែប្រយុទ្ធ​ជើង​ចាស់​ពី​មុន​ៗ​នៅឡើយ​ទេ ។ ខាងក្រោម​នេះ គឺជា​ឈ្មោះ​សមាសភាព​អតីត​កីឡាករ​ដែល​ត្រូវ​បាន FIFA ចងក្រង​ជា​កំណត់​ត្រា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នា​ពេល​កន្លង​មក ដោយ​គិត​ចាប់ពី​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​៣២​ក្រុម​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ (​មិន​រាប់​ប​ញ្ជូ​ល​វគ្គ​ជម្រុះ​បឋម​ក្នុង​តំបន់​)៖

១-​កីឡាករ Miroslav Klose (១៦​គ្រាប់​)៖

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​អំឡុង​ឆ្នាំ​២០០១ ដល់​២០១៤ កីឡាករ Miroslav Klose បាន​បង្ហាញខ្លួន​ឱ្យ​អា​ល្លឺ​ម៉​ង់​ចំនួន ១៣៧​ប្រកួត និង​ស៊ុត​បាន​៧១​គ្រាប់​គិត​គ្រប់​កម្មវិធី ។ បច្ចុប្បន្ន​លោក Miroslav Klose មាន​អាយុ​៣៩​ឆ្នាំ និង​ធ្លាប់​លេង World Cup បាន​ចំនួន​៤​ដង (២០០២, ២០០៦, ២០១០, ២០១៤) ដោយ​រកបាន​១៦​គ្រាប់​ធ្វើ​ឱ្យ​រូប​លោក​ហក់​ឡើង​កាន់កាប់​តំណែង​លេខ​១​មក​ទល់​ពេល​នេះ ។

២-​កីឡាករ ​Ronaldo (១៥​គ្រាប់​) ៖

វីរបុរសប្រេ​ស៊ី​ល Ronaldo វ័យ​៤១​ឆ្នាំ ធ្លាប់តែ​ឈរ​នៅ​កំពូល​តារាង​ជិត​១​ទស​វត្ស ត្រូវ​បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​២​វិញ បន្ទាប់​ពី​កីឡាករ Miroslav Klose ស៊ុត​គ្រាប់​ទី​១៦​របស់​ខ្លួន​ជួយ​អា​ល្លឺ​ម៉​ង់​ឈ្នះ​ប្រេ​ស៊ី​ល​៧​ទល់​នឹង​១​កាលពី​ឆ្នាំ​២០១៤ ។ Ronaldo បាន​ចូលរួម​លេង​ជា​ខ្សែប្រយុទ្ធ​ឱ្យ​ក្រុម​ជម្រើសជាតិ​ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​២០១១ ចំនួន​៩៨​ប្រកួត ស៊ុត​បាន​៦២​គ្រាប់ ។ រីឯ​១៥​គ្រាប់​នៅ World Cup វិញ Ronaldo រកបាន​ក្នុង​អំឡុង​វត្តមាន​រដូវ​កាល​ឆ្នាំ​១៩៩៨, ២០០២ និង ២០០៦ ។

៣-​កីឡាករ Gerd Muller (១៤​គ្រាប់​)៖

អតីតខ្សែប្រយុទ្ធ Gerd Muller បាន​ចូលរួម​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ខាងលិច​នៅ​ឆ្នាំ ១៩៦៦​ដល់​ឆ្នាំ​១៩៧៤ ដោយ​បង្ហាញខ្លួន​បាន​៦២​លើក តែ​ស៊ុត​បាន​៦៨​គ្រាប់ ។ ឈ្មោះ​របស់​លោក​នៅ​តែ​ចារ​ជាប់​ក្នុង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ដដែល បើ​ទោះជា​វត្តមាន​របស់​លោក​បាន​ឃ្លាតឆ្ងាយ​ពី​ព្រឹត្តិការណ៍ World Cup​អស់​ជា​ច្រើន​សម័យកាល​ហើយ​ក្តី ។ គួរ​បញ្ជាក់​ថា ១៤​គ្រាប់​របស់​លោកតា​អាយុ​៧២​ឆ្នាំ​ខាងលើ រកបាន​ត្រឹមតែ​២​រដូវ​កាល​ប៉ុណ្ណោះ​នៅ​ឆ្នាំ​១៩៧០ និង​១៩៧៤ ។

៤-​កីឡាករ Just Fontaine (១៣​គ្រាប់​)៖

លោកតា Just Fontaine បច្ចុប្បន្ន​មាន​អាយុ​៨៤​ឆ្នាំ ធ្លាប់​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង​តាំងពី​ឆ្នាំ​១៩៥៣ ដល់​១៩៦០ និង​លេង​បាន​តែ​ចំនួន​២១​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​ស៊ុត​បាន​៣០​គ្រាប់ ។ ម្យ៉ាងទៀត អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup តែ​ម្តង​គត់​កាលពី​ឆ្នាំ​១៩៥៨ លេង​បាន​៦​ប្រកួត និង​រកបាន​១៣​គ្រាប់​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។

៥-​កីឡាករ Pele (១២​គ្រាប់​) ៖

វីរបុរស​ប្រេ​ស៊ី​ល​ជំនាន់​សតវត្ស​ទី​២០ Pele ដែល​ល្បី​រន្ទឺ​ខ្លាំង​នា​សម័យ​នោះ នៅ​តែ​អាច​រក្សា​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ដដែល បន្ទាប់​ពី​រកបាន​១២​គ្រាប់​អំឡុង​វត្តមាន​ឆ្នាំ​១៩៥៨, ១៩៦២, ១៩៦៦ និង​១៩៧០ ។ អតីត​ខ្សែប្រយុទ្ធ​វ័យ​៧៧​ឆ្នាំ​រូប​នេះ​មានឈ្មោះ​លេង​នៅ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​១៩៥៧ រហូត​ដល់​ឆ្នាំ​១៩៧១ ដោយ​បង្ហាញខ្លួន​បាន​៩២​ប្រកួត និង​ស៊ុត​បាន​៧៧​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ